• 2019-08-23 01:58:47
  • ព័ត៌មាន

ឯកអគ្គរាជទូតជប៉ុន​ចប់អាណត្តិលើក​ប៉ុន្មាន​ចំណុចពី​អនាគត​ទីក្រុង​ភ្នំពេញ​

  • 2019-08-23 01:58:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាន​ទូត​ជប៉ុន​ប្រ​ចាំ​កម្ពុជា​កាលពី​ល្ងាច​ម្សិល​មិញ​បាន​រៀបចំកម្មវិធីជប់​លៀង​ក្នុងឱកាស​បញ្ចប់​បេសកកម្មការ​ទូត​នៅ​កម្ពុជា​របស់​ឯកឧត្តម​ឯកអគ្គរាជទូត​ ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ដែល​នឹង​ត្រូវ​ចាក​ចេញ​ពី​ភ្នំពេញ​នៅ​សប្ដាហ៍​ក្រោយ​។​

​ពេល​ចាប់​ផ្ដើម​សុទ្ទរកាឋា​ជា​ភាសាខ្មែរ និង​អង់គ្លេស​ ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) បាន​ផ្ដើម​ដោយ​ឃ្លា​មួយ​ថា​សុទ្ទរកឋា​ដែល​ឯកឧត្តម​នឹង​ថ្លែងជា​ភាសា​ខ្មែរ​នេះជា​សុទ្ទរកឋា​ចុងក្រោយ​របស់​ឯកឧត្តម។

ឯកឧត្តម​ថ្លែងជាភាសាខ្មែរ​មួយ​ៗ​​ថា៖ «ខ្ញុំ​មានអារម្មណ៍​សោក​ស្តាយ​បន្តិច ប៉ុន្តែ​ក៏មាន​អារម្មណ៍​ធូរ​ស្រាល​ផងដែរ ដើម្បីជំរាប​ជូន​ថា​នេះជា​សុន្ទរកឋាជា​ភាសាខ្មែរ​លើក​ចុង​ក្រោយ​ខ្ញុំ​»។

ថ្វី​ដ្បិត​នេះ​ជា​សុទ្ទរកឋា​ជាភាសា​ខ្មែរ​ចុង​ក្រោយ​របស់​ឯកឧត្តម​ក៏ពិត​មែន តែ​ឯកឧត្តម​នៅ​បង្ហាញ​ក្ដី​សង្ឃឹមថា​នៅ​ថ្ងៃណា​មួយ​ឯកឧត្តម​នឹង​បាន​ថ្លែង​សុន្ទរកឋាជា​ភាសា​ខ្មែរ​ម្ដង​ទៀត។

ឯកឧត្តម​ថ្លែង​បន្តថា៖ «ខ្ញុំ​នឹង​ភរិយា​នឹង​ចាក​ចេញពីទីក្រុង​ភ្នំពេញ​​នៅ​សប្ដាហ៍​ក្រោយនេះ ក៏​ប៉ុន្តែ​សម្រស់នៃ​ប្រទេស​កម្ពុជាបាន​ផ្ដល់​ក្ដី​ស្រមៃ​ដល់​យើង​ខ្ញុំ​ថា​នឹង​ត្រឡប់​មក​កាន់​ទឹក​ដី​ដ៏អស្ចារ្យនេះ​ជា​ថ្មី​នា​ថ្ងៃអនាគត។ រាជធានី​ភ្នំពេ​ញ​នឹ​ងប្រែ​មុខមាត់​ថ្មីនៅ​ប៉ុន្មាន​ឆ្នាំខាង​មុខ ជាមួយ​នឹង​ព្រលាន​យន្ត​ហោះ​ថ្មី អាគារខ្ពស់ៗជា​ច្រើន ព្រម​ទាំង​ប្រ​ព័ន្ធ​ដឹកជញ្ជូន​សាធារណថ្មីៗ។ ខ្ញុំ​អាច​នឹង​មានឱកាស​សារជាថ្មី​ដើម្បី​ថ្លែង​សុទ្ទរកឋា​ជា​ភាសា​ខ្មែរ​ម្ដង​ទៀត»។​

កាល​ពី​យប់​មិញ​ក៏មាន​ដែរ​វត្តមាន​មន្ត្រី​ទូត​ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋា​ភិបាល និង​អ្នក​ធ្លាប់​បាន​ទៅ​សិក្សា​នៅ​ប្រ​ទេស​ជប៉ុន​ក៏មាន​វត្តមាន​ក្នុង​ពិធី​នេះដែរ។

ក្រោយ​បញ្ចប់​សុទ្ទកឋា​របស់​ឯកឧត្តម​ ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា មន្ត្រីជាន់​ខ្ពស់​កម្ពុជា​ឯកឧត្តម​ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រ​សួង​ការ​បរទេស​បាន​ឡើង​ថ្លែង​សុន្ទកឋា​ដោយ​បាន​កោត​សរសេរ​ពី​ស្នាដៃ​សម្រេច​បាន​របស់​ឯកឧត្តម​ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា​ ក្នុង​អាណត្តិ​ការ​ទូត​របស់​ឯកឧត្តម​នៅ​កម្ពុជា។

ជាងនេះ​ទៅទៀត​ឯកឧត្តម​ ប្រាក់​ សុខុន បាន​លើក​ឡើងពី​ការ​ចូល​រួម​ផ្សព្វ​ផ្សាយជាភាសាខ្មែរ​របស់​ឯកឧត្តម​ ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា តាម​បណ្ដាញហ្វេស​ប៊ុក​ស្ថាន​ទូត​ជប៉ុនពី​បញ្ហា​បរិស្ថាន វប្បធម៌​សង្គម និង​ការ​គ្រប់គ្រង​ប្រ​ព័ន្ធ​ភ្លើង​ចរាចរណ៍​ថ្មីជា​ដើម។​​

ជាមួយ​គ្នានេះឯកឧត្តម ប្រាក់ សុខុន លើក​ឡើងទៀតថាទំនាក់ទំនង​សេដ្ឋកិច្ច​រវាងកម្ពុជា​ជប៉ុន​ក៏​បាន​កើន​ឡើងជា​លំដាប់។ ឯកឧត្តម​បញ្ជាក់ថា​​ក្នុង​ឆ្នាំ​២០១៧ ទំហំសេដ្ឋកិច្ច​រវាងប្រទេសទាំងពីរមានជាង​មួយ​ពាន់​លាន​ដុល្លារ និង​បាន​ហក់​ឡើង​ដល់​ជាង​ពីរពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨ ហើយ​នៅ​ប្រាំ​មួយ​ខែ​ដើម​ឆ្នាំ​២០១៩នេះ ទំហំពាណិជ្ជកម្ម​នេះ បាន​ឡើង​ដល់ប្រមាណជា​ពីរ​ពាន់​លាន​ដុល្លារ​៕​​​​​​

អត្ថបទ៖ ទូច សុខា

មតិយោបល់