• 2019-10-08 07:36:00
  • ព័ត៌មាន

៦ព្រឹត្តិការណ៍សំខាន់ៗរបស់បារខែមអាស៊ាន២០១៩ បើមិនបានទៅប្រយ័ត្នស្តាយក្រោយ

  • 2019-10-08 07:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បារខែមអាស៊ានគឺជាសន្និសិទនិងពិព័រណ៍ បច្ចេកវិទ្យា ធំបំផុតនៅកម្ពុជាដែលមានរយៈពេល2ថ្ងៃ ទាក់ទងទៅ នឹងបច្ចេកវិទ្យា សហគ្រិនភាព ការបង្កើតអាជីវកម្ម ការច្នៃប្រឌិត និងព័ត៌មានវិទ្យាជាដើម ដោយមានការចូលរួមពីវាគ្មិនជោគជ័យនិងល្បីៗជាច្រើនរូបក្នុងការចែករំលែកនូវទស្សនៈនិងបទពិសោធន៍របស់ពួកគេទៅកាន់អ្នកចូលរួម។ មិនតែប៉ុណ្ណោះបារខែមអាស៊ានក៏មាន ការតាំងពិព័រណ៍របស់ក្រុមហ៊ុនជាច្រើនដែលអ្នកចូលរួមអាចដើរទស្សនាបាន ដោយសេរី។

បារខែម អាស៊ានឆ្នាំ២០19នេះ នឹងធ្វើឡើងនៅថ្ងៃទី ១២ ១៣ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ នៅឯវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា។ នៅក្នុងរយៈពេល២ថ្ងៃនេះ កម្មវិធីបារខែមអាស៊ាន២០១៩មាន៦កម្មវិធីដែលមិនអាចរំលងបាន៖

1. ព្រឹត្តិការណ៏ Breakout Sessions: គឺជាកម្មវិធីស្នូលរបស់ព្រឹត្តិការណ៍បារខែម ធ្វើឡើងដើម្បីផ្តល់ជាជម្រើសដល់អ្នកចូលរួម អាចស្វែងរកប្រធានបទដែលពួកគាត់ចង់ចូលរួម។ ២ថ្ងៃនៃកម្មវិធីនេះ មានរហូតទៅដល់ 7 វគ្គជាមួយ 70 ប្រធានបទ។ ប្រធានបទទាំងនេះ សុទ្ធសឹងតែជាប្រធានដែលគួរឲ្យចាប់អារម្មណ៍ និងរៀបចំដោយវាគ្មិនល្បីៗ និងមានបទពិសោធន៍ខ្ពស់។

2. ព្រឹតិ្តការណ៍ Smart TechTalk៖ គឺជាកិច្ចសហប្រតិបត្តិការណ៍រវាងក្រុមការងារបារខែមអាស៊ាន និងក្រុមហ៊ុន SMART Axiata។ វាធ្វើឡើងដើម្បីផ្តល់ឱកាស និងពិភាក្សាគ្នាពីបព្ហាប្រឈម នៅក្នុងប្រព័ន្ធអេកូស៊ីស្ទែមរបស់បច្ចេកវិទ្យានៅក្នុងកម្ពុជា។ នៅក្នុងព្រឹត្តិការណ៍នេះក៏មានការប្រកួតប្រជែងធំៗដូចជា Seedstars Lean Launchpad និង Seedstars Phnom Penh ដែលធ្វើឡើងនៅថ្ងៃទី១៣ តុលា ២០១៩ ចាប់ពីម៉ោង ៨:៣០ព្រឹក រហូតដល់ ៥:៣០ល្ងាច។

3. ព្រឹត្តិការណ៍ Tech Product Demo៖ គឺព្រឹត្តិការណ៏ផ្តួចផ្តើមឡើងរបស់ KOOMPI រួមសហការណ៍ជាមួយនឹងព្រឹតិ្តការណ៍បារខែមអាស៊ាន២០១៩។ វាជាវេទិកាចែករំលែកនិងបង្ហាញអំពីគម្រោងទៅលើ Software និង Hardware ថ្មីៗដែលពួកគេកំពុងធ្វើការអភិវឌ្ឍ និងមានអ្នកចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកនិងក្រុមសិស្សនិស្សិតមួយចំនួនផងដែរ។ អ្នកចូលរួមក៏អាចមានឱកាសស្ដាប់នូវការចែករំលែកពីបទពិសោធន៍របស់វាគ្មិនក្នុងការ អភិវឌ្ឍទៅលើផលិតផលទាំងអស់នោះផងដែរ។

