• 2019-09-26 08:04:22
  • សុខភាព

«ទិវាឱសថការីពិភពលោក» ក្រើនរំលឹកពីតួនាទីឱសថការីដើម្បីជួយលើកម្ពស់សុខភាពប្រជាជនខ្មែរ

  • 2019-09-26 08:04:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយិកាក្រុម​ហ៊ុន​ផលិត​ឱសថសាណូហ្វី​កម្ពុជា​លើកឡើងថា​ឱសថការីបាន​ដើរតួយ៉ាងសំខាន់​​ចំពោះការថែរក្សា និងគាំទ្រ​ដល់​សុវត្ថិភាព​អ្នក​ជំងឺ​តាម​រយៈ​វិជ្ជាជីវៈ​របស់​ខ្លួន។

កញ្ញា Monsinee Sathirakawinskul អគ្គនាយិកាក្រុម​ហ៊ុនផលិត​ឱសថសាណូហ្វី​កម្ពុជា​​លើកឡើង​ដូចនេះ​ក្នុង​កម្មវិធី​អបអរ «ទិវាឱសថពិភព​លោក​» ឆ្នាំ​២០១៩ កាលពីថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ​ ដែល​មាន​ឱសថការីចំនួន​២០០​នាក់​បាន​ចូល​រួម។ កម្មវិធីនេះ​ក៏មានការ​ផ្សាយ​ផ្ទាល់ទៅកាន់ខេត្ត​សៀមរាប និង​បាត់​ដំបង​ផងដែរ។

កញ្ញា​ថ្លែង​យ៉ាងនេះ​ថា​៖ «“​យើងដឹង​ហើយ​ថា​ ឱសថការី​ប្រើប្រាស់​ចំណេះដឹងដ៏ទូលំទូលាយប្រកប​ដោយ​ជំនាញវិជ្ជាជីវៈ និងដើរ​តួនាទី​​​យ៉ាង​​សំខាន់​ជាភាគី​ពាក់ព័ន្ធ​ចំពោះការ​ថែរក្សា​គាំទ្រ​សុវត្ថិភាព​​អ្នកជំងឺ​តាមរយៈ​ការធានា និង​ផ្តល់​ជូនការ​ប្រើប្រាស់ឱសថ​ប្រកបដោយភាពត្រឹមត្រូវ ល្អប្រសើរ និង​កាត់​​បន្ថយ​​បញ្ហា​ដែលអាចកើតឡើងនានា​ក្នុងការ​ប្រើប្រាស់​ថ្នាំពេទ្យ និង​ដើរតួនាទី​យ៉ាងសំខាន់​ជា​ច្រើន​ទៀត»។

កញ្ញា​បន្តថា៖ «យើងជឿជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះនឹងចូលរួមចំណែកយ៉ាងសំខាន់​ដើម្បី​ការអនុវត្ត​ល្អក្នុង​ឱសថស្ថាន ធ្វើឲ្យលទ្ធភាពទទួលបានឱសថកាន់តែល្អប្រសើរឡើង និង​ ការប្រើ​ប្រាស់​ប្រកបដោយ​ភាពត្រឹម​ត្រូវ ​ស្វែងយល់ពីគោលការណ៍គ្រប់គ្រងគុណភាព សុវត្ថិភាព ប្រសិទ្ធិភាព និងរួមចំណែកលើផ្នែកជា​ច្រើនទៀត ដើម្បីធ្វើឲ្យ​ប្រជាជន​រស់​នៅក្នុង​ជីវិត​ដ៏ពេញ​លេញ​​មួយ»។

ជារៀងរាល់ឆ្នាំ ទិវានេះត្រូវបានប្រារព្ធឡើងនាថ្ងៃទី២៥ កញ្ញា ទូទាំងពិភពលោក​ក្រោម​ប្រធាន​បទ​ផ្សេងៗ​គ្នា ក្នុងគោលបំណងលើកទឹកចិត្តឱសថការីប្រើប្រាស់ថ្ងៃនេះ ដើម្បីរៀប​ចំ​សកម្មភាព​លើក​កម្ពស់​ការយល់ដឹង និងតស៊ូមតិ​សម្រាប់តួនាទីឱសថការី ដើម្បី​ធ្វើឲ្យសុខភាពប្រជាជនកាន់តែល្អ​ប្រសើរ​ទូទាំងពិភពលោក។

ដោយឡែកសម្រាប់កម្ពុជាវិញ កម្មវិធី​ឆ្នាំនេះ​ត្រូវ​បាន​រៀប​ចំឡើង​ក្នុងគោល​បំណង​ចូលរួម​ចំណែក​តាមរយៈ​កិច្ចសហការ និងផ្សារភ្ជាប់​ជាមួយអ្នកជំនាញថែទាំសុខភាព ដើម្បីលើក​កម្ពស់​ការយល់ដឹង​ពីសារៈសំខាន់នៃ គោលការណ៍អនុវត្តល្អក្នុង​ឱសថស្ថាន។

ថ្លែងក្នុងទិវាឱសថការីពិភពលោក ២៥ កញ្ញា នេះផងដែរ លោកឱសថបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ​ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង បានថ្លែងនូវចំណាប់អារម្មណ៍​យ៉ាងដូច្នេះថា ការប្រារព្ធទិវានេះឡើងពិតជាបានចូលរួមចំណែកផ្តល់ឱកាសឲ្យ​ឱសថការីពីគ្រប់​មជ្ឈដ្ឋាន​ជួបជុំផ្តោះប្តូរយោបល់ ចំណេះដឹង និងព័ត៌មានគ្នាទៅវិញទៅមក។ លើសពីនេះទៅ​ទៀត កម្មវិធីនេះក៏ជួយឲ្យឱសថការីជំនាន់ក្រោយៗយល់ដឹងពីអត្ថប្រយោជន៍នៃការ​ប្រើប្រាស់ឱសថឲ្យ​បាន​ត្រឹមត្រូវ រៀនសូត្រពីគ្នានូវអ្វីដែលជាចំណុចខ្វះខាត និងដើម្បីអភិវឌ្ឍន៍ខ្លួន​ឲ្យ​​ទាន់សម័យ​កាល។

ជាមួយគ្នានេះ លោកឱសថការី អ៊ាវ តារារដ្ឋ មន្រ្តីភ្នាក់ងារត្រួតពិនិត្យឱសថ នៃនាយកដ្ឋានឱសថ​ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង ក៏បានលើកឡើងផងដែរថា គោលការណ៍អនុវត្តល្អក្នុង​ឱសថស្ថានគឺជាដំណាក់កាលមួយដ៏សំខាន់ ក្រោយពីឆ្លងកាត់ដំណាក់កាលនៃផលិតកម្ម ​​ការ​ទុក​ដាក់​ និងការដឹកជញ្ជូន។

ដូច្នេះ​ឱសថស្ថាន​ជាអ្នកថែរក្សា​គុណភាព សុវត្ថិភាព និងប្រសិទ្ធិភាព​នៃឱសថទៅដល់អ្នកជំងឺផ្ទាល់។ ក្នុង​នោះ​លោក​ក៏បាន​សង្កត់​ធ្ងន់​ផងដែរអំពី​សុវត្ថិភាព​នៃ​ឱសថ​ដោយ​លើក​ឡើងថា ពេលខ្លះ​ឱសថ​មាន​គុណភាព និង​ប្រសិទ្ធិ​ភាពហើយ ក៏ប៉ុន្តែ​ប្រសិន​ការ​ផ្តល់​ឱសថ​មិនបានត្រឹមត្រូវ មិនចំគោលដៅ ​ឬតាមវេជ្ជ​បញ្ជា​​ច្បា​ស់​​​លាស់​ នោះហើយ​គឺជា​ការ​បង្ក​ឲ្យ​មាន​បញ្ហា។ ដូច្នេះហើយគោលការណ៍អនុវត្តល្អនេះជួយឲ្យការ​ផ្តល់ឱសថ​ប្រកប​ដោយ​សុវត្ថិភាព​ជូនដល់​អតិថិជន។

​គួរ​រម្លឹក​ផង​ដែរថា ជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន​ផលិត​ឱសថ សាណូ​ហ្វី​កម្ពុជា តែងតែ​យកចិត្តទុកដាក់ និង​ចូលរួម​ចំណែក​យ៉ាងសកម្ម ដើម្បី​លើកកម្ពស់​ការ​យល់ដឹង ចែក​រំលែក​ចំ​ណេះ​ដឹង​វិទ្យាសាស្ត្រ​ថ្មីៗ​ជូន​ដល់​អ្នក​ជំនាញ​ថែទាំ​សុខភាព និង​ចូលរួម​ក្នុង​សកម្មភាព​ស​ង្គ​ម​ជា​ច្រើនទៀ​ត​ផង​៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម