• 2019-09-25 09:08:22
  • ចរាចរណ៍

ចំណុចគួរដឹង​បើ​មិន​ចង់ឲ្យឡាន​ជាប់​ខ្នោះ​របស់​សមត្ថកិច្ច​ពេល​ឈប់ឬចត​

  • 2019-09-25 09:08:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈនេះ​អាជ្ញាធរ​ក្នុង​រាជធានីភ្នំពេញ​កំពុង​រឹត​បន្តឹង​ចំពោះ​អ្នក​ចត​យាន​ជំនិះ​នៅ​តាម​ដង​ផ្លូវ​ដែល​ថា​បំពាន​ទៅ​នឹង​ការ​កំណត់​នៃ​ច្បាប់។​

​អ្នក​បើក​បរជាច្រើន​ទំនង​ជា​បាន​យល់​ដឹង​ តែ​ក៏មាន​អ្នក​បើក​បរខ្លះ​ទំនងជា​ភ្លេច ឬចាំ​មិន​អស់​ពី​ការ​ឈប់​ចត​លើ​ដង​ផ្លូវដែរ។​ ដើម្បី​ចៀសវាង​ការ​ចត​ខុស​ហើយ​ត្រូវ​សមត្ថកិច្ច​ចាក់​សោរ​រថយន្ត ឬ​ស្ទូច​យក​ទៅ​កាន់​ស្នងការ​ឬ​អធិការ​ដ្ឋាន​នគរបាល​​ខណ្ឌ​នោះ ថ្ងៃនេះ​ Sabay សូម​រំឭក​ខ្លះ​ពី​កន្លែង​ដែល​អ្នក​បើក​បរ​មិនគួរ​ឈប់ ឬ​ចត​យានជំនិះ​របស់​ខ្លួន​ដោយ​ផ្អែក​តាម​មាត្រា​២៣ នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ឆ្នាំ​២០១៥។

(រូបភាព៖ ហ្វេស​ប៊ុក​ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ)

​សម្រាប់​អ្នក​ល្មើស​នឹង​ចំណុច​ក្នុងមាត្រា​២៣នេះ​ សម្រាប់​រថយន្ត​ធុនស្រាល​ត្រូវ​ពិន័យ​​ជាប្រាក់​​២៥ ០០០រៀល និង​រថយន្ត​ធុន​ធំពិន័យ​ជាប្រាក់​៥០ ០០០​រៀល។ នេះ​បើតាម​អនុក្រឹត្យពិន័យ​អន្តរការ​ណ៍​ចំពោះ​អំពើល្មើស​នឹង​ច្បាប់ស្ដីពី​ចារាចរណ៍​ផ្លូវ​គោក​ឆ្នាំ២០១៧ ត្រង់មាត្រា៦។​​​

​បើ​តាម​មាត្រាខាង​លើ អ្នក​បើក​បរ​ហាមចត ឬឈប់នៅ​កន្លែង​មួយចំនួន​ដូច​ខាងក្រោម​៖

-​ លើ​ទ្រូង​ផ្លូវ ចិញ្ចើម​ផ្លូវ​ទុក​សម្រាប់​អ្នក​ថ្មើរជើង និង​ក្នុង​ចន្លោះ​តិចជាងប្រាំម៉ែត្រពី​មុខគំនូស​ឆ្នូត​កាត់​ទទឹង​ទ្រូង​ផ្លូវសម្រាប់​ថ្មើរជើង ឬ​នៅ​លើ​គំនូស​នេះ ឬ​នៅ​លើ​ផ្លូវ​សម្រាប់អ្នក​ថ្មើរ​ជើង។

- កន្លែង​បម្រុងទុកសម្រាប់​ការ​ឈប់ ឬចត​នៃ​យាន​ប្រភេទ​ខ្លះ

- នៅ​ជិត​បង្គោល​ភ្លើង​សញ្ញា​ចរាចរណ៍ ឬផ្លាក​សញ្ញា​ចរាចរណ៍​ដែល​ធ្វើ​ឲ្យ​បាំង​ភ្នែក​អ្នក​ប្រើ​ប្រាស់​​ផ្លូវមិន​អាច​មើល​ឃើញ​សញ្ញាទាំងនេះ​បាន។

- នៅគ្រប់​កន្លែង​ដែល​រាំងស្ទះ​ដល់ច្រកចេញ​ចូល ការ​ចត ឬការឈប់របស់យាន​ដទៃទៀត

- លើ​ស្ពាន​ លើ​ផ្លូវ​ក្រោម​ដី លើ​ផ្លូវ​រូង ផ្លូវប្រ​សព្វ លើ​ផ្លូវ​កាត់​ផ្លូវ​រថភ្លើង លើ​ផ្លូវ​ក្នុង​រង្វង់​មូល ផ្លូវ​កោង​ខ្លាំង ឬផ្លូវចោតខ្លាំង ដែលមិន​អាច​មើល​ឃើញ​យាន​ផ្សេងទៀតពី​ចម្ងាយ​បាន។

- ជាពីរ​ជួរ​ទន្ទឹមគ្នា

- លើ​ទ្រូង​ផ្លូវមុខច្រក​ចេញ​ចូល​ផ្ទះ​ឯកជន លើក​លែង​តែ​យានជារបស់​ម្ចាស់​ផ្ទះ​ដែលជា​កម្មសិទ្ធ​តែ​មួយ

- កន្លែង​ដែលមាន​សញ្ញាហាមឈប់ ឬចត និង​

- ផ្លូវ​ប្រ​សព្វ​ឬផ្លូវ​បត់ ជាដើម។

គួរ​បញ្ជាក់ថា​ចំណុច​ទាំងនេះ ​គ្រាន់ជា​ចំណុច​ខ្លះៗ​ក្នុងមាត្រា​២៣​​ ស្ដីពី​ការ​ឈប់ និង​ចត​នៅ​លើ​ផ្លូវ​ថ្នល់​ប៉ុណ្ណោះ៕​

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី