• 2019-12-23 07:35:28
  • ព័ត៌មាន

សហគមន៍ការពារធម្មជាតិចំនួន ១២ទទួលបានសិទ្ធិស្របច្បាប់គ្រប់គ្រងធនធានធម្មជាតិ

  • 2019-12-23 07:35:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិកតំបន់ការពារធម្មជាតិប្រមាណជា ១២.៨០៤ នាក់ ទទួលបានសិទ្ធិស្របច្បាប់ពេញលេញក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាពបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតំបន់ការពារធម្មជាតិជាមួយក្រសួងបរិស្ថាន។

តំណាងសហគមន៍មកពីសហគមន៍តំបន់ការពារធម្មជាតិចំនួន ១២ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ស្រែពក និងកែវសីមា ក្នុងខេត្តមណ្ឌលគិរី បានចុះហត្ថលេខាកិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិជាមួយនិងអគ្គនាយដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន។ ពិធីចុះកិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិដែលប្រារព្ធធ្វើឡើងនៅភូមិអញ្ជរ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

សហគមន៍តំបន់ការពារធម្មជាតិដែលទើបប្រកាសទទួលស្គាល់នេះ មានចំនួន១២សហគមន៍ គ្របដណ្ដប់លើផ្ទៃដីព្រៃឈើទំហំ ៤៤.១៣៩ ហិកតា ហើយមានសមាជិកសហគមន៍ប្រមាណជា ១២.៨០៤ នាក់ (៤៦% ជាស្ត្រី) នឹងទទួលបានសិទ្ធិស្របច្បាប់ពេញលេញ ភាពជាម្ចាស់ និងទំនួលខុសត្រូវ ក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាពនៅក្នុងសហគមន៍របស់ខ្លួន។ ពួកគាត់ អាចរៀបចំបង្កើត និងអនុវត្តផែនការសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងតំបន់សហគមន៍ និងអាចប្រើប្រាស់ធនធានទាំងនេះប្រកបដោយចីរភាព ដូចជាការទាញផលអនុផលព្រៃឈើ (NTFPs) និងអេកូទេសចរណ៍ ដោយផ្អែកលើ ច្បាប់តំបន់ការពារ។ ការរៀបចំសហគមន៍តំបន់ការពារធម្មជាតិ មានការចូលរួមចំណែកគាំទ្រដោយសហភាពអឺរ៉ុប (EU) ទីភ្នាក់ងារសហរដ្ឋអាមេរិក USAID ជំនួយប្រទេសអាឡឺម៉ង់ BMZ GEF និងកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ UN Environment តាមរយៈគម្រោងកាំប៉ាស់ (CAMPAS)។

ក្រៅពីការទាញផលអនុផលព្រៃឈើសម្រាប់ប្រើប្រាស់ក្នុងសហគមន៍ និងការចិញ្ចឹមជីវិត សមាជិកសហគមន៍តំបន់ការពារធម្មជាតិ ក៏បានសហការជាមួយមន្រ្តីអនុវត្តច្បាប់របស់ក្រសួងបរិស្ថាននិងអាជ្ញាធរដែនដី ដើម្បីដើរល្បាតព្រៃ ទប់ស្កាត់បទល្មើសព្រៃឈើ និងប្រមូលអន្ទាក់សត្វព្រៃនៅក្នុងតំបន់របស់សហគមន៍តំបន់ការពាររបស់ពួកគាត់ផងដែរ។ លោក ប្រោយ ខ្វើក ប្រធានសហគមន៍តំបន់ការពារត្រពាំងក្អើមបាននិយាយថា៖ "ការដើរល្បាត មានសារសំខាន់សម្រាប់ខ្ញុំណាស់ព្រោះធនធានព្រៃឈើជាឆ្នាំងបាយរបស់ប្រជាជនសហគមន៍ទាំងអស់ ទាំងជំនាន់បច្ចុប្បន្ននិងជំនាន់ក្រោយៗទៀត។" បច្ចុប្បន្ននេះ មានសមាជិកក្រុល្បាត សហគមន៍សរុបចំនួន ៥៧៧ នាក់ កំពុងចូលរួមយ៉ាងសកម្មក្នុងការការពារព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច និងស្រែពក។

