• 2019-10-13 05:54:34
  • ព័ត៌មាន

ស្អាត​ប្លែក​ ! ​រូប​សំណាក​​ដំរី តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ ​​នឹង​ត្រូវ​ដាក់​តាំង​នៅ​សួន​ច្បារ​ខេត្ត​មណ្ឌល​គិរី​

  • 2019-10-13 05:54:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបសំណាក​ដំរី​ កម្ពស់​ជិត​៣​ម៉ែត្រ នឹង​ត្រូវ​ដាក់​​​ក្នុង​នៅ​ក្នុង​សួន​ច្បារ​សែន​មនោរម្យ ​​ខេត្ត​មណ្ឌល​គិរី​ដើម្បី​បង្ហាញ​ដល់​សាធារណៈ​ជន​ និង​ភ្ញៀវ​ទេសចរ​ មក​ទស្សនា​កម្សាន្ត​ ក្នុង​ពេល​ឆាប់​ៗ​នេះ។ ​រូបសំណាក​ដំរី​នេះ​​ត្រូវ​​បាន​កែ​ច្នៃ​ពី​​គ្រឿង​រណា​យន្ត​​ និង​ជា​វត្ថុ​តាំង​រឹប​អូស​ពី​ជន​ល្មើស​ ​​ព្រៃ​ឈើ​​កាល​ពី​ពេល​កន្លង​មក។ ​

ក្នុង​ឱកាស​ចុះ​មើល​ទីតាំង​កាល​ពី​​ថ្ងៃ​ទី​១២ ខែ​តុលា​ ម្សិល​មិញ​ ​ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាលខេត្ត បាន​ឱ្យ​ដឹង​ថា ​ការ​រៀប​ចំ​ដាក់​តាំង​រូប​សំណាក​ដំរី​ នៅ​លើ​សួន​ច្បារ​សែន​មនោរម្យ​ ក្នុង​ក្រុង​សែន​មនោរម្យ​នា​ពេល​ខាង​មុខ​នេះ ​គឺ​ជា​រូប​សំណាក់​ ដែល​កែ​ច្នៃ​អំពី​គ្រឿង​រណា​យន្ត​ និង​ជា​វត្ថុ​តាំង​ ដែល​មន្ត្រី​ជំនាញ​រឹប​អូស​បាន​ពី​ជន​ល្មើស​នានា​ ដែល​លួច​កាប់​ឈើ​កន្លង​មក​ក្នុង​ខេត្ត​មណ្ឌលគិរី​។

​រូប​សំណាក​ដំរី​នេះ ​មាន​កម្ពស់​២.៨០​ម៉ែត្រ ​សាង​សង់​ពី​គ្រឿង​រណា​យន្ត​ ដើម្បី​តម្កល់​ទុក​ជា​វត្ថុ​តាង​ ដល់​សាធារណជន​ ដូច្នេះ​ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ ក៏​ដូច​ជា​មន្ទីរ​ជំនាញ ​បាន​ធ្វើ​គម្រោង​ស្នើ​សុំ​ទៅ​ក្រសួង ​ដើម្បី​យក​វត្ថុ​តាង​ទាំង​នេះ ​កែ​ឆ្នៃ​ទៅ​ជា​រូប​ដំរី ​ដើម្បី​ដាក់​តាំង​លើ​សួនច្បារ​សែន​មនោរម្យ​ ក្នុង​គោល​បំណង​២៖

