• 2019-08-23 06:56:55
  • ព័ត៌មាន

ទឹកប្រាក់​ជាង​ ៤៥លានរៀលត្រូវ​បានបរិច្ចាគទៅកម្មវិធី​ពិនិត្យ​ និង​ព្យាបាល​ភ្នែក​-​ធ្មេញ ដោយ​ឥត​គិត​ថ្លៃ​

  • 2019-08-23 06:56:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ធនាគារ ស៊ី​អាយ​អិម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) បាន​ចូល​រួម​ជា​មួយ​ធនាគារ​ជាតិ​ នៃ​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស​ ធនាគារ​ជាតិ នៃ​កម្ពុជា ក្នុង​កម្មវិធី​ពិនិត្យ​ និង​ព្យាបាល​ភ្នែក​-​ធ្មេញ ដោយ​ឥតគិតថ្លៃ ព្រម​ទាំង​បាន​បរិច្ចាគ​ប្រាក់​ចំនួន ៤៥.៧០០.០០០ រៀល​ទៀត​ផង​។

​កាលពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ ថ្នាក់​ដឹក​នាំ និង​បុគ្គលិក​របស់​ ធនាគារ​ CIMB ប្រមាណ​ ៧០​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត ចូល​រួម​ក្នុង​កម្មវិធី​ពិនិត្យ​ និង​ព្យាបាល​ភ្នែក​-​ធ្មេញ ដោយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត មក​ពី​ប្រទេស​អូស្ត្រាលី​ ជូន​ប្រជា​ពល​រដ្ឋ ចំនួន​ ៤៤១ មកពី​ស្រុក​សន្ទុក ខេត្ត​កំពង់​ធំ និង​មក​ពី​ខេត្ត​ផ្សេងៗ​ទៀត​។

​លោក ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ របស់​ធនាគារ CIMB បាន​ឲ្យ​ដឹង​ថា ការ​ឧបត្ថម្ភ ដល់​កម្មវិធី​ព្យាបាល​ភ្នែក និង​ធ្មេញ​នេះ គឺ​ដើម្បី​រួម​ចំណែក​លើកកម្ពស់​សុខុមាលភាព​ភ្នែក​ភ្នែក និង​ធ្មេញ របស់​ប្រជា​ពល​រដ្ឋ​ក្រីក្រ ដែល​មាន​ការ​ខ្វះ​ធនធាន​។​

​លោក​ថ្លែង​ថា ៖« ភ្នែក និង​ធ្មេញ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ ដែល​ជួយ​ផ្ដល់​នូវ​សុខុមាលភាព និង​សម្រួល​ដល់​បន្ទុក​របស់​ប្រជា​ប្រជា​ជន​ទាំង​នោះ ហើយ​ទី​បញ្ចប់​នឹង​នាំ​ឲ្យ​ពួកគាត់​មាន​លទ្ធភាព​ប្រកប​អាជីវកម្ម ចិញ្ចឹម​គ្រួសារ​របស់​ពួកគាត់​»​។

​លោក​បន្ត​ថា ៖« ការចូលរួម​របស់​ធនាគារ​យើង​ខ្ញុំ គឺ​រួម​ទាំង​កម្លាំងកាយ​ចិត្ត​របស់​បុគ្គលិក និង​ថ្នាក់ដឹកនាំ ព្រម​ទាំង​ថវិកា​របស់​ធនាគារ ដែល​ដក​ចេញពី​មួយ​ផ្នែក នៃ​ប្រាក់​ចំណេញ​របស់​ធនាគារ​»​។​

​ការ​ព្យាបាល​នេះ​ដោយ​អត់​គិត​ថ្លៃ​មួយ​នេះ គឺ​ត្រូវ​ធ្វើឡើង​នៅ​ក្នុង​រយះ​ពេល​ ៣ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២១ នៅ​​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត ខណៈ​ការ​ពិនិត្យ និង​ព្យាបាល​ភ្នែក គឺ​ធ្វើ​នៅ​ឯ​គ្លីនិក​ទន្តសាស្ត្រ​ពុទ្ធិសាស្ត្រ​។

​ក្នុង​នោះ​ផង​ដែរ លោកស្រី សឹម សា​វឿន មាន​វ័យ ៥៥ ឆ្នាំ ដែល​បាន​ទទួល​ការ​ព្យាបាល​ភ្នែក ក្នុង​កម្មវិធី​សប្បុរសធម៌​នេះ បាន​រៀប​រាប់​ឲ្យ​ដឹង​ថា លោកស្រី​ពិតជា​សប្បាយចិត្ត​ណាស់ ក្រោយពី​ទទួល​បាន​ការ​ព្យាបាល​ភ្នែក​ម្ខាង​រួច ព្រោះ​ភ្នែក​ខ្ញុំ​ឈឺផ្សា​រាប់​ឆ្នាំ​មក​ហើយ​។​

​លោកស្រី​ថា ៖« បើ​សិន​ភ្នែក​ដែល​ព្យាបាល​ហើយ មាន​ភាព​ល្អ​ប្រសើរ ខ្ញុំ​នឹង​បន្ត​ព្យាបាល​ម្ខាង​ទៀ​ត ពេល​ក្រោយ ហើយ​នឹង​ណែនាំ​បង​ប្អូន​ឲ្យ​មក​ព្យាបាល​ផង​ដែរ​។ ខ្ញុំ​សូម​អរគុណ​ជា​ខ្លាំង ដល់​អ្នក​ឧបត្ថម្ភ​ទាំងអស់ ដែល​បាន​ព្យាបាល ឥតគិតថ្លៃ​នេះ ដល់​រូប​ខ្ញុំ​»​។​

​បញ្ជាក់​ផង​ដែ​រថា រយៈពេល​ជិត​១០​ឆ្នាំ​កន្លង​មក​នេះ ធនាគារ CIMB បាន​ចូលរួម​សកម្មភាព​សប្បុរសធម៌​ជាច្រើន ដែល​រួមមាន​វិស័យ​សំខាន់ៗ ដូចជា​វិស័យ​អប់​រំ វិស័យ​សុខាភិបាល វិស័យ​សង្គម​កិច្ច ព្រម​ទាំង​ផ្នែក​បរិស្ថាន ដោយ​ធនាគារ​បាន​ចូលរួម​ដាំ​កូនឈើ នៅ​វិទ្យាល័យ ឧដុង្គ​ជាដើម​។​ ​ ​ ​ ​

អត្ថបទ៖ អ៊ឹង ម៉េងគង់

មតិយោបល់