- 2019-10-14 03:30:51
- ព័ត៌មាន
រំឭកសម្ដីរបស់អតីតទូតអាម៉េរិកនៅខ្មែរឆ្នាំ១៩៧៥ ពេលអាម៉េរិកទៅចោលកម្ពុជា
- 2019-10-14 03:30:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំឭកសម្ដីរបស់អតីតទូតអាម៉េរិកនៅខ្មែរឆ្នាំ១៩៧៥ ពេលអាម៉េរិកទៅចោលកម្ពុជា
ចន្លោះមិនឃើញ
ក្រោយពីទាហានតួកគីវាយប្រហារលើពួកឃឺតនៅភាគខាងជើងប្រទេសស៊ីរីកាលពីថ្ងៃពុធសប្ដាហ៍មុន សហរដ្ឋអាម៉េរិកនៅពេលនេះ បានប្រកាសដកកងទ័ពរបស់ខ្លួនចេញពីភាគខាងជើងប្រទេសនេះដែរ។
ពួកឃឺតកាលដើមឡើងមានអាម៉េរិកជាអ្នកគាំទ្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកISIS។ ប៉ុន្តែនៅពេលនេះតួកគីដែលជាសម្ព័ន្ធមិត្តរបស់NATO បានវាយប្រហារលើពួកឃឺតដោយថាដើម្បីដេញពួកឃឺតចេញពីព្រំដែននៅស៊ីរីនិងបង្កើតតំបន់សុវត្ថិភាពមួយសម្រាប់ការវិលត្រឡប់របស់ជនភៀសខ្លួនស៊ីរី។
ការសម្រេចដកទ័ពរបស់ អាម៉េរិកត្រូវបានមេដឹកនាំឃឹតនិយាយថានេះ «ជាការលួចចាក់ពីក្រោយខ្នង» ប៉ុន្តែលោកត្រាំបានការពារចំណាត់ការរបស់ខ្លួនថានេះជាពេលដែលត្រូវដកខ្លួនពីសង្គ្រាមដែលគ្មានទីបបញ្ចប់នេះ។ នេះបើតាមសេចក្ដីរាយការណ៍របស់BBC។
ការចាកចេញរបស់អាម៉េរិកនេះធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមកម្ពុជាមួយចំនួនបានរំឭកដល់ពេលដែលអាម៉េរិកបោះបង់កម្ពុជាកាលពីឆ្នាំ១៩៧៥ និងទុកឲ្យកម្ពុជាធ្លាក់ក្នុងដៃខ្មែរក្រហម និងបានធ្វើឲ្យប្រជាជនកម្ពុជាប្រហែលពីរលាននាក់បានបាត់បង់ជីវិត។
ការដកទព័ពអាម៉េរិកចុងក្រោយចេញពីកម្ពុជានៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥ នេះត្រូវបានអតីតរដ្ឋទូតអាម៉េរិកលោក John Gunther Dean ចាត់ទុកថា៖ «ជាការបោះបង់កម្ពុជាទុកឲ្យពួកឃាតករ»។
ខាងក្រោមនេះជាសម្រង់សម្ដីរបស់លោកJohn Gunther Dean ដែលត្រូវបានសារព័ត៌មាន Business Insider ដកស្រង់យកមកចុះផ្សាយកាលពីឆ្នាំ២០១៥។
លោកមានប្រសាសន័ថា៖ «នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥ ជាថ្ងៃដែលអាម៉េរិកបោះបង់កម្ពុជា និងបានប្រគល់វាទៅឲ្យឃាតករ»។
លោកមានប្រសាសន៍ទៀតថា៖ «យើងបានទទួលធ្វើជាអ្នកទទួលខុសត្រូវលើកម្ពុជា ហើយក្រោយមកយើងក៏បានដើរចេញ ដោយមិនបានបំពេញតាមការសន្យារបស់យើង នេះជារឿងអាក្រក់មួយដែលប្រទេសមួយបានធ្វើ...ពេលនោះខ្ញុំយំ ព្រោះខ្ញុំបានដឹងថានឹងមានអ្វីកើតឡើងនៅកម្ពុជា»។
លោករំឭកពីពេលនោះទៀតថា៖ «ខ្ញុំបរាជ័យ...ខ្ញុំបានព្យាយាមយ៉ាងខ្លាំងនាពេលនោះ...ខ្ញុំបានយកមនុស្សជាច្រើនតាមដែលអាចធ្វើបាន មានជាច្រើនរយនាក់ ខ្ញុំបានយកពួកគេចេញពីកម្ពុជា ប៉ុន្តែខ្ញុំមិនអាចនាំមនុស្សមួយប្រទេសចេញបានទេ»។
លោកបញ្ជាក់ទៀតថា៖ «ពេលនោះយើងបានស្រែកប្រាប់ក្រុងវ៉ាស៊ីនតោនតាមទូរសព្ទ ជួយពួកយើងផង យើងត្រូវទុកប្រទេសនេះចោល ដោយគ្មានអ្នកការពារ...ប៉ុន្តែក្រុងវ៉ាស៊ីនតោនមិនតបអ្វីទេ»។
គួរបញ្ជាក់ថាលោកJohn Gunther Dean បានផ្ដល់បទសម្ភាសន៍នេះកាលពីឆ្នាំ២០១៥ ក្នុងវ័យ៩៣ឆ្នាំ ហើយលោកបានទទួលមរណភាពកាលពីខែកក្កដា ឆ្នាំ២០១៩៕