• 2019-09-03 04:37:45
  • ព័ត៌មាន

បាតុភូតធម្មជាតិបី​កំពុង​បង្កឲ្យ​មាន​ភ្លៀង ខ្យល់​នៅកម្ពុជា​

  • 2019-09-03 04:37:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួងធនធាន​ទឹក​ឲ្យ​ដឹងថា​កម្ពុជា​កំពុង​ទទួល​រង​នូវឥទ្ធិពល​​បាតុ​ភូត​ធម្មជាតិ​បី​​ព្រមគ្នា ដែល​បណ្ដាល​ឲ្យ​តំបន់ខ្លះ​នៅ​ក្នុង​ប្រទេសកម្ពុជា​មាន​ភ្លៀង​ធ្លាក់ជា​គំ​ហុក និង​ក្លាយជាជំនន់ទឹក​ភ្លៀង និង​តំបន់​ជាប់​មាត់សមុទ្រមាន​ភ្លៀង ខ្យល់ និង​រលក​ខ្ពស់ៗជាដើម។

(រូបភាព៖ ក្រ​សួងធនធានទឹក)

មិន​បាន​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ជូន​ដំណឹង​លើ​កទី​មួយនៅ​ថ្ងៃទី​៣ ខែក​ញ្ញា ​ឆ្នាំ​២០១៩ នេះ​ នៅ​វេលា​ម៉ោងជា​ង​១១​ព្រឹក​ក្រសួងធនធានទឹក​បានជូន​ដំណឹង​ជាថ្មីទៀតពី​បញ្ហា​អាកាសធាតុ​។

ក្រ​សួងធនធាន​ទឹក​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​ទទួល​រង​នូវ​ឥទ្ធិពល​បាតុភូតធម្មជាតិចំនួន​បី​ព្រម​គ្នា។ បាតុភូតធម្មជាតិទាំងនោះរួម​មាន​ឥទ្ធិ​ពល​ប្រព័ន្ធស​ម្ពាធទាប​ដែលបាន​ និង​កំពុង​លាត​សន្ធឹង អូសបន្លាយ​កាត់ប្រទេសថៃ​ ឡាវ និង​វៀតណាម។ ទីពីរគឺ​ឥទ្ធិ​ពល​ព្យុះ​កាហ្សីគី (Kajiki) និងទី​បី​គឺឥទ្ធិពល​ពី​ខ្យល់​មូសុងនិរតីខ្លាំង។

បើ​តាម​ក្រ​សួងធនធានទឹក ស្ថានភាព​នេះ​នឹង​ធ្វើ​ឲ្យ​បណ្ដាខេត្តនៅ​ភាគពាយ័ព្យ​ តំបន់ខ្ពង់​រាបខាង​ជើង តំបន់​ភ្នំដងរែក និង​តំបន់​ខ្ពង់រាប​ភាគឦសាន​នឹង​បន្តមាន​ភ្លៀង​ធ្លាក់​ពី​មធ្យមទៅច្រើន និងមាន​ផ្នែក​ខ្លះអាចនឹងមាន​ភ្លៀង​ធ្លាក់គំហុក​ខ្លាំង ដែល​អាច​បង្កជាជំនន់ទឹក​ភ្លៀង។

ចំណែក​ខេត្ត​ជាប់​តំបន់​ឆ្នេរ​វិញ នឹង​មាន​ភ្លៀង​ធ្លាក់ពី​កម្រិត​បង្គួរទៅច្រើន ខណៈ​នៅ​លំហសមុទ្រ​ផ្ទៃមេឃមាន​សភាពអាប់អួមាន​ភ្លៀង ខ្យល់​បក់​បោក​ខ្លាំង និង​រលក​សមុទ្រ​មាន​កម្ពស់ខ្ពស់ៗ។

ដោយឡែក​រាជធានី ខេត្ត​ដទៃទៀត​អាច​មាន​ភ្លៀង​ធ្លាក់ពី​តិច​ទៅ​មធ្យម។ ក្រ​សួងបាន​អំពាវនាវ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ប្រុង​ប្រ​យ័ត្ន​ខ្ពស់ជៀសវាង​នូវ​គ្រោះ​ថ្នាក់​ណាមួយ​កើតឡើង​ចំពោះ​ស្ថាន​ភាព​នេះ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់