• 2019-09-04 07:55:12
  • ព័ត៌មាន

ព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ធំមួយ ជួយមន្ទីរពេទ្យគន្ធបុប្ផា

  • 2019-09-04 07:55:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ ស្វែងរកមូលនិធិសង្គ្រោះអាយុជីវិតកុមាររាប់លាននាក់ ដែលកំពុងត្រូវការជំនួយ ដោយកម្មវិធីនេះនឹងរៀបចំឡើងនៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលសន្និសីទចតុមុខ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយក្រុមហ៊ុន តូយ៉ូតា ដែលមានការចូលរួមពី សំណាក់ក្រុមតន្រ្តីមកពីចក្រភពអង់គ្លេស គឺក្រុម London Chamber Orchestra ក្រោមការដឹកនាំពីលោក Christopher Warren-Green។ ក្រៅពីក្រុមបរទេសក៏មានសិល្បករខ្មែរចូលរួម នៃក្រុម Small World Small Band ផងដែរ។

លោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននៅ Raffles Hotel Le Royal កាលពីថ្ងៃទី៤ កញ្ញា ២០១៩ ឲ្យដឹងថា ការប្រគំតន្រ្តីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក នៅក្នុងខែវិច្ឆិកានេះ ក៏នឹងត្រូវបានផ្តល់នូវកិត្តិយស ដ៏ឧត្តុង្គឧត្តម ជាទីបំផុតតាមរយៈ ការយាងចូលរួម ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ហើយនេះគឺជាឆ្នាំទី៥ នៃការយាងចូលរួម របស់ទ្រង់ផងដែរ ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី ដ៏ធំសម្បើមនេះ។

លោកឧកញ៉ាបានឲ្យដឹងទៀតថា ការប្រគំតន្ត្រី តូយ៉ូតា ក្លាស៊ិក នាឆ្នាំនេះ នឹងមានការចូលរួមសម្ដែង ពីបណ្ដាប្រទេសចំនួន ៦ ក្នុងតំបន់អាស៊ីដូចជា៖ ប្រទេសឡាវ ថៃ ប្រ៊ុយណេ ម៉ាឡេស៊ី កម្ពុជា ម៉ាឡេស៊ី និង ប្រទេសវៀតណាម

ព្រឹត្តិការណ៍នៃការប្រគំតន្រ្តីនេះនឹងមានការលក់សំបុត្រ ដោយចំណូលរកបាននឹងធ្វើការបរិច្ចាគទៅដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប និងមជ្ឈមណ្ឌលព្យាបាលកុមារ Japan Heart ដែលត្រូវបានបង្កើងឡើងក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០០៩ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្រាប់ផ្ដល់សេវាព្យាបាល និងបណ្ដុះបណ្ដាលអប់រំ លើតំហែទាំសុខភាព និងអនាម័យដល់ប្រជាជនក្រីក្រ នៅតាមតំបន់ដាច់ស្រយ៉ាលដោយពុំគិតកម្រៃ។ សំបុត្រចូលរួមទស្សនា មានតម្លៃ ៣៥ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយសន្លឹក និងមានដាក់លក់ចាប់ពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅគ្រប់សាខាក្រុមហ៊ុនតូយ៉ូតា ក្នុងរាជធានីភ្នំពេញ បាត់ដំបង និងខេត្តសៀមរាប។ ទន្ទឹមនឹងនេះក៏មានការដាក់លក់សំបុត្រតាមរយៈ Online, Last 2 Ticket Asia។

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រារព្ធ តន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកដំបូង នៅឆ្នាំ២០១៣ ហើយគិតមកត្រឹមឆ្នាំ២០១៨ កន្លងទៅនេះ ថវិកាសប្បុរសធម៌ ដែលប្រមូលបានពីការលក់សំបុត្រ និងការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុន មានចំនួនស្មើនឹងជាង២សែនដុល្លាសហរដ្ឋអាមេរិក៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម