• 2020-01-02 13:13:41
  • ព័ត៌មាន

ក្មេងអាយុ ១៩ខែ ទទួល​មេដាយ​ជាន់​ខ្ពស់ ជំនួស​ឪពុក​ដែល​ទទួល​មរណភាព​

  • 2020-01-02 13:13:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ម្នាក់​ទទួល​មេដាយ​លំដាប់​កំពូល​មួយ​នៅ​ក្នុង​ថ្ងៃ​ទី០២ ខែ​មករានេះ ជំនួស​ឪពុក​របស់​គេ ដែល​​ជា​អ្នក​ពន្លត់​អគ្គិភ័យ​ស្ម័គ្រ​ចិត្ត​ម្នាក់​ទទួល​មរណភាព​​ក្នុង​ឧបទ្ទវហេតុ​ភ្លើង​ឆេះ​ព្រៃ​​កាល​ពី​ពេល​កន្លង​ទៅ។

ឈរ​ក្នុង​ឥរិយាបថ​ស្ងៀមស្ងាត់ លាយឡំ​នឹង​ទុក្ខ​សោក កុមារា Harvey Keaton ដែល​មាន​វ័យ​ ១៩ខែ បាន​ទទួល​មេដាយ ក្នុង​ឈុត​ពន្លត់​អគ្គិភ័យ​ជនបទរបស់​អូស្ត្រាលី នា​ពិធី​បុណ្យសព ដែល​មាន​ការ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​របស់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Scott Morrison។

លោក​នាយករដ្ឋមន្ត្រីអូស្ត្រាលី

ឪពុក​របស់​គេជា​មនុស្ស​ម្នាក់ ក្នុង​ចំណោម​ជន​ស្ម័គ្រ​ចិត្ត​ពន្លត់​អគ្គិភ័យ ៣នាក់ ដែល​បាន​​បាត់បង់​ជីវិត អំឡុង​ពេល​ដែល​ដើម​ឈើ​ ដែល​រោលរាល​ដោយ​ភ្លើងឆេះ រលំ​នៅ​លើ​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ពួក​គេ។

សាកសព​របស់​ឪពុក​របស់ Harvey ត្រូវ​បាន​ដាក់​នៅ​ក្នុង​រថយន្ត​ដឹកសាកសព ដោយ​អម​ជាមួយ​នឹង​ការ​គោរព​ពី​សំណាក់​អ្នក​ពន្លត់​អគ្គិភ័យ​ដទៃ​ទៀត​ផង​ដែរ។

ក្នុង​ឧប្បត្តិហេតុ​នៃ​ភ្លើង​ឆេះ​ព្រៃ​ក្នុង​រដ្ឋ New South Wales និង Victoria នៃ​ប្រទេស​អូស្ត្រាលី​នេះ មាន​មនុស្សចំនួន ៨នាក់​បាន​ស្លាប់ ខណៈ​មនុស្ស​ជាង ១៨នាក់​បាន​បាត់​ខ្លួន​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់