• 2019-12-18 04:31:33
  • ព័ត៌មាន

គិតត្រឹម ២០១៨ Smart បណ្ដាក់ទុន និងនាំលុយចូលរដ្ឋ សរុបជាង ១.៤២ ប៊ីលានដុល្លារ

  • 2019-12-18 04:31:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Tan Sri Jamaludin Ibrahim ដែលជានាយកចាត់ចែងទូទៅ និងជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់របស់ Axiata Group Berhad ជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុន Smart Axiata ព្រមជាមួយលោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata និងលោក Asri Hassan នាយកទូទៅផ្នែកសហប្រតិបត្តិការនៃក្រុមហ៊ុន Axiata Group ត្រូវបានផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់បំផុតចូលជួបសម្តែងការគួរសម និងផ្តល់របាយការណ៍ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

របាយការណ៍​បាន​បញ្ជាក់​ថា ការចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិរបស់ក្រុមហ៊ុន Smart Axiata ក៏ត្រូវបានលើកឡើងផងដែរ។ គិតត្រឹមបំណាច់ឆ្នាំ២០១៨ ក្រុមហ៊ុន Smart Axiata បានបណ្តាក់ទុនវិនិយោគច្រើនជាង ១.៤២ ប៊ីលានដុល្លារអាមេរិក (មួយពាន់បួនរយម្ភៃលានដុល្លារអាមេរិក) សម្រាប់ជាដើមទុន និងប្រតិបត្តិការចំណាយនានា ព្រមទាំងបានបង់ពន្ធ អាករ និងកំរៃនិយ័តកម្មនានា ច្រើនជាង ៣៧០លានដុល្លារអាមេរិក (បីរយចិតសិបលានដុល្លាអាមេរិក)។

ក្រុមហ៊ុន ក៏បានប្រើប្រាស់ថវិកាច្រើនជាង ១%(មួយភាគរយ) នៃចំណូលដុលសរុបប្រចាំឆ្នាំរបស់ខ្លូន ដែលមានចំនួនទឹកប្រាក់ច្រើនជាង៣លានដុល្លារអាមេរិក (បីលានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់កម្មវិធី និងសកម្មភាពទទួលខុសត្រូវផ្នែកសង្គម (CSR Program) លើវិស័យមួយចំនួនរួមមាន៖ អប់រំ បរិស្ថាន កីឡាសហគមន៍ និងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍។

ដោយឡែក ក្រុមហ៊ុន Smart Axiata ក៏បានបង់វិភាគទានចូលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (មូលនិធិ ក.ស.ទ) និងមូលនិធិការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (មូលនិធិ ស.អ) ចំនួន៣% (បីភាគរយ)នៃចំណូលដុលសរុបប្រចាំឆ្នាំរបស់ខ្លួន សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងបណ្តាញ សេវាអ៊ីនធឺណែតល្បឿនលឿន និងអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីការរីកចំរើនខ្លាំងលើការប្រើប្រាស់ផ្នែកសេវាទិន្នន័យ ព្រមជាមួយនិងការគ្រប់គ្រងគ្រប់ជ្រុងជ្រោយលើផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Smart Axiata ប្រតិភូរនៃកិច្ចប្រជុំក៏បានលើកឡើងផងដែរអំពីសារៈសំខាន់នៃការរក្សាឲ្យបាននូវស្ថេរភាពនៃវិស័យទូរគមនាគមន៍ ពិសេសក្នុង ខណៈពេលដែលព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងបោះជំហ៊ានទៅកាន់ការវិនិយោគលើបច្ចេកវិទ្យាជំនាន់ទី៥ (5G) និងបច្ចេកវិទ្យាទូរគមនាគមន៍ទំនើបទាន់សម័យផ្សេងៗទៀតសម្រាប់គាំទ្រទៅដល់សេដ្ឋកិច្ចបែបឌីជីថល។

សម្រាប់ព័ត៌មានបន្ថែមស្តីអំពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គម និងគេហទំព័ររបស់ក្រុមហ៊ុន ដូចខាងក្រោម៖ SmartAxiata និង www.smart.com.kh

អត្ថបទ៖ សុខណា

មតិយោបល់