• 2019-09-03 02:29:56
  • ព័ត៌មាន

មក​ស្គាល់ឈ្មោះ​ព្យុះ​ដែលបាននិង​កំពុង​ធ្វើ​ឲ្យ​កម្ពុជាធ្លាក់​ភ្លៀង និងទឹក​ទន្លេ​ហក់ឡើង​

  • 2019-09-03 02:29:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ចាប់ពី​ចុង​ខែ​សីហា មក​ដល់ពេល​នេះ​កម្ពុជា​បាន​ទទួល​រង​នូវ​ឥទ្ធិ​ព​ល​ព្យុះ​មួយចំនួន​​ដែលបាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ និង​ទឹក​ទន្លេ​មេគង្គ​ហក់​ឡើង​។

គិត​ចាប់ពី​ថ្ងៃទី​៣០ ខែ​សីហា រហូត​មក​ដល់​ថ្ងៃទី​៣ ខែ​កញ្ញា នេះ​កម្ពុជា​បាន​រង​នូវ​ឥទ្ធិ​ពល​ព្យុះ​យ៉ាង​ហោច​ណាស់​ចំនួន​បី​ ដែល​ក្រ​សួង​ធនធាន​ទឹក​បាន​បញ្ជាក់​ក្នុង​សេចក្ដីជូន​ដំណឹង​របស់​ខ្លួន​ទាក់ទង​នឹង​ស្ថានភាព​អាកាស​ធាតុ។

កាលពី​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ២០១៩ ក្រ​សួង​បាន​ឲ្យ​ដឹងថា​ព្យុះ​ឈ្មោះ​ប៉ូឌុល(PODUL)​ បានធ្វើដំណើរ​ចូល​ដល់​ប្រទេស​វៀតណាមភាគ​កណ្ដាល រួច​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ឡាវ​នៃអាងទន្លេមេគង្គ។ ឥទ្ធិ​ព​ល​ព្យុះនេះក្រ​សួង​ថា​កំពុង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ខ្លាំង​នៅ​ប្រ​ទស​ថៃ ឡាវ និង​កម្ពុជា ដែល​ស្ថាន​ភាព​នេះ​ធ្វើ​ឲ្យ​ទឹក​ទន្លេមេគង្គបន្ត​ហក់​ឡើ​ងជិត​ដល់​កម្រិត​ប្រុ​ងប្រ​យ័ត្ន។​

លុះ​ដល់​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០១៩ ក្រ​សួង​ធនធាន​ទឹក​ឲ្យ​ដឹងទៀត​​ថា​ព្យុះ​មួយ​ទៀត​មាន​ឈ្មោះ​ថា​ លីងលីង រួមជា​មួយ​នឹង​ឥទ្ធិពល​សម្ពាធទាប​លាតសន្ធឹង​លើ​ប្រ​ទេស​ថៃ ឡាវ និង​វៀតណាម ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ច្រើន​នៅអាងទន្លេ​មេគង្គ ក៏​ដូច​ជា​នៅ​កម្ពុជា។ ស្ថានភាព​នេះ​ជា​ហេតុ​បណ្ដាល​ឲ្យ​ទឹកទន្លេ​ក្នុង​ទឹក​ដី​កម្ពុជា​ហក់​ឡើង​ជា​បន្តបន្ទាប់​ឆ្ពោះ​ដល់​កម្រិតដែល​ចាត់​ទុក​ថា​ត្រូវ​មាន​ការ​ប្រុង​​ប្រ​យ័ត្ន។

សម្រាប់​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ២០១៩ នេះ​វិញ ក្រ​សួង​ធនធាន​ទឹក​ជូន​ដំណឹង​ជាថ្មី​ទៀត​ពី​វត្ត​មាន​ព្យុះ​ថ្មី​មួយ​ទៀត​​ដែល​បំបែក​ខ្លួនពី​វិសម្ពាធទាប គឺមាន​ឈ្មោះ​ថា​កាហ្សីគី ដែល​កន្លង​មក​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ភ្ជាប់​នឹ​ងចុង​នៃ​ប្រ​ព័ន្ធសម្ពាធទាប​ដែល​បង្កើន​ឥទ្ធិពលបន្ថែម​មក​លើ​តំបន់ ក៏ដូចជា​ប្រ​ទេស​កម្ពុជា​ និង​ងាកទៅ​កាន់​កោះ​ហៃណាំ រួច​បន្ត​ដំណើរ​ទៅ​កាន់​ក្រុង​ហុង​កុង៕

អត្ថបទ៖ ទូច សុខា

មតិយោបល់