• 2020-01-13 02:14:20
  • ព័ត៌មាន

ដឹងអត់ គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង អាចបាញ់ដល់ប្រទេសណាខ្លះ?

  • 2020-01-13 02:14:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កូរ៉េខាងជើង បាន​ធ្វើ​ការ​សាកល្បង​បាញ់​គ្រាប់​មីស៊ីល​របស់​ខ្លួន ជាច្រើនលើកច្រើនសារមកហើយ ដោយ​ភាគច្រើន​ទទួល​បាន​ជោគជ័យ។

សារព័ត៌មាន ABC News បាន​ធ្វើ​ការ​ស្រាវជ្រាវ​មីស៊ីល​ទាំង​អស់ ដែល​កូរ៉េខាងជើង​បាន​ធ្វើ​ការ​សាកល្បង និង​បាន​សិក្សា​ពី​សក្ដានុពល​របស់​ពួកវា ថា​មាន​សមត្ថភាព​អាច​បាញ់​ដល់​ប្រទេស​ណា​ខ្លះ។

ខាង​ក្រោម​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​រក​ឃើញ៖

#១ មីស៊ីល​ផ្លោង Scud

មក​ទល់​នឹង​ពេល​នេះ អាវុធ​ដ៏​ធំ​បំផុត​របស់​កូរ៉េខាងជើង គឺ​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​ជិត Short-range Ballistic Missiles ឬ Scud។ ក្នុង​ចំណោម​នោះ មីស៊ីល​ដែល​មាន​រយៈ​ចម្ងាយ​ឆ្ងាយ​បំផុត គឺ ER Scud ដែល​អាច​ធ្វើ​ដំណើរ​បាន​ដល់​ទៅ ១ ០០០គីឡូម៉ែត្រ។ ទីតាំង​សំខាន់​ដែល​មីស៊ីល Scud អាច​បាញ់​ដល់ រួម​មាន​ដូចជា កូរ៉េខាងត្បូង និង ទីក្រុង Osaka ប្រទេស​ជប៉ុន។

#២ មីស៊ីល​ឆ្លង​ទ្វីប​កម្រិត​កណ្តាល (Medium-range ballistic missile)

វា​អាច​ធ្វើ​ដំណើរ​រហូត​ដល់​ទៅ ២ ០០០គីឡូម៉ែត្រ ហើយ​ធ្លាប់​ទទួល​បាន​ជោគជ័យ ៧ដង ក្នុង​ចំណោម​ការ​បាញ់​សាកល្បង ៩ដង។ វា​អាច​បាញ់​ដល់​ផ្នែក​ទាំង​អស់​នៃ​ប្រទេស​ជប៉ុន រួម​ទាំង​ទីក្រុង​តូក្យូ , ភាគ​ខាងជើង​ប្រទេស​ចិន , ភាគ​ខាងកើត​ម៉ុងហ្គោលី និង ភាគ​ខាងត្បូង​ប្រទេស​រុស្ស៊ី។

#៣ មីស៊ីល​នាវា​មុជ​ទឹក

របាយការណ៍​បាន​បង្ហាញ​ថា កូរ៉េខាងជើង បាន​ព្យាយាម​បាញ់​សាកល្បង​គ្រាប់​មីស៊ីល ចេញ​ពី​នាវា​មុជ​ទឹក​របស់​ខ្លួន នៅ​ឯ​ទីក្រុង Sinpo ប៉ុន្តែ​ទទួល​បាន​ជោគជ័យ​តែ ៣ លើក​ប៉ុណ្ណោះ ក្នុង​ការ​សាកល្បង ៦ លើក។ វា​មាន​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ជិត ១ ២០០គីឡូម៉ែត្រ និង​រយៈ​ចម្ងាយ​ឆ្ងាយ ២ ៨០០គីឡូម៉ែត្រ ដែល​គំរាមកំហែង​ដល់​តំបន់​ប៉ាស៊ីហ្វិក។

#៤ មីស៊ីល​ឆ្លង​ទ្វីប​កម្រិត​មធ្យម (Intermediate-range ballistic missiles)

វា​មាន​រយៈ​ចម្ងាយ ៤ ៥០០គីឡូម៉ែត្រ ប៉ុន្តែ​ការ​សាកល្បង ១៤ លើក ទទួល​បាន​ជោគជ័យ​ត្រឹមតែ ៣ លើក​ប៉ុណ្ណោះ។ វា​អាច​បាញ់​ដល់​ទីតាំង​ជាច្រើន ដូចជា ភាគ​ច្រើន​នៃ​ប្រទេស​ចិន , តំបន់​ភាគ​ខាងកើត​ទាំងអស់​នៃ​ប្រទេស​រុស្ស៊ី , ប្រទេស​ភាគច្រើន​នៅ​អាស៊ីអាគ្នេយ៍ រួម​ទាំង ថៃ និង ហ្វីលីពីន និង ទឹកដី​អាមេរិក Guam ផង​ដែរ។

#៥ មីស៊ីល​ឆ្លង​ទ្វីប​អន្តរជាតិ (Intercontinental ballistic missile)

កូរ៉េខាងជើង បាន​សាកល្បង​ធ្វើ​តេស្ត​មីស៊ីល​ឆ្លង​ទ្វីប​អន្តរជាតិ​របស់​ខ្លួន​ចំនួន ២ លើក នៅ​ក្នុង​ឆ្នាំ២០១៧ នេះ ហើយ​ក៏​ទទួល​បាន​ជោគជ័យ​ទាំង ២ លើក​ផង​ដែរ។

