• 2019-09-22 03:47:00
  • សេដ្ឋកិច្ច

ដឹង​ទេ​ថា បច្ចុប្បន្ន​ពិភពលោក​អាច​សង់​អាគារ​កប់​ពពក​ខ្ពស់​បំផុត​ កម្ពស់​ប៉ុន្មាន?

  • 2019-09-22 03:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រហូត​មក​ទល់​នឹង​ពេល​នេះ អាគារ​ដែល​ខ្ពស់​ជាង​គេ​នៅ​លើ​​ពិភពលោក​គឺ Burj Khalifa នៅ​ទីក្រុង​ឌូបៃ ដែល​មាន​កម្ពស់ ៨៣០ ម៉ែត្រ។

អាគារ Burj Khalifa នៅ​ទីក្រុង​ឌូបៃ

យ៉ាងណាក្ដី អាគារ​កប់​ពពក​មួយ​ទៀត​ឈ្មោះ​ថា Jeddah Tower កម្ពស់​ជាង​១​ពាន់​ម៉ែត្រ​កំពុង​ត្រូវ​បាន​សាងសង់​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

ដូច្នេះ​សួរ​ថា តើ​​អាគារ​​កប់​ពពក​ខ្ពស់​បំផុត​ត្រូវ​បាន​កំណត់​ត្រឹម​កម្ពស់​ប៉ុន្មាន?

យោង​តាម​ក្រុម​វិស្វករ​ដែល​បាន​សាងសង់​អាគារ Burj Khalifa បាន​ឲ្យ​ដឹង​ថា យើង​អាច​សង់​អាគារ​ខ្ពស់​ជាង "ភ្នំ​ដែល​ខ្ពស់​បំផុត" របស់​ពិភពលោក​ក៏​បាន​ឲ្យ​តែ​វត្ថុធាតុដើម​យក​មក​ប្រើប្រាស់​ក្នុង​សំណង់ រូបរាង​អាគារ និង កត្តា​អាកាសធាតុ​ត្រូវ​បាន​ដោះស្រាយ។ នេះ​បើ​តាម Listverse បាន​ចុះ​ផ្សាយ។

អាគារ Jeddah Tower និង រូបភាព​បង្ហាញ​ពី​គ្រឹះ​របស់​វា
ទ្រឹស្ដី​សំណង់​អាគារ​កប់​ពពក​ខ្ពស់​បំផុត X-Seeed 4000 បង្កើត​ដោយ​ក្រុមហ៊ុន​ជប៉ុន​

ប៉ុន្តែ​សម្រាប់​បច្ចេកវិទ្យា​បច្ចុប្បន្ន​​របស់​មនុស្ស​លោក​អាច​សង់​អាគារ​កប់​ពពក​ខ្ពស់​បំផុត​​ត្រឹម​កម្ពស់ ៤ ០០០ ម៉ែត្រ​ប៉ុណ្ណោះ។ ​​យោង​តាម ទ្រឹស្ដី X-Seeed 4000 បង្កើត​ដោយ​ក្រុមហ៊ុន​​ជប៉ុន​តាំង​ពី​ឆ្នាំ​១៩៩៥ អាគារ​អាច​សង់​ខ្ពស់​បំផុត​កម្ពស់ ៤ ០០០​ម៉ែត្រ អង្កត់​ផ្ចិត ៦ ០០០​ម៉ែត្រ កម្ពស់​៨០០​ជាន់ និង អាច​ផ្ទុក​មនុស្ស​បាន ១​លាន​នាក់​ខាង​ក្នុង​អាគារ ហើយ​វា​ទំនង​ជា​អាច​សាងសង់​​នៅ​ក្នុង​សមុទ្រ​ប៉ុណ្ណោះ ពី​ព្រោះ​នៅ​លើ​ដី​មិន​អាច​ទ្រទ្រង់​ទម្ងន់​​ដ៏​សម្បើម​នេះ​បាន​ឡើយ។

ដោយសារ​ហេតុផល​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ពួក​អ្នកស្រាវជ្រាវ​បច្ចឹម​លោក​ស្ញប់ស្ញែង​​នឹង​ប្រាសាទ​អង្គរ​វត្ត​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ទម្ងន់​រាប់​លាន​តោន ចុះ​ទម្រាំ​បាត​គ្រឹះ​​ខាង​ក្រោម​ត្រូវ​គេ​សាងសង់​រឹងមាំ​​ប៉ុណ្ណា​ដើម្បី​ទ្រទ្រង់​នឹង​​ទម្ងន់​ដ៏​មហិមា​របស់​ប្រាសាទ​នេះ​បាន។

​មនុស្ស​មិន​ទាន់​អាច​សាងសង់​អាគារ​ដល់​កម្ពស់​អតិបរមា​​នេះ​បាន​នៅ​ឡើយ បញ្ហា​មិន​មែន​មក​ពី​ខ្វះ​បច្ចេកវិទ្យា​ទេ តែ​មក​ពី​តម្លៃ​នៃ​ការ​សាងសង់​​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​​ត្រូវ​ចាយ​ទុន​​ដល់​ទៅ ១,៤ ទ្រី​លាន​ដុល្លារ (១,៤ គុណ​នឹង ១០​ស្វ័យ​គុណ​១២ ឬ សរសេរ​ជា​លេខ ១, ៤០០, ០០០, ០០០, ០០០ ដុល្លារ) ដែល​ពិបាក​នឹង​រក​ថា​តើ​ប្រទេស​ណា​នឹង​ស្ម័គ្រ​ចិត្ត​ចំណាយ​​លុយ​ដ៏​សន្ធឹកសន្ធាប់​នេះ​ណាស់៕

បើ​គម្រោង​​អាគារ​​​កម្ពស់​៤ ០០០ ម៉ែត្រ​លេច​ជារូបរាង ទីក្រុង​នៅ​ថ្ងៃ​អនាគត​នឹង​មាន​ទិដ្ឋភាព​បែបនេះ

ប្រភព៖ listverse ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់