• 2019-08-23 03:09:49
  • ព័ត៌មាន

សមត្ថកិច្ច​ចាប់​បាន​រថយន្ត​នាំ​ចូល​គេច​ពន្ធ​ជាង ៥០០គ្រឿង

  • 2019-08-23 03:09:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ចាប់​បាន​និង​ឃាត់​ទុក​មាន​ចំនួន ៥០០គ្រឿង ក្នុង​នោះ​ជាង​២០០គ្រឿង​ត្រូវ​បាន​ចាប់​ដោយ​គយ​ចល័ត។ ការ​ចាប់​បាន​នេះ​ព្រោះ​មាន​ទិន្នន័យ​កំណត់​គោលដៅ​ច្បាស់​លាស់​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។ នេះ​បើ​យោង​តាម​ផេក​ផ្លូវ​ការ​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន។

ប្រតិបត្តិការ​រក​រថយន្ត​អត់​ពន្ធ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ទាប់​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​តភ្ជាប់​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម​ជាមួយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ ឯកឧត្ដម​ ស៊ុន ចាន់​ថុល។

គួរ​កត់​សម្គាល់​ថា គំនិត​ផ្ដួចផ្ដើម​ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្រោម​ការ​ជ្រោមជ្រែង​ពី​ឯកឧត្ដម​អគ្គបណ្ឌិត​សភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​បង្កើត​ក្រុមការងារ​អន្តរ​ក្រសួង​មួយ។

ក្រុម​ការងារ​ខាង​លើ​​នេះ កាលពីថ្ងៃទី២១ ខែ​ឧសភា ឆ្នាំ២០១៨ បាន​សម្រេច​ដាក់​ឱ្យ​ដំណើរ​យន្តការ​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ចែក​រំលែក​ទិន្នន័យ​ចុះ​បញ្ជី​យានយន្ត និង​ទិន្នន័យ​ពន្ធ​នាំ​ចូល​យានយន្ត​ទៅ​វិញ​ទៅមក និង​តាម​ដាន​ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ។

បន្ទាប់​ពី​ដាក់​ឲ្យ​ដំណើរ​យន្ត​ការ​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះដែរ សមត្ថកិច្ច​បាន​ផ្ដើម​ប្រតិបត្តិ​ការ​ កាល​ពី​ថ្ងៃ​ទី ២១ សីហា ២០១៩ ក្រុម​ការងារ​អន្តរ​ក្រសួង បាន​ចុះ​ពិនិត្យ​ជាក់ស្ដែង​ចំពោះ​រថយន្ត​មាន​ភាព​មិន​ប្រក្រតី ដែល​មន្ត្រី​គយ និង​រដ្ឋាករ​មាន​សមត្ថកិច្ច​បាន​ឃាត់ទុក​នៅ​ឃ្លាំង​គយ​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ។ ជា​លទ្ធផល សមត្ថកិច្ច​អន្តរក្រសួង​បាន​ឃាត់​ទុក​សរុប​ជាង​ ៥០០គ្រឿង។

បេសកកម្មខាងលើ​នេះ ត្រូវបានដឹកនាំដោយលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាសហប្រធានក្រុមការងារអន្តរក្រសួង តភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក និងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ និងលោក ប៉ោ សួន អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់ សវនកម្ម និងទំនាក់ទំនាក់ទំនងសាធារណៈ និងជាអនុប្រធានក្រុមការងារ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធមកពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ។

របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ដែរ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ក៏​បាន​ចូលរួម​ធ្វើ​ឱ្យ​ចំណូល​ពន្ធ​នាំ​ចូល​យានយន្ត​មាន​ការ​កើន​ឡើង​ប្រមាណ​៣៤% ក្នុង​ឆ្នាំ​២០១៨ ធៀប​នឹង​ឆ្នាំ ២០១៧ ៕

រូបភាព៖ ផេកផ្លូវការ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់