- 2020-01-10 06:42:58
- ព័ត៌មាន
ក្រសួងសុខាភិបាល ដាក់ម៉ាស៊ីនស្កេនកម្តៅនៅព្រលានយន្តហោះ ត្រៀមទប់ស្កាត់ជំងឺចម្លែកមួយ
- 2020-01-10 06:42:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងសុខាភិបាល ដាក់ម៉ាស៊ីនស្កេនកម្តៅនៅព្រលានយន្តហោះ ត្រៀមទប់ស្កាត់ជំងឺចម្លែកមួយ
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាល បានឱ្យបានដឹងថា នៅកម្ពុជាមិនទាន់មានករណីជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណ ដែលមានប្រភពនៅក្រុងវូហាន ខេត្តហ៊ុយបេ ប្រទេសចិននៅឡើយទេ ប៉ុន្តែក្រសួងបានដាក់ម៉ាស៊ីនស្កេនកម្តៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប និងស្រាវជ្រាវរកករណីសង្ស័យដោយក្រុមចត្តាឡឺស័ក។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ។
ជាមួយគ្នានេះ ក្រសួងក៏បានត្រៀមបន្ទប់ដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តព្រះសីហនុ និងមន្ទីរពេទ្យខេត្តសៀមរាប ត្រៀមសម្ភារៈ បរិក្ខាពេទ្យ និងឱសថចាំបាច់សម្រាប់ការព្យាបាលផងដែរ។
ក្រសួងក៏បានផ្សព្វផ្សាយជូនដំណឹងដល់មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលទាំង២៥រាជធានី-ខេត្ត ឱ្យត្រៀមលក្ខណៈជាស្រេចក្នុងការឆ្លើយតប និងផ្តល់អន្តរាគមន៍ជាបន្ទាន់ប្រសិនបើមានករណីសង្ស័យ និងកំពុងពង្រឹងការងារតាមដានជំងឺផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងបានពិនិត្យវាយតម្លៃរកលំនាំមិនធម្មតានៃជំងឺនេះជានិច្ច។
សូមជម្រាបថា ករណីជំងឺរលាកសួតខាងលើ ត្រូវបានរកឃើញ និងបានរាយការណ៍ដំបូងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ជាមួយរោគសញ្ញាភាគច្រើន គឺក្តៅខ្លួន មានអ្នកជំងឺពីរបីនាក់មានរោគសញ្ញាហត់ ហើយថតកាំរស្មីអ៊ិចបង្ហាញថាមានដំបៅសួតសងខាង។
លទ្ធផលទទួលបានពីមន្ទីរពិសោធន៍ បានបញ្ជាក់ថា ជំងឺដែលកំពុងកើតឡើងនេះ មិនមែនជាជំងឺ SARS ឬជំងឺផ្តាសាយបក្សី ឬជំងឺផ្តាសាយបង្កដោយវីរុសអាដេណូ ឬជំងឺ MERS ឬក៏ជំងឺផ្លូវដង្ហើមដទៃទៀតនោះឡើយ។ ចំណែកការអង្កេតស្រាវជ្រាវដោយមន្ទីរពិសោធន៍នៃប្រទេសចិន កំពុងបន្តធ្វើទៀតដើម្បីស្វែងរកអត្តសញ្ញាណនៃជំងឺរលាកសួតចម្លែកនេះ៕