អង្គការ WWF-កម្ពុជា បានគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអង្គការដៃគូនានា ក្នុងការរៀបចំ និងជួយពង្រឹងសហគមន៍តំបន់ការពារធម្មជាតិទាំងនេះ តាមរយៈការជួយអន្តរាគមន៍ទប់ស្កាត់បទល្មើសនានា ជួយសម្របសម្រួលរៀបចំចងក្រងរចនាសម្ព័ន្ធ លក្ខន្តិកៈសហគមន៍ ជួយវាយតម្លៃលើធនធានដែលមានក្នុងតំបន់ និងកំណត់ព្រំសីមា ជួយរៀបចំផែនការគ្រប់គ្រងតំបន់សហគមន៍ ផ្តល់សម្ភារៈ ឧបករណ៍ចំបាច់សម្រាប់ការគ្រប់គ្រង និងការកែឆ្នៃផលអនុផលព្រៃឈើ ផ្តល់ការបណ្តុះបណ្តាលសមត្ថភាពលើជំនាញជាច្រើនដល់សមាជិកសហគមន៍ ផ្តល់ការគាំទ្រហិរញ្ញប្បទានខ្នាតតូចជូនសហគមន៍នីមួយៗ សម្រាប់ការអនុវត្តផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ។

លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា

លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា៖ “គោលបំណងសំខាន់នៃការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ គឺដើម្បីជួយពង្រឹងនិងបង្កើនប្រសិទ្ធិភាពគ្រប់គ្រងធនធានព្រៃឈើ ជីវៈចម្រុះ និងសត្វព្រៃ ក្នុងតំបន់ការពារ ធម្មជាតិ និងទទួលស្គាល់សិទ្ធិជាម្ចាស់និងតួនាទីស្របច្បាប់លើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ធនធានរួមរបស់សហគមន៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់”។

លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ “ក្រសួងបរិស្ថានសូមសម្តែងនូវការគាំទ្រ និងចូលរួមយ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត នៅក្នុងដំណើរការរៀបចំ និងអនុវត្តការគ្រប់គ្រងធនធានធម្មជាតិដោយសហគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សហគមន៍មូលដ្ឋាន គឺជាកម្លាំងចលករមួយដែលបានរួមចំណែកយ៉ាងសកម្មក្នុងការគ្រប់គ្រងធន ធានធម្មជាតិប្រកបដោយចីរភាព ព្រោះថាសហគមន៍មូលដ្ឋានគឺជាអ្នកដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ ដោយពឹងអាស្រ័យដោយផ្ទាល់លើធនធានធម្មជាតិក្នុងការទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃសម្រាប់រយៈពេលយូរអង្វែង”។

លោក ឈឹម កាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា៖ “ខេត្តមណ្ឌលគិរីសម្បូរទៅដោយធនធានព្រៃឈើ និងធនធានជីវចម្រុះដ៏សម្បូរបែប។ វាជាជម្រកសត្វព្រៃសំខាន់ៗដែលជាប្រភេទសត្វរងគ្រោះថ្នាក់ជាសកលជាច្រើនដូចជា សត្វទន្សោង ខ្លារខិន ដំរីអាស៊ី ខ្ទីង រមាំង ក្ងោក និងត្រយងយក្ស។ យើងត្រូវតែពួតដៃគ្នាក្នុងការការពារធនធានធម្មជាតិដ៏មានតម្លៃទាំងអស់នេះ ហើយសហគមន៍ជាបេះដូងនៃកិច្ចសហការរួមគ្នានេះ”។

បច្ចុប្បន្នសហគមន៍តំបន់ការពារធម្មជាតិទាំងអស់ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ស្រែពក និងកែវសីមា សរុបមានចំនួន១៩សហគមន៍ ដែលគ្របដណ្តប់លើផ្ទៃដីព្រៃទំហំ ៦០.៧៩៩ ហិកតា។ សមាជិកសហគមន៍ប្រមាណជា ១៥.០០០ (៤២% ជាស្ត្រី) ដែលមកពីសហគមន៍តំបន់ការពារទាំង ១៩ នោះ បានពឹងអាស្រ័យផលអនុផលព្រៃឈើដោយផ្ទាល់។ បើតាមការវាយតម្លៃត្រួសៗ សហគមន៍តំបន់ការពារធម្មជាតិនីមួយៗ នៃសហគមន៍តំបន់ការពារធម្មជាតិទាំង ១៩ នោះ អាចរកប្រាក់ចំណូលបាន ១៤.៦០០ ដុល្លាសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ ពីផលិតផលអនុផលព្រៃឈើ (NTFPs) ដូចជា ការឆ្នៃឫស្សី ការយកទឹកឃ្មុំព្រៃ ជ័រទឹក និងជ័រចុង បន្លែព្រៃ ផ្សិត និងផ្លែឈើព្រៃ៕

អត្ថបទ និងរូបថត៖ WWF-កម្ពុជា

មតិយោបល់