• 2019-10-05 08:33:59
  • សុខភាព

រលាកស្រោមខួរ ជា​ជំងឺ​ដ៏គ្រោះថ្នាក់​ ដែលគ្រប់គ្នាគួរ​យល់ដឹង!

  • 2019-10-05 08:33:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តប្រមាណ១២០នាក់ បាន​ជួបជុំគ្នាដើម្បីពិភាក្សាផ្តោះប្តូរយោបល់ស្តីពី “បច្ចុប្បន្នភាពនៃជំងឺរលាកស្រោមខួរបង្កដោយបាក់តេរី Meningococcus (IMD)” ដែលព្រឹត្តិការណ៍នេះរៀបចំឡើងដោយក្រុមហ៊ុនសាណូហ្វីកម្ពុជា នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី០៤ តុលា ២០១៩។

នៅក្នុងព្រឹត្តិការណ៍នេះផងដែរ អ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានជជែកអំពី អេពីដេមីសាស្រ្ត និងបន្ទុកនៃជំងឺរលាកស្រោមខួរបង្កដោយបាក់តេរី Meningococcus ការចែករំលែកពីបទពិសោធន៍នៃការការពារដ៏សកម្មចំពោះជំងឺដ៏គ្រោះថ្នាក់ដែលបង្កដោយមេរោគ Meningococcus និន្នាការថ្មីនៃការប្រើប្រាស់ថ្នាំបង្ការលើពិភពលោក ជាពិសេស គុណតម្លៃនៃថ្នាំបង្ការជំងឺរលាកស្រោមខួរបង្កដោយមេរោគ Meningococcus ដែលមាន ៤វ៉ាឡង់ ពោលគឺទិន្នន័យគ្លីនិក និងបទពិសោធន៍ជាក់ស្តែង។

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ជំងឺរលាកស្រោមខួរដែលបង្កដោយបាក់តេរី Meningococcus វិវឌ្ឍយ៉ាងឆាប់រហ័ស និងមានគ្រោះថ្នាក់ដល់អាយុជីវិត ហើយមានពេលវេលាតិចតួចសម្រាប់ការធ្វើរោគវិនិច្ឆ័យ និងព្យាបាល។ កុមារភាគច្រើនមានរោគសញ្ញាមិនជាក់លាក់នៅ ៤-៦ ម៉ោងដំបូង ប៉ុន្តែពួកគេស្ទើរនឹងបាត់បង់ជីវិតក្នុងរយៈពេល ២៤ម៉ោង។ ផលវិបាកដ៏កាចសាហាវក្នុងរយៈពេល ២៤ម៉ោង អាចវិវឌ្ឍទៅរកការស្លាប់យ៉ាងឆាប់រហ័ស ទោះបីជាអ្នកជំងឺបានទទួលនូវការព្យាបាលភ្លាមៗក៏ដោយ។ ២នាក់ក្នុងចំណោម ១០នាក់ដែលនៅរស់រានមានជីវិតមានផលវិបាកអចិន្ត្រៃយ៍ ដូចជា ថ្លង់ ខ្សោយសតិបញ្ញា ប្រកាច់ ពិការភាព ខូចអវយវៈ។

ចូលរួមជាវាគ្មិនក្នុងកម្មវិធីនេះ លោកស្រីវេជ្ជបណ្ឌិត May Montellano អតីតប្រធានកិច្ចការសង្គមផ្នែកជំងឺឆ្លងកុមារនៃប្រទេសហ្វីលីពីន បានមានប្រសាសន៍ថា ជំងឺរលាកស្រោមខួរដែលបង្កដោយបាក់តេរី Meningococcus គឺមានលក្ខណៈកម្រ ប៉ុន្តែវាជាបន្ទុកនៃសុខភាពសាធារណៈមួយ ហើយបង្កផលប៉ះពាល់ដល់អាយុជីវិត ដែលករណីស្លាប់មានចន្លោះ ១០-១៥% ហើយប្រហែល ២០%នៃអ្នកជំងឺប្រឈមផលប៉ះពាល់ពេញមួយជីវិតបន្ទាប់ពីព្យាបាលរួច។ ក្រុមមេរោគបង្កជំងឺរលាកស្រោមខួរប្រែប្រួលតាមតំបន់ និងពេលវេលា។ វាតម្រូវឲ្យយើងយកចិត្តទុកដាក់ខ្ពស់ ដូច្នេះការការពារ គឺពិតជាមានសារៈសំខាន់។