វា​មាន​ឈ្មោះ​ថា Hwasong-14 ដែល​មាន​រយៈ​ចម្ងាយ ៨ ៥០០គីឡូម៉ែត្រ ដោយ​អាច​គំរាមកំហែង​តំបន់​ជាច្រើន ដូចជា មជ្ឈិមបូព៌ា , ប្រទេស​ឥណ្ឌា , តំបន់​ទាំង​អស់​នៃ​អឺរ៉ុប​ខាងកើត , ប្រទេស​តួកគី , ប្រទេស​ក្រិក , តំបន់​ស្កាឌីណាវ៉ាវី , ប្រទេស​អាល្លឺម៉ង់ , ភាគ​ខាងជើង​ប្រទេស​អ៊ីតាលី , ប្រទេស​ស្កុតឡេន , ភាគ​ខាងជើង​ប្រទេស​អង់គ្លេស , ភាគ​ខាងជើង​ប្រទេស​អេហ្ស៊ីប , ភាគ​ខាងជើង​ប្រទេស​សូម៉ាលី , ភាគ​ច្រើន​នៃ​ប្រទេស​អូស្ត្រាលី រួម​ទាំង ក្រុង Perth និង Brisbane , រដ្ឋ Alaska សហរដ្ឋអាមេរិក , តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច សហរដ្ឋអាមេរិក និង ភាគ​ខាងលិច​ប្រទេស​កាណាដា។

#៦ មីស៊ីល​ផ្សេងៗ​ទៀត

ថ្មីៗនេះ កូរ៉េ​ខាងជើង​បាន​ធ្វើ​ការ​សាកល្បង​មីស៊ីល​មួយ​គ្រាប់ ដែល​មាន​រយៈ​ចម្ងាយ​អតិបរិមា ១០ ០០០គីឡូម៉ែត្រ។ វា​អាច​បង្ក​ហានិភ័យ​ដល់ តំបន់​ទាំងអស់​នៃ​ប្រទេស​អូស្ត្រាលី , ទីក្រុង Auckland ប្រទេស​នូវែលហ្សេឡង់ , តំបន់​ទាំងអស់​នៃ​ទ្វីប​អឺរ៉ុប (លើក​លែង​តែ​ផ្នែក​ខ្លះ នៃ​ភាគ​ខាងត្បូង​ប្រទេស​អេស្ប៉ាញ និង​ព័រទុយហ្គាល់) , តំបន់​ទាំង​អស់​នៃ​អេហ្ស៊ីប , ប្រទេស​ទុយណេស៊ី , តំបន់​ភាគច្រើន​នៃ​ប្រទេស​លីប៊ី , តំបន់​ភាគ​ច្រើន​នៃ​ប្រទេស​អាហ្វ្រិក​ខាងកើត , ទីក្រុង Los Angeles សហរដ្ឋអាមេរិក , ទីក្រុង Washington DC សហរដ្ឋអាមេរិក , ទីក្រុង New York City សហរដ្ឋអាមេរិក និង ភាគ​ខាងលិច​ប្រទេស​មិចស៊ីកូ។

#៧ យាន​បាញ់​បង្ហោះ​អវកាស (Space launch vehicle)

កូរ៉េខាងជើង ក៏​មាន​យាន​បាញ់​បង្ហោះ​អវកាស ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​បញ្ជូន​អាវុធ ចូល​ទៅ​ក្នុង​តារា​វិថី​ផង​ដែរ។ រយៈ​ចម្ងាយ​របស់​វា​គឺ ១៥ ០០០គីឡូម៉ែត្រ ដែល​នឹង​ធ្វើ​ឲ្យ​តំបន់​នៅ​លើ​ផែនដី​ភាគ​ច្រើន​មាន​គ្រោះថ្នាក់។

យ៉ាងណាមិញ តំបន់​ដែល​អាច​គេច​ផុត​ពី​ការ​បាញ់​ចេញ​ពី​យាន​ខាង​លើ​នេះ រួម​មាន​ដូចជា ប្រទេស​ប្រេស៊ីល , ប្រទេស​អាហ្សង់ទីន , ប្រទេស​ឈីលី , ប្រទេស​បូលីវី , ប្រទេស​ប៉េរូ , ប្រទេស​ប៉ារ៉ាហ្គាយ , ប្រទេស​អ៊ុយរូហ្គាយ , ភាគ​ខាងត្បូង​ប្រទេស​អេក្វាឌ័រ , ភាគ​ខាងត្បូង​វ៉េណេស៊ុយអេឡា , ភាគ​ខាងត្បូង​ប្រទេស​កូឡុំប៊ី , ភាគ​ខាងត្បូង​ប្រទេស​ហ្គោយ៉ាណា , ភាគ​ខាងត្បូង​ប្រទេស Suriname , ភាគ​ខាងត្បូង​ប្រទេស​ហ្គីណេ , ភាគ​ខាងត្បូង​តំបន់ French Guianaប្រទេស​បារាំង និង ផ្នែក​ជា​ច្រើន​ទៀត​នៃ​ទ្វីប​អង់តាកទិច៕

ប្រភព៖ indy100 ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់