• 2019-09-07 01:00:00
  • ព័ត៌មាន

៨ យ៉ាង​មិន​បាច់​ចេញ​ក្រៅ​ពេល​មេឃ​ភ្លៀង​ ក៏​អារម្មណ៍​ស្រស់ស្រាយ

  • 2019-09-07 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធុញ​ទ្រាន់​មែន​ទេ? ពេល​មេឃ​ភ្លៀង​ម្ដងៗ​ចេញ​ទៅ​ណា​ក៏​មិន​​កើត នៅ​តែ​ផ្ទះ​មិន​ដឹង​ធ្វើ​អី។ កុំ​ព្រួយ​ទោះបី​ជា​នៅ​ផ្ទះ​​ក៏​អាច​អោយ​អ្នក​មាន​អារម្មណ៍​សប្បាយ​រីករាយ​ ក្នុង​ការ​ចំណាយ​ពេល​ឈប់​សម្រាក​នៅ​ផ្ទះ​នារ​ពេល​មេឃ​ភ្លៀង​បាន​ដែរ។

ទាំងនេះ ជាសកម្មភាព​មួយចំនួន​ដែល​អ្នក​អាច​ធ្វើ​ពេល​នៅ​ផ្ទះ ៖

១. យក​ពេល​មក​ថែរក្សា​សម្រស់

ឆ្លៀត​ពេល​ ថែរក្សា​សម្រស់​ទាន់​ទំនេរ​នៅ​ផ្ទះ​មិន​ដឹង​ថា​ធ្វើ​អ្វី។ អ្នក​អាច​សាក​ល្បង​ធ្វើ​ម៉ាស​បិទមុខ​ធម្មជាតិ​តាម​ YouTube ពីវិធី​របស់​ Blogger ផ្នែក​ថែរក្សា​សម្រស់​ជា​ច្រើន។ តួយ៉ាង​ការ​ចំណាយ​លុយ​​ ក៏​មិន​សូវ​ជា​ច្រើន​ប៉ុន្មាន​ដែរ​ព្រោះ​ អ្នក​អាច​យក​ផលិតផល​ធម្មជាតិ​ដែល​មាន​តម្លៃ​សមរម្យ​មក​ប្រើ។ តែ​កុំ​ភ្លេច​ស្រាវជ្រាវ​តាម​អ៊ីនធឺណិត និង​ធ្វើតេស្ត​ជាមុន​សិន​ មុន​នឹង​សាកល្បង​ប្រើប្រាស់។

​​​២. ពេល​ល្អ​សម្រាប់​គេង

មេឃ​ភ្លៀង​ជា​ពេល​ល្អ​ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​មាន​អារម្មណ៍​ ងងុយ​គេង ហើយ​ក៏​ជា​ពេល​ដែល​​គេង​លក់​ស្រួល​ផង​ដែរ។ យ៉ាង​ណា​មិញ អ្នក​បាន​មមាញឹក​ពី​ការងារ​ និង​ការសិក្សា ហេតុនេះ​ឆ្លៀត​ពេល​ដែល​ភ្លៀង​ទៅ​ណា​មិន​កើត អ្នក​អាច​បំពេញ​ថាមពល​អ្នក​ឲ្យ​ពេញ ដោយ​ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់។

៣. កម្សាន្ត​សប្បាយ​ជាមួយ​បងប្អូន

ឱកាស​ពិសេស​ដែល​បងប្អូន​ កូនចៅ​នៅ​ផ្ទះ​គ្រប់​គ្នា អ្នក​មិន​គួរ​ចំណាយ​ពេល​លើ​តែ​ ស្មាតហ្វូន​នោះ​ទេ។ តែ​អ្នក​អាច​រក​ល្បែង​កម្សាន្ត​ណា​ដែល​បង្ក​ឲ្យ​បរិយាកាស​កាន់​តែ​សប្បាយ ព្រមទាំង​បង្កើន​ភាព​ស្និត​ស្នាល​ជា​មួយ​បងប្អូន​ថែមទៀត​ផង។

៤. មើល​ទូរទស្សន៍ ជា​ពេល​ដែល​ត្រូវ​ម៉ាច់​តែ​ម្ដង

អ្នក​ណា​ខ្លះ​រវល់​សូម្បី​តែ​រឿង​ភាគ​ក៏​មិន​បាន​មើល ពេល​មេឃ​ភ្លៀង​ទាញ​យក​រឿង​ល្បីៗ​មក​មើល​ឲ្យ​អស់​មក។ ធានា​ថា​ទោះ​មិន​បាន​ចេញ​ទៅ​ណា ក៏​មិន​មាន​អារម្មណ៍​​អផ្សុក​ដែរ។ ​​​​​​​​​​​​​​​​​មើលរឿង​បណ្ដើរ ញ៉ាំ​នំ​បណ្ដើរ​ ពិត​ណាស់​ជា​ពេល​ដែល​អ្នក​នឹង​មាន​អារម្មណ៍​ថា​មាន​ក្ដី​សុខ។

៥. មេឃ​ភ្លៀង​ក៏​អាច​បែក​ញើស

គ្រាន់តែ​មេឃ​ភ្លៀង​នៅ​ខាង​ក្រៅ​ មិនមែន​បាន​ន័យ​ថា​អ្នក​មិន​អាច​បែក​ញើស​បាន​ទេ។ ឆ្លៀត​ពេល​ហាត់​ប្រាណ​នៅ​ផ្ទះ ស្ដាប់​បទ​ចម្រៀង​បណ្ដើរ​ហាត់​បណ្ដើរ ជា​មួយ​នឹង​អាកាសធាតុ​ត្រជាក់​ស្រួល​បែប​នេះ ច្បាស់​ណាស់បាន​ទាំង​សុខភាព​ផ្លូវកាយ​និង​ផ្លូវ​ចិត្ត។

៦.ទិញ​របស់​តាម​អនឡាញ

ស្រីៗ​ចូល​ចិត្ត​ដើរ​ផ្សារ​ទិញ​ឥវ៉ាន់។ បើខកខាន​មិនបាន​ទៅ​ផ្សារ​ក៏​មិន​អី​ដែរ អ្នក​នៅ​តែ​អាច​ទិញ​របស់​ដែល​អ្នក​ចូល​ចិត្ត​តាម​អនឡាញ​។ ម្យ៉ាង​បច្ចុប្បន្ន​ ទី​ផ្សា​អនឡាញ​ក៏​មាន​ច្រើន អ្នក​អាច​ចំណាយ​ពេល​រក​មើល​នៅ​តាម​គ្រប់ផេក​ដែល​មាន​ដាក់​លក់​។ ឯ​ការ​ដឹកជញ្ជូន​កាន់​តែ​ងាយ​ស្រួល​ ព្រោះ​ក៏​មាន​សេវា​ដឹកជញ្ជូន​ឲ្យ​ដល់​ផ្ទះ។

៧. ញ៉ាំ​របស់​ដែល​ធ្វើ​ខ្លួន​ឯង

មិន​បាច់​ចេញ​ក្រៅ អ្នកអាចនៅ​ផ្ទះ​ធ្វើ​ម្ហូប​ខ្លួន​ឯង​ចំណាយ​លុយ​តិច ហើយ​បាន​ញ៉ាំ​ម្ហូប​ដែល​មាន​អនាម័យ​ទៀត។ ជាង​នេះ ​អ្នក​ក៏​អាច​សាក​ល្បង​រៀន​ធ្វើ​ម្ហូប​ថ្មីៗ តាម​អនឡាញបាន។

​៨. ជួសជុល​របស់​ខូច​ និង​កែ​​ច្នៃ​ប្រើ​ម្ដង​ទៀត

អ្នក​អាច​រៀន​កែ​ច្នៃរបស់​ចាស់​នៅ​ក្នុង​ផ្ទះ មក​ក្លាយ​ជា​របស់​ថ្មី។ ដូច​ដែល​អ្នក​ធ្វើ Blog DIY ​ជា​ច្រើន​ បាន​បង្ហាញ​ពី​របៀប​កែច្នៃ​របស់​ចាស់ៗ មក​រៀប​ចំ​ផ្ទះ​អោយ​កាន់​តែ​ស្អាត​ និង​មាន​ប្រយោជន៍៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់