• 2019-09-04 07:11:38
  • ព័ត៌មាន

មកខ្មែរមិនបាន​ប៉ុន្មាន​ថ្ងៃផង និស្សិត​ហុង ភារិន បានជួប​សុទ្ធតែមន្ត្រី​ជាន់ខ្ពស់​

  • 2019-09-04 07:11:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​ខ្មែរ​ដែលបាន​សិក្សា​នៅ​ប្រទេស​ថៃ និង​ទទួលបាន​ភាព​ល្បី​ល្បាញ​ដោយ​សារ​ការពូកែចងចាំ និង​មាន​សមត្ថភាព​គណនា​កាលបរិច្ឆេទ​បាន​រហូត​ដល់​៧០០​ឆ្នាំ​នោះ​បាន​មក​ដល់ប្រទេស​កម្ពុជា​មិន​ប៉ុន្មាន​ថ្ងៃផង បានជួបមន្ត្រីធំៗកម្ពុជា​យ៉ាង​ហោចណាស់​​​បី​រូប។

លោក ហុង​ ភារិន បាន​មក​ដល់​កម្ពុជា​កាលពីថ្ងៃទី​២ ខែកញ្ញា ឆ្នាំ២០១៩។ កាល​ពី​ម្សិល​មិញ​​ទេស​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រីក្រ​សួង​សាធារណការឯកឧត្តម ស៊ុន ចាន់ថុល បាន​ជួប​សំណេះ​សំណាល​ជាមួយ​និស្សិត​រូបនេះ។​

(ជំនួប​ជាមួយ​ឯកឧត្តម ស៊ុន ចាន់​ថុល/រូបភាព៖ ទំពរហ្វេស​ប៊ុក​ក្រ​សួង​សាធារណការ)​

ក្នុង​ជំនួប​នោះ​ឯកឧត្តម​ ស៊ុន ចាន់ថុល បាន​ណែនាំ​ថា៖ «ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ត្រូវយកចំណេះជំនាញដែលខ្លួនមានមកបម្រើប្រទេសជាតិវិញ»។ នេះ​បើតាម​ការ​ផ្សាយ​នៅ​លើ​ផេកក្រ​សួង​កាលពី​ម្សិល​មិញ។

(ជំនួបជាមួយ​លោកជំទាវ ម៉ែន សំអន/រូបភាព៖ ទំព័រ​ហ្វេស​ប៊ុក​របស់​លោកជំទាវ​ ម៉ែន សំអន)

សម្រាប់​នៅ​ថ្ងៃនេះ​វិញ​លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអនុញ្ញាតឲ្យនិស្សិតឆ្នើម ហុង ភារិន ចូលជួបនិងសម្ដែង​ ការគួរសម ​ដូច​គ្នា។ ក្នុង​ជំនួប​នោះ​លោកជំទាវ​បាន​ប្រាប់ទៅ​និស្សិតហុង ភារិន ថា៖ «ត្រូវពង្រឹងបន្ថែមទៀតនូវសមត្ថភាពផ្ទាល់ខ្លួន ដែលពាក់ព័ន្ធនឹងមុខជំនាញអភិវឌ្ឍជនបទ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ »។ នេះ​បើ​តាម​ការ​ផ្សាយ​នៅ​លើទំព័រ​ហ្វេស​ប៊ុក​របស់​លោកជំទាវ​ ម៉ែន សំអន។​

ជាមួយ​គ្នានេះដែរក៏មាន​សេចក្ដី​រាយការណ៍​ដែរថា​និស្សិតហុង​ ភារិន​ បានជួបជាមួយ​អភិបាល​ខេត្ត​ព្រះ​សីហនុ ឯកឧត្តម គួច ចំរើន​ ផង​ដែរ។

ទាក់ទងនឹង​លោក ហុង ភារិន នេះ ដែរ​កន្លង​មក​មាន​សារព័ត៌មាន​ខ្លះ​ចុះផ្សាយ​ថា​លោក​ត្រូវ​ភាគី​ថៃ​ផ្ដល់សញ្ជាតិ​ឲ្យ តែ​ការ​ពិត​គឺមិន​មានករណីនេះ​នោះទេ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​សមាគមនិស្សិត​ប្រ​ចាំ​សាកល​វិទ្យាល័យ​ Chaiyaphum Rajabhat ដែល​ លោក ហុង ភារិន បាន​សិក្សា ប្រាប់​មក​​អ្នកសារព័ត៌មាន​Sabay ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់