• 2019-11-05 08:13:08
  • ព័ត៌មាន

ទៀតហើយ! ឆេះសម្បត្តិបេតិកភណ្ឌមួយទៀតរបស់ជប៉ុន បណ្ដាលឲ្យខូចខាតផ្ទួនៗ

  • 2019-11-05 08:13:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​ផ្ទះ​ខ្ទម​មួយ​ខ្នង​ដែល​ស្ថិត​ក្នុង​តំបន់​បេតិកភណ្ឌ​ជប៉ុន ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​នៅ​អាណា​ខេត្ត Gifu ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ។

យោង​តាម​របាយការណ៍​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ផ្ទះ​មួយ​ខ្នង​ដែល​ស្ថិត​នៅ​តំបន់​បេតិកភណ្ឌ​បុរាណ Gassho-Zukuri បាន​ឆាប​ឆេះ​នៅ​វេលា​ម៉ោង​ប្រមាណ ២:៤០នាទី​រសៀល។ ក្រុម​ពន្លត់​អគ្គិភ័យ បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ និង​ពន្លត់​ភ្លើង​ដោយ​ជោគជ័យ​ទាន់​ពេល​វេលា ហើយ​មិន​មាន​របាយការណ៍​ពី​អ្នក​រង​របួស​ណា​មួយ​នោះ​ទេ។ ក្រោយ​កើត​ហេតុ ប៉ូលិស​កំពុង​បើក​ការ​ស៊ើប​អង្កេត​ជុំវិញ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើត​ឡើង។

គួរ​ឲ្យ​ដឹង​ថា ភូមិ Gassho-Zukuri គឺ​ជា​តំបន់​បេតិកភណ្ឌ​មួយ​របស់ UNESCO ដែល​បាន​សាងសង់​អស់​រយៈ​ពេល​ជា​ច្រើន​រយ​ឆ្នាំ​មក​ហើយ និង​មាន​ភាព​ល្បីល្បាញ​ដោយ​សារ​ដំបូង​ប្រក់​ស្បូវ​។ លើស​ពី​នេះ​ទៀត ហេតុការណ៍​នេះ​កើត​ឡើង​រយៈ​ពេល​មិន​ដល់​មួយ​សប្ដាហ៍​ផង​ក្រោយ​ពេល​ដែល​ប្រាសាទ Shuri អាយុ​កាល​ជាង ៦០០​ឆ្នាំ​ត្រូវ​អគ្គិភ័យ​ឆាប​ឆេះ​ស្ទើរ​គ្មាន​សល់៕

ប្រភព៖ Japantimes ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់