• 2019-11-21 03:39:45
  • សេដ្ឋកិច្ច

គិតត្រឹម ខែសីហា ២០១៩ ការវិនិយោគវិស័យទេសចរណ៍មានទុនវិនិយោគសរុប ៩ពាន់លានដុល្លារ

  • 2019-11-21 03:39:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងក្នុងពិធីបើកវេទិកាវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជាលើកទី២នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគពីឆ្នាំ២០១៦ដល់ខែសីហា ឆ្នាំ២០១៩ មាន ៨១៣គម្រោង មានទុនវិនិយោគសរុបប្រមាណ ២២,៥ពាន់លានដុល្លារ ក្នុងនោះគម្រោងទេសចរណ៍ និងផ្នែកពាក់ព័ន្ធមានចំនួន ៣៨គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ៩ពាន់លានដុល្លា។

ពីឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០១៩ ការវិនិយោគក្នុងវិស័យទេសចរណ៍មានកើនឡើងគួរឲ្យកត់សំគាល់ប្រមាណ៤៧% ដោយឡែក ០៨ខែ ឆ្នាំ២០១៩នេះ ការវិនិយោគលើវិស័យទេសចរណ៍មានការកើនឡើងយ៉ាងគំហុករហូតដល់៩៤% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨។

ដើម្បីត្រៀមលក្ខណៈទទួលទេសចរអន្តរជាតិ ១៥លាននាក់ នៅឆ្នាំ២០៣០ រាជរដ្ឋាភិបាលមានគម្រោងកែលម្អផលិតផលទេសចរណ៍ដែលមានស្រាប់ រៀបចំធ្វើពិពិធកម្មផលិតផល និងគោលដៅទេសចរណ៍ថ្មីៗ និងប្លែកៗ ជាមួយ ការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍ធនធានមនុស្សផ្នែកទេសចរណ៍ ដោយផ្តោតលើជំនាញ។ ជាពិសេស ត្រូវយកចិត្តទុកដាក់បន្ថែមទៀត លើការរៀបចំបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ ទីក្រុងទេសចរណ៍ស្អាត និងបៃតងប្រកបដោយភាពទាក់ទាញ ទេសចរណ៍តំបន់ឆ្នេរ/កោះ មជ្ឈមណ្ឌល វិស្សមកាល និង កីឡាទេសចរណ៍ សួនកំសាន្តកុមារ ទេសចរណ៍សត្វព្រៃ សណ្ឋាគារប្រណីតៗលំដាប់ផ្កាយ៤ ផ្កាយ៥ ភោជនីយដ្ឋាន លំដាប់ខ្ពស់ ផ្សារលក់ទំនិញទំនើបៗ។

ការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ កំពង់ផែទេសចរណ៍ និងអាកាសយានដ្ឋាននៅតំបន់គោលដៅទេសចរណ៍មួយចំនួន គឺជាមូលដ្ឋានគ្រឹះ ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ស្របតាមទស្សនទាន បដិវត្តឧស្សាហកម្ម ៤.០។

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់
អត្ថបទពេញនិយម