• 2019-12-16 08:10:06
  • ព័ត៌មាន

រោងចក្រផលិតទុយោ "រ៉ូសផ្លាស្ទីក" ដំបូងបង្អស់នៅកម្ពុជា សម្ពោធដាក់ឲ្យដំណើរការហើយ

  • 2019-12-16 08:10:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នំា២០១៩ ក្រុមហ៊ុន រ៉ូសផ្លាស្ទីក ខេមបូឌា បានសម្ពោធដាក់ឲ្យដំណើរការ​ជាផ្លូវការ រោងចក្រផលិតទុយោ ដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីៗចុងក្រោយ សម្រាប់សង្វាក់ផលិតកម្មដើរដោយប្រព័ន្ធម៉ាស៊ីនឆ្លាតវៃស្វ័យប្រវត្តិ ដែលប្រើប្រាស់កំលំាងពលកម្មតិច ឈានមុខគេ ហើយដំបូងបង្អស់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ រោងចក្រ​នេះ អាច​ផលិត (១) ទុយោទឹកស្អាត HDPE, (២) ទុយោទឹក PVC-U, (៣) ទុយោទឹក PVC, (៤) ទុយោទឹកត្រជាក់ និងទឹកក្តៅ PPR, (៥) ទុយោខ្សែភ្លើង PVC និងប្រអប់ខ្សែភ្លើង PVC។

ពិធី​សម្ពោធ​នេះ ធ្វើឡើង​ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៃព្រះរាជាណាចក្រកម្ពុជា និង មានការចូលរួមពីសំណាក់ ភ្ញៀវកិត្តិយស ជាតិ-អន្តរជាតិ ជាច្រើនរូបទៀត។

ពីធីសម្ពោធជាផ្លូវការ រោងចក្រ រ៉ូសផ្លាស្ទីក ខេមបូឌា ត្រូវបានធ្វើឡើងក្នុងរូបភាពដើម្បីសាទរ និងបង្ហាញទៅដល់សាធារណៈជន អំពីសមិទ្ធផលថ្មី មានគុណភាពស្របតាមស្តង់ដាអន្តរជាតិ ISO 9001-2015 ពីយូខាស (UKAS) នៃចក្រភពអង់គ្លេស លើផ្នែកផលិតទុយោ ក្រោមស្លាកសញ្ញា "ផ្កាកូលាបក្រហម"។

លោកឧកញ៉ា អ៊ឹង សែ ជាស្ថាបនិក និងអភិបាល រោងចក្រ រ៉ូសផ្លាស្ទីក ខេមបូឌា បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យកម្ពុជារក្សាបាននូវ ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិក្នុងរង្វង់ ៧.០ រៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនោះដែរ វិស័យសំណង់ក៏មានការរីកចំរើនខ្លាំងក្នុងរយៈ​ពេលជាង ១ទសវត្សន៍ចុងក្រោយនេះ។ ដោយមើលឃើញតម្រូវការទីផ្សារមានការកើនឡើងខ្ពស់ក្នុងវិស័យ សំណង់ ប្រព័ន្ធធារាសាស្រ្ត វិស័យកសិកម្ម និងការប្រើប្រាស់ទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា ទើបលោកឧកញ៉ា អ៊ឹង សែ បានបង្កើត រោងចក្រ រ៉ូសផ្លាស្ទីក ខេមបូឌានេះឡើង ក្នុងគោលដៅច្បាស់លាស់ និងទស្សនៈវិស័យវែងឆ្ងាយ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញទៅកាន់​ទីផ្សារអន្តរជាតិ ស្របតាមការអភិវឌ្ឍន៍ឧស្សាហ៍កម្មក្នុងស្រុក និងក្នុងតំបន់ក៏ដូចជាលក្ខណៈសកល លោកឧកញ៉ា ដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាថ្មីចុងក្រោយហៅថា "ឧស្សាហ៍កម្ម ៤.០ សម្រាប់រោងចក្រ រ៉ូសផ្លាស្ទីក ខេមបូឌា ហើយផលិតផលទុយោ និងបំពង់ទីបជ័រទាំងអស់ ត្រូវតែមាន គុណភាពខ្ពស់ និងប្រើប្រាស់បានយូរអង្វែង ដោយទទួលបានវិញ្ញាបនបត្រស្តង់ដាអន្តរជាតិ ISO 9001-2015 ពីយូខាស (UKAS) នៃចក្រភពអង់គ្លេស។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់សម្រាប់ ក្រុមហ៊ុន រ៉ូសផ្លាស្ទីក ខេមបូឌា ដែលជាវិស័យឯកជន និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដោយពង្រីកវិសាលភាព និងសមត្ថភាពលើវិស័យឧស្សាហ៍កម្ម ផលិតទុយោក្នុងកំរិតគុណភាពស្តង់ដាអន្តរជាតិ។

