• 2020-01-20 03:41:27
  • ព័ត៌មាន

ព្រះវិហារ កុដិ និងសំណង់បុរាណក្នុងវត្តទាំងអស់ លែងមានការវាយចោលទៀតហើយ

  • 2020-01-20 03:41:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីការផ្ទុះរឿងវាយកម្ចេចចោលព្រះវិហារវត្តខេត្តកំពង់ធំ សាលាធម្មមន្ទីរខេត្តកំពង់ឆ្នាំង ដែលមានការរិះគន់ច្រើននោះ គណៈសង្ឃនាយកនៃព្រះរាជណាចក្រកម្ពុជាបានចេញសេក្តីណែនាំចេញថ្ងៃទី១៧ មករា ឆ្នាំ២០២០ ដាក់ប្រគេនដល់ព្រះមេគណ រាជធានី ខេត្ត ទាំងអស់នៅកម្ពុជាឲ្យគោរពសារាចរអន្តរក្រសួងលេខ០១ ស.រ.ច ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា ស្តីពីការហាមឃាត់ដាច់ខាតរាល់សកម្មភាពវាយកម្ទេចបំផ្លិចបំផ្លាញ ធ្វើឲ្យបាត់បង់ ឬធ្វើឲ្យខូចខាត និងការប្តូររូបរាងសំណង់បុរាណ គំនូរបុរាណ និងវត្ថុបុរាណនៅតាមវត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា។

ព្រះវិហារចំណាស់នៅវត្តសំរោងក្នុងនៅខេត្តបាត់ដំបង

សេចក្តីណែនាំរបស់គណៈសង្ឃនាយកនៃព្រះរាជណាចក្រកម្ពុជាបានបញ្ជាក់ថា សូមប្រគេនព្រះមេគណគ្រប់រាជធានី-ខេត្តជ្រាបថា ដើម្បីធានាឲ្យបានជោគជ័យក្នុងការអនុវត្តតាមសារាចរអន្តរក្រសួងខាងលើ ក៍ដូចជាដើម្បីជៀសវាងការធ្វើឲ្យបាត់បង់ និងខូចទ្រង់ទ្រាយដើមនូវបេតិកភណ្ឌព្រះពុទ្ធសាសនា ដូចមានករណីព្រះវិហារខេត្តកំពង់ធំ និងសាលាធម្មមន្ទីរខេត្តកំពង់ឆ្នាំង កន្លងមក សូមព្រះមេគណធ្វើការផ្សព្វផ្សាយជាបន្ទាន់ដល់ ព្រះអនុគណ ព្រះចៅអធិការ លោកអាចារ្យ និងគណៈកម្មការគ្រប់វត្តទូទាំងខេត្ត ដើម្បីឲ្យបានជ្រួតជ្រាប និងចូលរួមសហការណ៍អនុវត្ត ទប់ស្កាត់កុំឲ្យមានករណីនេះ កើតមានជាបន្តទៀត។ ចំពោះវត្តដែលមានសំណង់បេតិកភណ្ឌពុទ្ធសាសនា ហើយមានបំណងជុសជួលត្រូវតែសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាមុន។

ព្រះវិហារវត្តមហាលាភកសាងឆ្នាំ១៨៨០ជាសំណង់ចាស់ជាងគេនៅប្រទេសកម្ពុជា ស្ថិតនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម រូបថត៖ លោក ស៊ុន ពោរ៉ា

ក្នុងករណីព្រះចៅអធិការ លោកអាចារ្យ គណៈកម្មការ វត្តណា ធ្វើការរុះរើ ជួសជុល វាយកម្ទេចនូវ កុដិ វិហារ សាលា ហោត្រៃ ធម្មមន្ទីរ បណ្ណាល័យ ដង់ទង់ និងគំនូរបុរាណជាដើម ដោយគ្មានច្បាប់អនុញ្ញាត ពីអាជ្ញាធរ ឬក្រសួងស្ថាប័នពាក់ព័ន្ធ ព្រះចៅអធិការ លោកអាចារ្យ គណៈកម្មការ វត្តនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់