• 2019-12-24 06:13:23
  • ព័ត៌មាន

អាជ្ញាធរ ស្នើ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ទឹក​បារាយណ៍​ខាងលិចដោយ​ការសន្សំសំចៃ

  • 2019-12-24 06:13:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការងារគ្រប់គ្រងទឹក ជាការងារសំខាន់បន្ទាប់ពីកិច្ចការអភិរក្សរបស់អាជ្ញាធរជាតិអប្សរា។ នារដូវ​ប្រាំង​ឆ្នាំ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​អំពាវ​នាវ​ឱ្យ​ប្រជា​កសិករ​ដែល​កំពុង​ប្រើប្រាស់​ទឹក​ក្នុង​បារាយណ៍​ខាង​លិច មាន​ការ​សន្សំ​សំ​ចៃខ្ពស់ ដើម្បី​ចៀស​វាង​បញ្ហាខ្វះទឹកនាពេលខាងមុខ។

នាយកដ្ឋាន​គ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បាន​ចុះ​ណែ​នាំ​ដល់​ប្រជាកសិករ​ដែល​កំពុង​ប្រើ​ប្រាស់​ទឹក​បារាយណ៍​ខាង​លិច​ឱ្យមាន​ការសន្សំសំចៃ នៅ​ពេល​ដែល​រដូវ​ប្រាំង​ឆ្នាំ​នេះ​អាច​អូស​បន្លាយ​យូរ។ បច្ចុប្បន្ន​នេះ ប្រជាកសិករមួយផ្នែកនៃក្រុងសៀមរាប និងស្រុកពួក កំពុង​ទាញ​យក​ទឹក​បារាយណ៍​ខាង​លិច ដើម្បីស្រោចស្រពលើផ្ទៃដីស្រែប្រាំងប្រមាណ ៧ ៥០០ហិកតា។

អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមបើកទឹកសម្រាប់ផ្គត់ផ្គង់ស្រែប្រាំងទាំងនោះចាប់ពីខែ វិច្ឆិកា​រហូត​ដល់​ចុង​ខែ កុម្ភៈ គឺ​រហូត​ដល់​ប្រជាកសិករប្រមូលផលស្រូវប្រាំងរួច។ បង​ប្អូន​ប្រជាកសិករ​អាច​ស្នើ​សុំ​ទឹក​បារាយណ៍​តាមរយៈអាជ្ញាធរមូលដ្ឋាន ឬ​តាម​សហគមន៍​ប្រើប្រាស់​ទឹក​មក​កាន់​អាជ្ញាធរ​ជាតិ​អប្សរា។ ហើយ​កំឡុងពេលផ្តល់ទឹកជូននេះ ក្រុម​ការងារ​របស់​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​បាន​ចុះ​ជា​ប្រចាំ​ជាមួយ​ក្រុមការងារសហគមន៍ប្រើប្រាស់ទឹក ក្នុង​បំណង​ផ្តល់​ទឹក​ជូន​ប្រជា​កសិករ​ឱ្យ​បាន​គ្រប់​គ្រាន់ និងមានការសន្សំសំចៃខ្ពស់។

ក្រៅ​ពីផ្គត់ផ្គង់ស្រូវប្រាំងដល់កសិករ មួយ​ផ្នែក​នៃ​ទឹក​បារាយណ៍​ខាង​លិច​ត្រូវ​បាន​ចែក​ចាយ​ដល់​រដ្ឋាករ​ទឹក​ខេត្ត​សៀមរាប​ប្រមាណ​មួយ​ម៉ឺន​មែត្រ​គូប​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ផ្គត់ផ្គង់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ ចំណែក​មួយ​ផ្នែក​ទៀត​ត្រូវ​បាន​រក្សា​ទុក​ក្នុង​អាង​បារាយណ៍​សម្រាប់​ផ្គត់​ផ្គង់​ទឹក​ក្រោម​ដី។

គួរបញ្ជាក់ថា ចាប់ពីខែសីហា ដល់ខែតុលា ក្រុមការងាររបស់នាយកដ្ឋានគ្រប់គ្រងទឹក បាន​ធ្វើការ​បញ្ចូល​ទឹក​មក​រក្សាទុកនៅក្នុងបារាយណ៍ប្រមាណជា ៥៦លានម៉ែត្រគូប ដែល​ប្រភព​ទឹក​សំខាន់​ដែល​មក​បំពេញបារាយណ៍នេះគឺបានមកពីភ្នំគូលែន និង​របប​ទឹក​ភ្លៀង​ដែល​ប្រមូល​បាន​ពី​ជុំវិញ​ទំនប់​ទឹក​ក្នុងរមណីយដ្ឋានអង្គរ៕

អត្ថបទ និងរូបភាព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទ៖ ម៉េងងី

មតិយោបល់