• 2019-09-09 02:42:53
  • ព័ត៌មាន

ទៀតហើយ! ជប៉ុនលុបចោលជើងហោះហើរជាង ១០០ ក្រោយព្យុះទីហ្វុងវាយប្រហារជិតតូក្យូ

  • 2019-09-09 02:42:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្យុះ​ទីហ្វុង​មួយ​ទៀត​ឈ្មោះ Faxai បាន​ធ្វើ​ការ​វាយ​ប្រហារ​នៅ​វេលា​ម៉ោង ៥​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ជិត​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ដែល​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​បក់​ក្នុង​ល្បឿន ២១០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​ជាតិ​ជប៉ុន​ឲ្យ​ដឹង​ថា ប្រជាជន​រាប់​ពាន់​នាក់​ដែល​រស់​នៅ​ជិត​ទីក្រុង​តូក្យូ និង​តំបន់​ក្បែរ​នោះ ត្រូវ​បាន​ប្រកាស​ឲ្យ​ជម្លៀស​ខ្លួន​ជា​បន្ទាន់​ដោយ​សារ​ការ​ព្យាករណ៍​បង្ហាញ​ថា​ល្បឿន​ខ្យល់ និង​ភ្លៀង​អាច​បំបែក​កំណត់​ត្រា​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ។ ជាមួយ​គ្នា​ដែរ ប្រព័ន្ធ​ដឹក​ជញ្ជូន​បានរង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដោយ​ជើង​រថភ្លើង​ល្បឿន​លឿន​ជាង ១០០ និង​ជើង​ហោះ​ហើរ​ជាង ១០០ ត្រូវ​បាន​លុប​ចោល។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី Tokyo Electric ឲ្យ​ដឹង​ថា​ផ្ទះ​សម្បែង​ជាង ២៩០ ០០០​ខ្នង ត្រូវ​បាន​កាត់​ផ្ដាច់​អគ្គិសនី​នៅ​ពេល​ដែល​ខ្យល់​ព្យុះ​វាយ​ប្រហារ។

គួរ​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​ខ្យល់​ព្យុះ​ទី​ហ្វុង Faxai កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ភាគ​ខាង​ជើង​ប្រទេស​ជប៉ុន​ក្នុង​ល្បឿ ២៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ខណៈ​ពេល​ដែល​ប្រជាជន​ក្នុង​ទីក្រុង Kanagawa, Shizuoka និង​អាណាខេត្ត​តូក្យូ ត្រូវ​បាន​ប្រកាស​ឲ្យ​ជម្លៀស​ខ្លួន​ចេញ៕

ប្រភព៖ Japantimes ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់