• 2019-10-25 08:19:21
  • សេដ្ឋកិច្ច

កសិដ្ឋាន​ចិញ្ចឹម និងផលិតទឹកដោះ​គោស្រស់ ​​តម្លៃ​ជាង​ ១០លានដុល្លារ ​នៅ​ខេត្ត​តាកែវ​នឹង​ដំណើរ​ការ​ដើម​ឆ្នាំ​ក្រោយ

  • 2019-10-25 08:19:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កសិដ្ឋាន​ចិញ្ចឹម​គោ និង​កែ​ច្នៃ​ទឹក​ដោះ​គោ​តម្លៃ​ជាង​ ១០លានដុល្លារ  ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​ឧកា​សាំង​ ឃុំ​កណ្ដឹង ស្រុក​បាទី ​ខេត្ត​តាកែវ ​​គ្រោង​នឹង​ដំណើរ​ការ​សង្វាក់​ផលិត​​កម្ម​របស់​ខ្លួន​នៅ​ដើម​ឆ្នាំ២០២០​ ខាង​មុខ​។ នេះ​បើ​តាម​ប្រសាសន៍​លោក​ ឯកឧត្ដម តាន់ ផាន់​ណារ៉ា​ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ​និង​ផលិត​កម្មសត្វ​ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ថ្លែង​ប្រាប់ sabay​។

ឯកឧត្ដម តាន់ ផាន់ណារ៉ា បាន​បន្ថែម​ថា ​ការ​ចិញ្ចឹម​គោ និង​ការ​កែ​ច្នៃ​ទឹក​ដោះ​គោ​របស់​ក្រុមហ៊ុន​ KHMER FRESH MILK CO.,LTD  ​​​អាច​នឹង​ដំណើរ​ការ​នៅ​ដើម​​ឆ្នាំ​​ ២០២០ ព្រោះ​ផែន​ការ​ការ​ងារ​របស់​ក្រុមហ៊ុន​លឿន​ ខណៈ​រដ្ឋ ​បាន​ជួល​ដី​ឱ្យ​ក្រុមហ៊ុន​ចំនួន ​៣៩០ហិចតា ​ក្នុង​ភូមិសាស្ត្រ​ខាងលើ​​ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​។​ “អញ្ចឹង​ខ្ញុំ​គិត​ថា ក្រុមហ៊ុន​នឹង​ដំណើរ​ការ​ឆាប់​ៗ​ហ្នឹង ហើយ​ខ្ញុំ​រំពឹង​នៅ​ដើម​ឆ្នាំ​២០២០ អាច​ដំណើរ​ការ​បាន​”។​

ក្រឡេក​ទៅ​មើល​ដំណើរ​ការ​សាង​សង់​ នៃ​​រោងចក្រ​កែ​ច្នៃ​ទឹក​ដោះ​គោ ​កាល​ពី​ចុង​សប្ដាហ៍​មុន ​ក្នុង​ភូមិ​ឧកា​សាំង ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្ត​តាកែវ ​ គេ​សង្កេត​ឃើញ​​ការដ្ឋាន​កំពុង​ដំណើរ​ការ​យ៉ាង​សកម្ម​ និង​បាន​លេចចេញ​ជារូបរាង​ខ្លះ​ៗ​ហើយ​​។ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) កាល​ពី​ជាង​ពីរ​ខែមុន​ បាន​អនុម័ត​គម្រោង​ វិនិយោគ​របស់​ក្រុម​ហ៊ុន​ KHMER FRESH MILK CO.,LTD  ក្នុង​ការ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹក​ដោះ​ និង​រោង​ចក្រ​កែ​ច្នៃ​ទឹកដោះ​គោ​ ដែល​មាន​ទីតាំង​វិនិយោគ​ ស្ថិត​នៅ​ភូមិ​ឧកាសាំង ឃុំ​កណ្ដឹង ​ស្រុក​បាទី​ ខេត្ត​តាកែវ ​មាន​ទុន​វិនិយោគ ​១០លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៧កន្លែង។

លោក ភួន ឈីម អភិបាល​ស្រុក​បាទី ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​គម្រោង​ខាងលើ​​​ និង​ថា ដើម​ឡើយ​បាទី​​ គឺជា​ស្រុក​កសិកម្ម​ តែ​​បច្ចុប្បន្ន​កំពុង​ប្រែ​ក្លាយ​ជា​តំបន់​ទាក់ទាញ​ការ​វិនិយោគ​ផ្នែក​កសិ​ឧស្សាហ៍​កម្ម​បន្ថែម​ទៀត​។ ការ​វិនិយោគ​នេះ នឹង​បន្ត​ជំរុញ​ទីផ្សារ​ការងារ​ ខណៈ​បច្ចុប្បន្ន​រោងចក្រ​សហគ្រាស​ជា​ច្រើន​​​កន្លែង បាន​ផ្ដល់​ការងារ​ដល់​បងប្អូន​មួយ​ចំនួន​ធំ​រួច​ទៅ​ហើយ​។​ ​

បច្ចុប្បន្ន​កម្ពុជា​មាន​ កសិដ្ឋាន​ចិញ្ចឹម​គោ ​និង​កែ​ច្នៃ​ទឹក​ដោះ​គោ​ស្រស់​ចំនួន​ពីរ​កន្លែង​ទី​១ គឺ​កសិដ្ឋាន​ផលិត​ទឹកដោះគោ​ស្រស់​ម៉ូម៉ូហ្វាម (MOMO FARM) មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​អរិយក្សត្រ ឃុំ​អរិយក្សត្រ​ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។​កសិដ្ឋាន​នេះ ចិញ្ចឹម​គោ​ប្រមាណ ២០០ ​ក្បាល​ និង​គ្រោង​ពង្រីក​ការ​ចិញ្ចឹម​រហូត​ដល់​ជាង​ ១ពាន់​ក្បាល​នៅពេលអនាគត។ ទី​២ រោងចក្រ​កែច្នៃ​ និង​ផលិត​ទឹក​ដោះ​គោ​ស្រស់​​​ ដែល​ផ្ដួច​ផ្ដើម​ដោយ​រាជ​បណ្ឌិត្យ​​សភា​កម្ពុជា​​ មាន​ទីតាំង​ស្ថិត​ក្នុង​​ឧទ្យាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ តេជោ​សែន​ ឫស្សី​ត្រឹប ​​នៅ​លើ​ទឹកដី​ស្រុក​ឆែប នៃ​ខេត្ត​ព្រះវិហារ ។ ​កសិដ្ឋាន​នេះ​បច្ចុប្បន្ន​មាន​ចិញ្ចឹម​គោ​​ប្រមាណ​ ១០០​ក្បាល៕

អត្ថបទ៖ សុផល

មតិយោបល់
អត្ថបទពេញនិយម