4. ពិព័រណ៍បង្ហាញស្នាដៃរបស់សិស្សនិស្សិត (Students Showcase)៖ គឺជាកម្មវិធីពិព័រណ៍តាំងបង្ហាញនូវស្នាដៃផ្នែកបច្ចេកវិទ្យារបស់សិស្សនិស្សិតសកលវិទ្យាល័យនិងសាលានានានៅក្នុងកម្ពុជា ដោយនផ្តោតសំខាន់លើបច្ចេកវិទ្យាការច្នៃប្រឌិតការបង្កើតថ្មីផ្ដល់ជាប្រយោជន៍ដល់សង្គម។ កម្មវិធីនេះបានលើកទឹកចិត្តដល់សិស្សនិស្សិតអោយខិតខំ និងចំណាយពេលស្រាវជ្រាវបង្កើតគំនិតល្អ។ កម្មវិធីនេះមាន ១៣ ក្រុម ក្នុងវគ្គប្រកួតប្រជែងដែលមានការចូលរួមដាក់ពិន្ទុពី សំណាក់គណកម្មការទៅលើស្នាដៃសមិទ្ធផលដែលពួកគាត់ដែលបានបង្កើតឡើង ហើយនិងការផ្ដល់ជារង្វាន់លើកទឹកចិត្តទៅកាន់ម្ចាស់ជ័យលាភីផងដែរ។

5. កម្មវិធី Panel Discussion & Talk៖ មាន ប្រធានបទ e-Founder Talk, CTO Talk, Meet the Cambodia Streamers។ កម្មវិធីនេះបានប្រមូលផ្តុំ CTO (Chief Technology Officer) ចំណានៗ មកពីបណ្តាស្ថាប័នល្បីៗ ដើម្បីមកចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងជំនាញសំខាន់នានា ដើម្បីដោះស្រាយ ផ្លាស់ប្តូរយោបល់ និងជជែកវែកញែកជុំវិញការរីកចម្រើនរបស់បច្ចេកវិទ្យានៅកម្ពុជា ក៏ដូចជាក្នុងពិភពលោកដែរ។ កម្មវិធីមួយទៀត ដែលក្រុមការងារបារខែមចង់ណែនាំជូនប្រិយមិត្តនោះ គឺកម្មវិធី Streamer Talk។ ជួបជាមួយកញ្ញា Henaa (Henaa Gaming) លោក រៀម (Ream Angkor) និងលោកសំ សុផានី (Paragon Gaming) ដែលអ្នកទាំងបីរូបនេះ នឹងធ្វើការបកស្រាយនូវចម្ងល់មួយចំនួនជុំវិញបញ្ហា Streaming ដែលកំពុងតែក្លាយជា ប្រធានបទដ៏ក្តៅគគុកនៅក្នុងកម្ពុជា។

6. ការប្រកាសពានរង្វាន់ Cambodia Rice Bowl Startup Awards៖ ធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩ វេលា ម៉ោង ១១ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់។ អ្នកដែលចូលរួមក្នុងការប្រកួតយកពានរង្វាន់នេះ សុទ្ធសឹងតែជា Startups ដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ហើយដែលអ្នកឈ្នះកម្មវិធីនេះ នឹងចូលរួមបន្តនៅ ASEAN Rice Bowl Startup Awards ដែលនឹងប្រារព្ធនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ (ព័ត៌មានបន្ថែម៖ http://ricebowlawards.com/)

លោកអ្នកអាចចុះឈ្មោះតាមរយៈ Link ខាងក្រោមដើម្បីមានឱកាសទទួលបាននូវអាវយឺតដ៏ ស្រស់ស្អាតមួយ៖ https://barcampasean2019.eventbrite.com/

**ចំណាំ៖ ចូលរួមដោយសេរី!!!

អត្ថបទ៖ Khun Pisith

មតិយោបល់