• 2019-10-17 02:16:38
  • ព័ត៌មាន

សព​សត្វប្រើស​មួយ​ក្បាល​នឹង​ដឹកពី​ខេត្តព្រះវិហារ​ទៅ​សៀម​រាប​ដើម្បីធ្វើជា​រូបសំណាក​

  • 2019-10-17 02:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាំ​ពាក្យ​ក្រ​សួង​បរិស្ថាន​ឲ្យ​ដឹងថា​សត្វប្រើស​មួយ​ក្បាល​ដែល​ត្រូវ​ព្រាន​ព្រៃ​បាញ់​ស្លាប់​កាលពី​ម្សិល​មិញ​នៅ​ខេត្ត​ព្រះ​វិហារ​​នឹង​ត្រូវ​ដឹក​ទៅ​កាន់​ខេត្ត​សៀម​រាប ដើម្បី​ធ្វើ​ជា​រូបសំណាក​​ទុក​បម្រើ​ផល​ប្រ​យោជន៍​សម្រាប់​ការ​សិក្សា​ផ្នែក​វិទ្យាសាស្រ្តអំពី​ជីវៈ​ចម្រុះ។

(រូបភាព៖ ក្រសួង​បរិស្ថាន)

ឯកឧត្តម នេត្រ ភក្រ្តា អ្នក​នាំពាក្យ​ក្រ​សួង​បរិស្ថាន​បាន​ឲ្យ​ដឹង​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រ​សួង​នា​ព្រឹក​នេះ​ថា​ក្នុង​រយៈពេល​ពីរ​ខែ​ចុងក្រោយនេះ​សត្វ​ប្រើស​ចំនួន​បី​ក្បាល​ហើយ​បាន​ស្លាប់​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ។ សត្វប្រើស​ទី​មួយ​បាន​ស្លាប់​ដោយ​សារ​រថយន្ត​បុក មួយ​ក្បាល​ទៀត​ត្រូវព្រាន​ព្រៃ​បាញ់​សម្លាប់ និង​មួយ​ក្បាល​ចុងក្រោយ​ស្លាប់​កាលពី​ម្សិល​មិញ​នេះ​ក៏​ត្រូវ​ព្រាន​ព្រៃ​បាញ់ដោយ​កាំភ្លើង​ច្នៃ​ចំក បណ្ដាល​ឲ្យ​ស្លាប់។

ឯកឧត្តម​ឲ្យ​ដឹងថា​សត្វប្រើស​នីមួយៗមាន​ទម្ងន់​២០០​គីឡូក្រាម ហើយ​សត្វប្រើស​ស្លាប់​ចុង​ក្រោយ​នេះ​បាន​រត់​មក​ដល់​ភូមិ​អ្នកស្រុក​នៅ​ជាប់​នឹង​ដែនជម្រក​សត្វព្រៃ​ព្រះរការ ក្នុង​ខេត្ត​ព្រះ​វិហារ​។ សម្រាប់​សព​សត្វ​ប្រើស​នេះ​ក៏​ត្រូវ​ប្រ​ជា​ពល​រដ្ឋ​ធ្វើ​ពិធី​សាសនា​ឧទ្ទិស​កុសល​ដល់​សត្វ​ប្រើស​នេះ​ផងដែរ​។

(រូបភាព៖ ក្រសួង​បរិស្ថាន)

ក្រៅពីនេះ​ឯកឧត្តម​បញ្ជាក់ថាសព​​សត្វប្រើស​នេះ​នឹង​​ត្រូវ​ដឹក​ទៅ​កាន់​ខេត្ត​សៀម​រាប​ដើម្បី​ធ្វើជា​រូប​សំណាកទុក​បម្រើ​ផល​ប្រ​យោជន៍​សម្រាប់​ការ​សិក្សា​ផ្នែក​វិទ្យាសាស្រ្តអំពី​ជីវៈ​ចម្រុះ និងសម្រាប់ការដាក់តាំងពិព័រណ៌សម្រាប់សាធារណជនទស្សនាពេលមានពិព័រណ៌នានាដែលក្រសួងបរិស្ថាន ចូលរួម។ ។

ក្នុង​សេចក្ដីប្រ​កាសព័ត៌មាន​សរសេរទៀតថា៖ «ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាបទល្មើសសត្វព្រៃនៅតែកើតមាន ប៉ុន្តែថា ចំនួននៃបទល្មើស​មានការថយចុះ​ដោយសារ​តែការរឹតបន្តឹង​ការអនុវត្តច្បាប់​ប្រឆាំងនឹងក្រុមជនល្មើស​ ការទប់ស្កាត់បង្ក្រាបបទល្មើស និងការដក​អន្ទាក់ពីក្នុង​ព្រៃ ​ការចុះផ្សព្វផ្សាយអប់រំ ណែនាំ ​ការចុះបិទខិត្តប័ណ្ណ រាយការណ៍ពីបទល្មើសសត្វព្រៃផ្សេងៗ »៕

អត្ថបទ៖ ទូច សុខា

មតិយោបល់