​ទី១.​ កែ​លម្អ​បរិវេណ​សួនច្បារ ​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ ចូល​ទស្សនា​មើល ​ទី​២​. រូប​សំណាក់​ដំរី​នេះ ​សាង​សង់​អំពី​គ្រឿង​រណា​យន្ត​ទាំង​អស់ ​ដែល​ជា​វត្ថុ​តាំង​ បម្រើការ​ងារ​ឱ្យ​បទល្មើស​ដែល​រឹបអូស​បាន​ពី​ជន​ល្មើស ​និង​ដើម្បី​តម្កល់​ទុក​ ក៏​ដូច​ជា​សារមន្ទីរ​មួយ​ បង្ហាញ​ពី​ការ​កែ​ច្នៃ​ ការ​ដាក់​តាំង​ ទុក​ឱ្យ​សាធារណជន​​ និង​កូន​ចៅ​ជំនាន់​ក្រោយ ​បាន​ចាត់​ទុក​​ថា​ ស្នាដៃ​របស់​ថ្នាក់​ដឹក​នាំ​ខេត្ត ​និង​មន្ត្រី​ជំនាញ​ជំនាន់​មុន ​បាន​គិត​គូ​សាង​សង់​រូប​សំណាក់​ដំរី​​នេះ​។ ​​ការ​កែ​ច្នៃ ​និង​រៀប​ចំ​ដាក់​តាំង​រូប​សំណាក់​ដំរី​ នៅ​លើ​សួនច្បារ​សែន​មនោរម្យ​មាន​តម្លៃ​ជាង ​២ម៉ឺន​ដុល្លារ​ នេះ​គ្រាន់​តែ​ថ្លៃ​ឈ្នួល ​មិន​ទាន់​គិត​ថ្លៃ​​សម្ភារៈ​ទេ។ ​ លោក ​ឌិន​ ប៊ុនធឿន ​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ​បាន​ឲ្យ​ដឹង​ថា ​ការ​សាង​សង់​រូប​សំណាក់​ដំរី​នេះ​ ដោយ​មានការ​គិត​គូរ​ពី​ថ្នាក់​​ដឹក​នាំ​ក្រសួង​បរិស្ថាន​ ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត​ មាន​ការ​ចូល​រួម​ឧបត្ថម្ភ​ពី​អង្គការ​WWF​ អង្គការ​WCS​ និង​ក្រុម​ហ៊ុន​រ៉េ​នីសង់ ​មន្ទីរ​បរិស្ថាន​ខេត្ត ​បាន​រៀប​ចំ​កៃ​ច្នៃ​​គ្រឿង​រណា​យន្ត​ ដែល​មន្ត្រី​ជំនាញ​រឹប​អូស​ពី​ជន​ល្មើស ​ដើម្បី​សាង​សង់​ធ្វើ​ជា​រូប​សំណាក់​ដំរី​ ​ចំនួន​០១​ ដែល​មាន​កម្ពស់​២.៨០​ម៉ែត្រ ​ចំណាយ​ថវិកា​ប្រមាណ​ជាង ​២ម៉ឺនដុល្លា​ សម្រាប់​តម្កល់​ទុក​នៅ​លើ​បរិវេណ​សួនច្បារ​សែន​មនោរម្យ ​ក្នុង​ខេត្ត​មណ្ឌល​គិរី​។

ឯកឧត្ដម ​អភិបាល​ខេត្ត ​បាន​​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ កុំ​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ ​ពិសេស ​ការ​កាប់​ទន្ទ្រាន​ដី​របស់​រដ្ឋ ​ធ្វើ​ជា​កម្ម​សិទ្ធ ​ហើយ​ថែទាំ​។​សូម​បញ្ឈប់​មុខ​របរ​កាប់​ឈើ ដើម្បី​យក​ទៅ​លក់ ​ដែល​ជា​មុខ​របរ​បណ្ដាល​ឱ្យ​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត ​និង​បំផ្លាញ​នូវ​ធនធានធម្មជាតិ​ ឱ្យ​ងាក​មក​បង្ក​បង្កើន​មុខ​របរ​ណា​ ដែល​ត្រឹម​ត្រូវ​ ​ដូច​ជា​ការ​ដាំ​ដុះ​ដំណាំ​កសិឧស្សាហកម្ម​ ដែល​ជា​មុខ​របរ​យូរ​អង្វែង​៕​

អត្ថបទ៖ សុផល

មតិយោបល់
អត្ថបទពេញនិយម