លោក ចៅ និញ ប្រធានចាត់ការទូទៅ ក្រុមហ៊ុន រ៉ូសផ្លាស្ទីក ខេមបូឌា បានធ្វើបទបង្ហាញ ស្តីអំពី “ផលិតផល និងគុណភាព របស់ក្រុមហ៊ុន រ៉ូសផ្លាស្ទីក” ដែលផលិតផលទាំងអស់នោះរួមមាន ទុយោទឹកស្អាត HDPE, ទុយោទឹក PVC-U, ទុយោទឹក PVC, ទុយោទឹកត្រជាក់ និង ទឹកក្តៅ PPR, ទុយោខែ្សភ្លើង PVC, ហ្គេនខ្សែភ្លើង PVC, និង ប្រអប់ខ្សែ ភ្លើង PVC។ លោក ចៅ និញ បានសង្កត់ធ្ងន់ថា ដោយមានការគាំទ្រ និងផ្គត់ផ្គង់ នូវគ្រឿងបរិក្ខា និងបច្ចេកទេសផលិត ដើម្បីធានាដល់គុណភាពផលិតផលតាមស្តង់ដាអន្តរជាតិ ពីក្រុមហ៊ុន ឡេសូ (LESSO) ជាក្រុមហ៊ុនយក្ស ទី៣ក្នុងពិភពលោក និងមានបទពិសោធន៍ជាង៣០ឆ្នាំក្នុងផលិតកម្ម ការស្រាវជ្រាវ និងអភិវឌ្ឍន៍នៅក្នុងវិស័យបំពង់បង្ហូរប្រេង និងបំពង់ទីបជ័រ ទើបធើ្វឲ្យគ្រប់ផលិតផលទាំងអស់របស់ ក្រុមហ៊ុន រ៉ូសផ្លាស្ទីក ខេមបូឌា មានគុណភាពខ្ពស់ស្តង់ដាអន្តរជាតិ និងប្រើប្រាស់បានយូរអង្វែង ដោយមានសូចនាករច្បាស់លាស់ តាមស្តង់ដាអន្តរជាតិ ISO 9001-2015 ពី យូខាស (UKAS) នៃចក្រភពអង់គ្លេស។

លោក ចៅ និញ ក៏បានបន្តលើកឡើងថា “ភាពជឿជាក់ និងសេវាកម្មរបស់យើងខ្ញុំគឺ ការរក្សាគុណភាព គឺជា គោលដៅចម្បងរបស់ រោងចក្រ រ៉ូសផ្លាស្ទីក ខេមបូឌា ការចែកចាយផលិតផលទាំងអស់របស់យើងគ្រប់ទិសទីទូទាំង​ព្រះរាជាណាចក្រកម្ពុជា យើងខ្ញុំក៏ទទួលការបញ្ជាទិញ និងដឹកជញ្ជូនទៅក្រៅប្រទេសផងដែរ ជាមួយបច្ចេកវិទ្យាចុងក្រោយ អតិថិជនទាំងអស់ អាចពិនិត្យមើលសេវាដឹកជញ្ជូនរបស់យើងខ្ញុំចំពោះទំនិញដែលបានបញ្ជាទិញ មានលក្ខណៈងាយស្រួល ច្បាស់លាស់ និងទំនើប តាមរយៈ Smartphone ទាំង Android និង ISO” “ក្រុមហ៊ុន រ៉ូសផ្លាស្ទីក ខេមបូឌា គឺជាជម្រើសដ៏ស័ក្ត​សម និងល្អបំផុតរបស់លោកអ្នក”។ លោកប្រធានចាត់ការទូទៅក៏បានស្នើការជួយជ្រោមជ្រែង និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ភ្ញៀវកិត្តិយស ជាតិ-អន្តរជាតិ ជាពិសេស ដៃគូពាណិជ្ជកម្មទាំងអស់ ចំពោះផលិតផលទាំងអស់របស់ ក្រុមហ៊ុន រ៉ូសផ្លាស្ទីក ខេមបូឌា នេះមានន័យថាយើងរួមគ្នាលើកស្ទួយផលិតផលក្នុងស្រុក ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយើងផងដែរ។

បន្ទាប់ពីពិធីសម្ពោធបែបបច្ចេកវិទ្យាដ៏ទំនើប និងទទួលវិញ្ញាបនបត្រស្តង់ដាអន្តរជាតិ ISO 9001-2015 ពីយូខាស (UKAS) នៃចក្រភពអង់គ្លេស គណៈអធិបតី និងភ្ញៀវកិត្តិយស ជាតិ-អន្តរជាតិបានអញ្ជើញទស្សនាកិច្ច និងពិនិត្យសង្វាក់ផលិតកម្ម រោងចក្រ រ៉ូសផ្លាស្ទីក ខេមបូឌា ដើម្បីយល់ច្បាស់ និងទទួលស្គាល់ពីគុណភាពតាមស្តង់ដាអន្តរជាតិ។

គួរបញ្ជាក់ដែរថា រោងចក្រ រ៉ូសផ្លាស្ទីក ខេមបូឌា មានអាស័យដ្ឋាន ផ្លូវជាតិលេខ ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

មតិយោបល់