• 2019-11-29 03:10:00
  • ព័ត៌មាន

សុំ​បែក​គ្នា ខាងស្រីបាញ់​ថ្នាំ​ខ្ទេច​ឡាន​ថា​បង្ហិន​៧​ឆ្នាំ​របស់​នាង ខាង​ប្រុស​បកវិញធ្វើ​ឲ្យ​គេ​អាណិត

  • 2019-11-29 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អក្សរ​ដែល​ត្រូវ​បាន​បាញ់​ដោយ​ថ្នាំ​ក្រហម​លើ​ឡាន បាន​ធ្វើ​ឲ្យ​បុរស​ជា​សង្សារ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ប៉ុន្តែ​នៅ​ពេល​លោក​ចេញមុខ​បកស្រាយ ទើប​គេ​យល់​ពី​ផល​ពិបាក​របស់​លោក។

មុន​នេះ​បន្តិច បុរស​មក​ពី​ប្រទេស​ចិន បាន​ល្បី​កក្រើក​លើ​បណ្ដាញ​សង្គម នៅ​ពេល​លោក​ត្រូវ​មិត្ត​ស្រី​កាត់​ការ​ចោល​យ៉ាង​សាហាវ។ ជាក់​ស្ដែង​ មុន​នេះ​ប៉ុន្មាន​ថ្ងៃ អ្នក​នៅ​ខេត្ត Zhejiang ប្រទេស​ចិន​បាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ឡាន​ស​មួយ​ត្រូវ​បាន​បាញ់​​ថ្នាំ​ក្រហមពេញ ដោយ​មាន​អត្ថន័យ​ថា៖ “មនុស្ស​ដែលខ្ញុំ​ស្រលាញ់​បំផុត ខ្ញុំ​ទៅ​ហើយ និង​មួយ​ទៀត​គឺ ៧​ឆ្នាំ​នៃ​ភាព​អស់​សង្ឃឹម ខ្ញុំ​ទៅ​ហើយ”។

ភ្លាម​ៗ​នោះ រូបភាព​រថយន្ត​នេះ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម និង​ចែក​រំលែក​យ៉ាង​ឆាប់​រហ័ស។ មនុស្ស​ជា​ច្រើន មិន​ទាន់​ដឹង​លិច​កើត ក៏​បាន​បញ្ចេញ​មតិ​ថា បុរស​ខាង​លើ​ប្រាកដ​ជា​ធ្វើ​បាប​ចិត្ត​សង្សារ​ខ្លាំង​ណាស់​ហើយ ទើប​នាង​ធ្វើ​ដល់​ថ្នាក់​នេះ។ នាង​ធ្វើ​នេះ​គឺ​ដើម្បី​សងសឹក​រយៈ​ពេល​៧​ឆ្នាំ ដែល​នាង​បាន​ចំណាយ​នៅ​ក្បែរ​បុរស​នេះ។

មិន​យូរ​ប៉ុន្មាន​ ម្ចាស់​ឡាន​ក៏​ដឹង​ថា​ខ្លួន​កំពុងក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​គគុកលើ​អ៊ីនធឺណិត ទើ​បចេញ​មុខ​បកស្រាយ​ កុំ​ឲ្យ​យល់​ច្រឡំ។ បុរស​​ជា​សង្សារ​បាន​ឲ្យ​ដឹងថា ​នាង​​ពិត​ជាមិត្ត​ស្រី​ដែល​ស្រលាញ់​គ្នា​៧​ឆ្នាំ ​ហើយ​បាញ់​ថ្នាំ​លើ​ឡាន​លោក​ពិត​មែន។ លោក​បាន​បន្ត​ថា៖ “អ្នក​ណា​ក៏​ថា​ខ្ញុំ​បង្ហិន​ពេល​៧​ឆ្នាំ​របស់​នាង​ឥត​ប្រយោជន៍។ ចុះ​ចំពោះ​ខ្ញុំ​វិញ ពេល​វេលា​ទាំង​នោះ មិន​មាន​តម្លៃ​ទេ​ឬ?”

លោក​បន្ត​ទាំង​ក្រៀមក្រំ​ថា ស្រលាញ់​បាន​ដល់​៧ឆ្នាំ លោក​ក៏​បាន​គិត​ដល់​មង្គលការ​រួច​ហើយ​ដែរ ក៏​ប៉ុន្តែ​លោក​មិន​ទាន់​សន្សំ​លុយ​គ្រប់គ្រាន់​ដើម្បី​បង់​លុយ​បណ្ណការ​ដែល​ខាង​ស្រី​សុំ ទើប​មាន​តែ​វិធី​ចែក​ផ្លូវ​គ្នា។ ចុង​ក្រោយ​លោក​បន្ទោស​ខ្លួន​ឯង​ថា៖ “មនុស្ស​តែ​មួយ​គត់​ដែល​ខ្ញុំ​អាច​បន្ទោស​បាន​នោះ​គឺ​ខ្លួន​ឯង ព្រោះ​គ្មាន​លុយ​គ្រប់គ្រាន់​ដើម្បី​ចូល​ស្ដី​នាង”។

ក្រោយ​ការ​ចែក​រំលែក​នេះ មាន​មនុស្ស​ជា​ច្រើន​បាន​ចូល​លួង​លោក ដោយ​ដក​ពាក្យ​រិះគន់​មុន​នោះ​វិញ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់