• 2020-01-09 01:55:09
  • ព័ត៌មាន

ស្ថានការណ៍ធូរស្រាលបន្ដិច! អាមេរិកប្រកាសមិនវាយបកវិញ ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលដាក់

  • 2020-01-09 01:55:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​អះអាង​ថា​ខាង​រដ្ឋាភិបាល​អ៊ីរ៉ង់​ហាក់​ដូច​ជា​ដក​ថយ​បន្ដិច​ក្រោយ​ពេល​ដែល​បាញ់​មីស៊ីល​មក​លើ​មូលដ្ឋាន​ទ័ព​អាមេរិក​ពីរ​កន្លែង​ក្នុង​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ។

ថ្លែង​ពី​សេតវិមាន ប្រធានាធិបតី​រូប​នេះ​ឲ្យ​ដឹង​ថា​មិនមាន​ជនជាតិ​អាមេរិក ឬ​អ៊ីរ៉ាក់​ណា​ម្នាក់​រង​របួស​ដោយ​សារ​ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​នេះ​ទេ គ្រាន់​តែ​ខូច​ខាត​ទ្រព្យសម្បត្តិ​បន្ដិចបន្ដួច​ប៉ុណ្ណោះ។ លោកត្រាំ ធ្លាប់បានគំរាមសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើ​ប្រទេស​នេះ​ហ៊ាន​វាយប្រហារបុគ្គលិក និងមូលដ្ឋានអាមេរិក ប៉ុន្តែលោកមិនបានប្រកាសសកម្មភាពយោធាណាមួយ​តប​ត​នោះ​ទេដោយនិយាយថាការវាយប្រហាររបស់អ៊ីរ៉ង់មិនបានបង្កឱ្យមានមនុស្សស្លាប់និងរបួសឡើយ។ ការណ៍​ដែល​លោក ត្រាំ​ជ្រើស​រើស​មិន​វាយ​ប្រហារ​តប​វិញ ទំនង​ជា​ទុក​ឱកាស​មួយ​សម្រាប់​អ៊ីរ៉ង់​ដោយ​ជ្រើស​យក​សន្ដិភាព។

យ៉ាង​ណា​មិញ ជំហរ​មិន​វាយ​តប​វិញ​របស់​អាមេរិក​នេះ មិន​មែន​មាន​ន័យ​ថា​អាមេរិក​ខ្សោយ ឬ​មិន​ហ៊ាន​នោះ​ទេ​ដោយ​លោក​ត្រាំ​អះ​អាង​ថា “ការពិតដែលថាយើងមាន​កម្លាំង​យោធា និងឧបករណ៍ដ៏អស្ចារ្យនេះមិនមានន័យថាយើងត្រូវប្រើវាទេ។” ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន បាន​ងាក​ទៅ​រក​ជំនួយ​ពី​អង្គការ NATO ឲ្យ​លូក​ដៃ​ខ្លាំង​ទៅ​លើ​បញ្ហា​នៅ​មជ្ឈឹមបូព៌ា។

ជាមួយគ្នា​ដែរ លោក​ដូណាល់ ត្រាំ​បាន​អះអាង​សារជា​ថ្មី​ថា​ដរាប​ណា​លោក​នៅ​កាន់​តំណែង​ជា​ប្រធានាធិបតី នោះ​អ៊ីរ៉ង់​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ បើ​ទោះ​បី​ជា​ប្រទេស​នេះ​ទាត់​ចោល​កិច្ច​ព្រមព្រៀង​ក៏​ដោយ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់