- 2020-01-05 02:00:11
- ព័ត៌មាន
វីរវរហើយ! ប្រេងឡើងថ្លៃខ្លាំងក្រោយអាម៉េរិកសម្លាប់មេបញ្ជាការកំពូលអ៊ីរ៉ង់ ផ្ទុះការព្រួយបារម្ភពីសង្គ្រាម
- 2020-01-05 02:00:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីរវរហើយ! ប្រេងឡើងថ្លៃខ្លាំងក្រោយអាម៉េរិកសម្លាប់មេបញ្ជាការកំពូលអ៊ីរ៉ង់ ផ្ទុះការព្រួយបារម្ភពីសង្គ្រាម
ចន្លោះមិនឃើញ
តម្លៃប្រេងពិភពលោកបានកើនឡើងកាលពីថ្ងៃសុក្រទី៣មករាបន្ទាប់ពីសហរដ្ឋអាម៉េរិកបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់ ដែលធ្វើឱ្យមានការបារម្ភចំពោះជម្លោះថ្មីនៅតំបន់សម្បូរប្រេងមជ្ឈិមបូព៌ា ស្របពេលរដ្ឋាភិបាលក្រុងតេហេរ៉ង់ព្រមានអំពីការសងសឹកយ៉ាងធ្ងន់ធ្ងរ។
ខណៈពេលដែលទីផ្សារភាគហ៊ុនសកលមានឡើងមានចុះបន្ទាប់ពីអាម៉េរិកសម្លាប់លោកកាសសេម សូឡីម៉ានី តម្លៃប្រេងបានកើនឡើងជាងបីភាគរយ។ នៅទីក្រុងវ៉ាស៊ីនតោន មន្ត្រីមន្ទីរបញ្ចកោណម្នាក់បាននិយាយថា សហរដ្ឋអាម៉េរិកនឹងដាក់ពង្រាយកងទ័ពយ៉ាងតិច ៣.០០០ នាក់បន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ាខណៈមេដឹកនាំកំពូលអ៊ីរ៉ង់លោកអាយ៉ាតូឡា អាលី ខាមេនី បានសន្យា “សងសឹកយ៉ាងខ្លាំងក្លា” ចំពោះការស្លាប់មេរៀបចំផែនការយោធារូបនេះ។ សាលាជំនាញសេដ្ឋកិច្ចអក់ស្វតបាននិយាយក្នុងបទអត្ថាធិប្បាយមួយថា ការសម្លាប់សូឡីម៉ានី តំណាងឱ្យ “ការកើនឡើងយ៉ាងខ្លាំងនៃហានិភ័យភូមិសាស្ត្រនយោបាយនិងអាចនាំឱ្យមានការប្រឈមមុខគ្នាដោយផ្ទាល់រវាងសហរដ្ឋអាម៉េរិកនិងអ៊ីរ៉ង់។”
លោក ខាយលីន បឺច សេដ្ឋវិទូពិភពលោកនៅអង្គភាពស៊ើបការណ៍សេដ្ឋកិច្ច (The Economist Intelligence Unit) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “កត្តាសំខាន់គឺលទ្ធភាពបាត់បង់ការផ្គត់ផ្គង់ប្រេងអ៊ីរ៉ង់…និងហានិភ័យបន្ថែមទៀតពីលទ្ធភាពផ្ទុះជម្លោះកាន់តែធំឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់អារ៉ាប់ប៊ីសាអូឌីតនិងប្រទេសដទៃទៀត”។
“វាក៏មានហានិភ័យគួរឱ្យកត់សម្គាល់ផងដែរថាអ៊ីរ៉ង់អាចនឹងបើកការវាយប្រហារលើនាវាអាម៉េរិកនៅក្នុងតំបន់ ដែលអាចរំខានដល់លំហូរប្រេងឆៅតាមសមុទ្រនិងបណ្តាលឱ្យតម្លៃប្រេងឡើងថ្លៃថែមទៀត”៕