• 2019-11-21 09:34:34
  • ព័ត៌មាន

មោទនភាព! ព្រលាន​យន្តហោះអន្តរជាតិ​ភ្នំពេញ ជាប់​ជា​ព្រលាន​ល្អបំផុត​ប្រចាំ​តំបន់​​អាស៊ី​ប៉ាស៊ីហ្វិក

  • 2019-11-21 09:34:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈមណ្ឌលសម្រាប់វិស័យអាកាសចរណ៍ (CAPA) បានជ្រើសរើសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាអាកាសយានដ្ឋានល្អបំផុតប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា​កន្លងទៅ នៅ​ប្រទេ​សសិង្ហបុរី។

ក្រុមប្រឹក្សានៃវិស័យអាកាសចរណ៍ បាន​ទទួលស្គាល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថាជា ​"អាកាសយានដ្ឋានក្នុងតំបន់ដែលបានបង្កើតខ្លួនជាអ្នកដឹកនាំនិងខិតខំបំផុតដើម្បីជំរុញវឌ្ឍនភាពនៃឧស្សាហកម្មអាកាសចរណ៍"។

នេះគឺជាពានរង្វាន់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ពីមជ្ឈមណ្ឌល CAPA ដែលជាអង្គការឈានមុខគេ និងគួរជាទីទុកចិត្តលំដាប់ពិភព​លោក។ វាជាពានរង្វាន់នៃឧត្តមភាពដែលត្រូវបានគេអោយតម្លៃខ្ពស់និងទទួលស្គាល់ដោយអ្នកជំនាញអាកាសចរណ៍ និងឧស្សាហកម្មទេសចរណ៍។

CAPA បាន​បញ្ជាក់ថា ការ​សម្រេច​​ប្រគល់ពាន​រង្វាន់​នេះ គឺ​ដោយ​មើលឃើញថា ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ បាន​បង្កើត​នូវ​យុទ្ធសាស្រ្ដ​ ដែល​នាំ​​ឲ្យ​មាន​កំណើន​អ្នកដំណើរ​ប្រកប​ដោយ​ចីរភាព​ ជាង​ ២៥​ភាគរយ​ ក្នុង​រយៈពេល​ ២​ឆ្នាំជាប់គ្នា (២០១៧ និង​២០១៨) និង​ ១៥​ភាគរយ​ កាលពី​ត្រីមាស​ទី​ ១ និង​ទី​ ៣ ​នា​ឆ្នាំ​២០១៩​ នេះ។ CAPA ក៏​បាន​ផ្ដល់​ពិន្ទុ​លើ​ការបញ្ចប់​យ៉ាងរហ័ស​លើ​ការងារ​ទាក់ទង​នឹង​ផ្លូវ​រត់ ដែល​បាន​ពង្រីក​សក្ដានុពល​សម្រាប់​សេវា​ហោះហើរ​ចម្ងាយ​ឆ្ងាយ និង​បាន​រួមចំណែក​ដល់​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា និង​បង្កើត​ការងារ​បន្ថែម​ដល់​ពលរដ្ឋ (គិត​រួមជាមួយព្រលាន​សៀមរាប និងព្រះសីហនុ)។

លោក Peter HARBISON ប្រធាន CAPA បាន​ថ្លែងថា​៖ អ្នក​ដំណើរ​បាន​កើន​ឡើង​ ៥០ភាគរយ ក្នុង​រយៈពេល ៣ឆ្នាំ (២០១៥ ដល់ ២០១៨) ចំណែក​សមត្ថភាព​ដឹកជញ្ជូន​ទំនិញ បាន​កើន​ឡើង​ស្ទើរ​តែ​ពីដង។

ចំណែក​លោក Alain BRUN អគ្គនាយក​ក្រុមហ៊ុន Cambodia Airports បាន​ឲ្យ​ដឹងថា ពាន​រង្វាន់​នេះ​ បាន​បញ្ជាក់​ពី​​គំរូ​ភាព​ជា​ដៃគូ​ឯកជន​សាធារណៈ​របស់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ​ដែល​ត្រូវបាន​អភិវឌ្ឍ​ប្រកប​ដោយ​ជោគជ័យ​ក្នុង​រយៈពេល​ ២៥ ​ឆ្នាំ​ចុង​ក្រោយនេះ​។ ភាព​ជា​គំរូ​នេះ នឹង​ធានា​ចក្ខុវិស័យ​រយៈពេល​វែង ទំនុកចិត្ត និង​ការវិនិយោគ​ជា​បន្ត ដែល​នឹង​ប្រែ​ក្លាយ​ទៅជា​កំណើន​អ្នកដំណើរ​ដ៏រឹងមាំ​ចាប់ពី​ ៦០ ​ម៉ឺន​នាក់​ ទៅ​ ៦ ​លាន​នាក់​ ត្រឹម​ចុង​ឆ្នាំ​ ២០១៩»​៕

មតិយោបល់
អត្ថបទពេញនិយម