• 2019-09-11 03:50:49
  • ព័ត៌មាន

ទូតជប៉ុន​ថ្មី​ទៅកាន់វត្ត​ពីរ​នៅ​ភ្នំពេញ​ដើម្បីធ្វើ​រឿង​មួយ​សម្រាប់ជនជាតិ​ជប៉ុន​ពីររូប​

  • 2019-09-11 03:50:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាន​ទូតជប៉ុន​ប្រ​ចាំ​កម្ពុជា​ឲ្យ​ដឹងថា​កាលពី​ម្សិល​មិញ​ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​ប្រចាំកម្ពុជា​បាន​អញ្ញើ​ញ​ទៅ​កាន់​វត្ត​ពីរ​នៅ​រាជធានីភ្នំពេញ​ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធ​ជនជាតិ​ជប៉ុន​ពីរ​រូប​ដែល​បានពលី​ជីវិត​ក្នុង​ការ​ចូល​រួម​សកម្មភាព​ជាមួយ​អ៊ុន​តាក់នៅ​កម្ពុជា​នា​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០។​

(រូបភាព៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា)

ស្ថានទូតជប៉ុន​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​នាព្រឹកនេះ​ថា​កាលពីម្សិ​ល​មិញ​ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន មិកាមិ បានអញ្ជើញទៅកាន់ទីតម្កល់ស្លាកវិញ្ញាណក្ខន្ធ របស់លោក ហារឹយូគី តាកាតា នៅក្នុងវត្តតាំងកសាង និងទីតម្កល់ស្លាកវិញ្ញាណក្ខន្ធរបស់លោក អាត្សឹហ៊ីតុ ណាកាតា នៅក្នុងវត្តឧណ្ណាលោម​។

(រូបភាព៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា)

​ប្រភព​សរសេរ​ទៀតថា​៖ «លោក តាកាតា គឺជាអតីតមន្រ្តីប៉ូលីសជប៉ុន ដែលត្រូវបានរដ្ឋាភិបាលជប៉ុន បញ្ជូនមកចូលរួមសកម្មភាពអ៊ុនតាក់នៅខេត្តបន្ទាយមានជ័យ។ លោកណាកាតា គឺជាអតីតអ្នក ស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ និងបានធ្វើការជាអ្នកសង្កេតការណ៍បោះ​ឆ្នោតរបស់អ៊ុនតាក់ នៅខេត្តកំពង់ធំ»។

ប្រ​ភព​បន្តថា៖ «អ្នកទាំងពីររូប ត្រូវបានសម្លាប់ និងបាត់បង់ជីវិតកំឡុងបេសកកម្មរបស់ពួកគាត់នៅកម្ពុជា។ ឯកឧត្តម មិកាមិ រំឭកដល់ការលះបង់របស់ពួកគាត់សម្រាប់សន្តិភាពនៃកម្ពុជា និងបួងសួងសូមឲ្យ វិញ្ញាណក្ខន្ធរបស់ពួកគាត់ទៅកាន់សុខគតិភព»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់