- 2019-09-05 02:09:43
- ព័ត៌មាន
ភ្លៀងក៏ធ្លាក់ទឹកទន្លេក៏បន្តហក់ឡើង ធ្វើឲ្យកន្លែងខ្លះបាក់ច្រាំងទន្លេ និងលិចផ្លូវ
- 2019-09-05 02:09:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្លៀងក៏ធ្លាក់ទឹកទន្លេក៏បន្តហក់ឡើង ធ្វើឲ្យកន្លែងខ្លះបាក់ច្រាំងទន្លេ និងលិចផ្លូវ
ចន្លោះមិនឃើញ
ភ្លៀងធ្លាក់ជាបន្តបន្ទាប់នាប៉ុន្មានថ្ងៃនេះបានធ្វើឲ្យមានការបាក់ច្រាំងទន្លេ ទឹកលិចផ្លូវ និងភូមិដ្ឋានរបស់ប្រជាពលរដ្ឋមួយចំនួន។ ខាងក្រោមនេះជាទីតាំងមួយចំនួនដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងការហក់ឡើងនៃកម្ពស់ទឹកទន្លេ៖
ផ្លូវជាតិលេខបួនកាលពីយប់មិញគិតត្រឹមម៉ោង៨យប់ ថ្ងៃទី៤ ខែកញ្ញា ស្ថានភាពកម្ពស់ទឹកនៅចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ បានឡើងដល់កម្ពស់៥,៩០ម៉ែត្រគិតពីបាតស្ពាន ដែលបានធ្វើឲ្យទឹកហូរកាត់ផ្លូវប្រវែង១០០ម៉ែត្រ។ នៅព្រឹកនេះ មានសេចក្ដីរាយការណ៍ថាទឹកបានស្រកចុះបន្តិចវិញ ហើយចរាចរណ៍បើកដំណើរការធម្មតា។
នៅឯខេត្តត្បូងឃ្មុំឯណោះវិញនៅយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថានភាពទឹកទន្លេកំពុងហក់ឡើង និងដើម្បីទប់ទល់ឲ្យទាន់សភាពការអាជ្ញាធរបានទប់ច្រាំងទន្លេមេគង្គទាំងយប់នៅទីតាំងភូមិកំពុងឫស្សី ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ។
ចំណែកនៅព្រឹកនេះវិញក្រសួងឲ្យដឹងថាទឹកទន្លេមេគង្គមានកម្ពស់១៤,១០ម៉ែត្របានជន់លិចផ្លូវបេតុងប្រវែង៦០០ម៉ែត្រជម្រៅពីពីរទៅបីតឹកក្នុងភូមិសាស្ត្រភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ រថយន្តតូច និងម៉ូតូអាចធ្វើដំណើរបណ្ដោះអាសន្នឆ្លងកាត់ទៅកាន់ស្រុកក្រូចឆ្មារបាន។
សម្រាប់ខេត្តក្រចេះវិញនៅព្រឹកនេះមានករណីបាក់ស្រុតដី និងច្រាំងទន្លេចំនួនពីរកន្លែង គឺទីមួយក្នុងឃុំពង្ររ ស្រុកឆ្លូង បាក់ច្រាំងទន្លេធ្វើឲ្យខូចថ្នល់ប្រវែង៥០ម៉ែត្រ និងនៅឃុំឆ្លូង វិញស្រុតថ្នល់ប្រវែង២០០ម៉ែត្រ។
ទាក់ទងនឹងកម្ពស់ទឹកទន្លេនេះ បើតាមក្រសួងធនធានទឹកគិតត្រឹមព្រឹកនេះមានតែខេត្តស្ទឹងត្រែងមួយទេដែលកម្ពស់ទឹកឡើងលើសកម្រិតត្រូវប្រុងប្រយ័ត្នគឺកម្ពស់ទឹកពេលនេះមាន១១,៥៩ម៉ែត្រ ខណៈកម្ពស់ប្រុងប្រយ័ត្ន១០,៧០ម៉ែត្រ៕