លោកស្រីវេជ្ជបណ្ឌិត Dizon Ruby ប្រធានជំនាញកិច្ចការវេជ្ជសាស្រ្តនៃក្រុមហ៊ុន Sanofi Pasteur ប្រចាំប្រទេសវៀតណាម និងកម្ពុជា បានពន្យល់ថា ជំងឺរលាកស្រោមខួរដែលបង្កដោយបាក់តេរី Meningococcus គឺជាការចម្លងមេរោគដោយបាក់តេរីស្រួចស្រាវបង្កដោយបាក់តេរីឈ្មោះ Neisseria meningitides ដោយមានប្រភេទ A, B, C, Y, X, និង W ដែលជួបជាញឹកញាប់ ជាពិសេសជំងឺរលាកស្រោមខួរ ការចម្លងរោគក្នុងចរន្តឈាម និងជំងឺផ្សេងៗទៀត។ ជំងឺរលាកស្រោមខួរនេះឆ្លងតាមរយៈការដកដង្ហើមចូល។

វេជ្ជបណ្ឌិត Nguyen Huu Tri អ្នកគ្រប់គ្រងផ្នែកកិច្ចការវេជ្ជសាស្ត្រនៃក្រុមហ៊ុន Sanofi Pasteur ប្រចាំនៅប្រទេស វៀតណាម និងកម្ពុជា បានលើកឡើងថា យោងតាមមជ្ឈមណ្ឌលការពារ និងគ្រប់គ្រង់ជំងឺ (CDC) មនុស្សពេញវ័យមានអត្រាផ្ទុកជំងឺនេះខ្ពស់ជាង ប៉ុន្តែអត្រានៃករណីកើតជំងឺនេះខ្ពស់ជាងសម្រាប់ទារក និងកុមារ។

ក្រុមហ៊ុន Sanofi Pasteur តែងតែតាំងចិត្តនាំយកដំណោះស្រាយថ្មីៗផ្នែកសុខភាពជូនដល់ប្រជាជន និងជឿជាក់យ៉ាងមុតមាំក្នុងពិភពលោកមួយដែលមិនមាននរណាម្នាក់ទទួលរងគ្រោះ ឬស្លាប់ដោយសារជំងឺដែលអាចការពារបានដោយថ្នាំបង្ការ។ នេះបើតាមប្រសាសន៍របស់លោក David Tick ប្រធានផ្នែកថ្នាំបង្ការនៃក្រុមហ៊ុនSanofi Pasteurប្រចាំនៅប្រទេស វៀតណាម និងកម្ពុជា។ លោកបានបន្ថែមថា “នេះគឺជាដំណឹងល្អមួយសម្រាប់កុមារ និងអាណាព្យាបាល ជាពិសេសសម្រាប់ប្រជាជនកម្ពុជាតែម្តង។ យើងមានមោទនភាពដោយអាចនាំយកថ្នាំបង្ការជំងឺរលាកស្រោមខួរដែលមាន៤វ៉ាឡង់ អាចការពារជំងឺរលាកស្រោមខួរបង្កដោយបាក់តេរី Meningococcus មកកាន់ប្រទេសកម្ពុជា។”

កញ្ញា Monsinee Sathirakawinskul អគ្គនាយិកាក្រុមហ៊ុនសាណូហ្វីកម្ពុជាបានសង្កត់ធ្ងន់ថា “យើងជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចសហការយ៉ាងសកម្ម និងការគាំទ្រដ៏រឹងមាំពីសំណាក់ដៃគូររបស់យើងដូចជា អ្នកប្រកបវិជ្ជាជីវៈផ្នែកសុខភាព ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ យើងអាចសម្រួលបន្ទុកនៃជំងឺរលាកស្រោមខួរបង្កដោយបាក់តេរី Meningococcus បាន ដើម្បីឲ្យប្រជាជនរស់នៅក្នុងជីវិតមួយដ៏ពេញលេញ៕”

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី