• 2020-01-28 05:04:45
  • សុខភាព

ប្រើពេលយូរប៉ុណ្ណា ទើបអាចរកឃើញវ៉ាក់សាំងបង្ការវីរុសកូរ៉ូណា?

  • 2020-01-28 05:04:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​វិទ្យាសាស្ត្រ និង​អ្នក​ស្រាវជ្រាវ​ទូទាំង​ពិភពលោក បាន​រួម​ដៃ​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ដែល​កំពុង​រីក​រាល​ដាល​ខ្លាំង ដោយ​ពួក​គេ​កំពុង​ស្វែង​រក​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព និង​ព្យាយាម​រក​ឲ្យ​បាន​លឿន​បំផុត។

ខណៈ​ដែល​មាន​ការ​ពិសោធន៍​ដើម្បី​វិភាគ​ដឹង​អំពី​អត្តសញ្ញាណ​វីរុស នា​ពេល​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​វ៉ាក់សាំង​បង្ការ​វីរុស ឬ​​​វិធី​ព្យាបាល​អ្នក​ដែល​មាន​​ផ្ទុក​វីរុស​នេះ​នៅ​ឡើយ​ទេ។

តើ​គេ​អាច​បង្កើត​វ៉ាក់សាំង​បាន​ទេ?

អ្នក​ជំនាញ​និយាយ​ថា​ វា​អាច​ទៅ​រួច​ក្នុង​ការ​បង្កើត​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​នេះ។ លើក​នេះ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ហាក់​​​ធ្វើ​ការ​បាន​រហ័ស​ជាង​មុខ ដោយ​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​ពី​ការ​រាយការណ៍​អំពី​វីរុស​នេះ អ្នក​ស្រាវជ្រាវ​នៅ​ចិន​អាច​ធ្វើ​ការ​បញ្ចូល​គ្នា​នូវ​​ហ្សេន​កូដ​នៃ​វីរុស​ និង​ចែក​រំលែក​វា​ជា​មួយ​មន្ត្រី​ផ្នែក​សុខភាព​ជុំវិញ​ពិភពលោក។

អំឡុង​ការ​ផ្ទុះ​ជំងឺ SARS នៅ​ឆ្នាំ ២០០៣ អ្នក​វិទ្យាសាស្ត្រ​អាមេរិក​ត្រូវ​ប្រើ​ពេល​ ២០ ខែ​​ ​ចាប់​ពី​ការ​កំណត់​អត្តសញ្ញាណ​ហ្សេន​កូដ​ ​រហូត​ដល់​ការ​សាក​ល្បង​វ៉ាក់សាំង​ជា​លើក​ដំបូង​លើ​មនុស្ស។ វិទ្យាស្ថាន​សុខភាព​អាមេរិក NIH បាន​បង្កើត​វ៉ាក់សាំង​ និង​បាន​បញ្ជាក់​អំពី​ប្រសិទ្ធភាព​ក្នុង​ការ​សាក​ល្បង ប៉ុន្តែ​វា​មិន​បាន​ទៅ​ឆ្ងាយ​ជាង​នេះ​នោះ​ទេ ដោយ​សារ​ពេល​នេះ​ការ​រីក​រាល​ដាល​​នៃ​ជំងឺ​ SARS ត្រូវ​គេ​បង្ក្រាប​បាន។

ពេល​នេះ​អ្នក​វិទ្យាសាស្ត្រ​នៅ​ចិន អាមេរិក កាណាដា និង​អូស្ត្រាលី កំពុង​ដុត​ដៃ​ដុត​ជើង​ក្នុង​ការ​បង្កើត​ និង​សាក​ល្បង​វ៉ាក់សាំង ដើម្បី​​ទប់​ស្កាត់​​វីរុស​ថ្មី​កូរ៉ូណា​កុំ​ឲ្យ​រីក​រាល​ដាល​ខ្លាំង។

នរណា​កំពុង​បង្កើត​វ៉ាក់សាំង?

អង្គការ​មិន​រក​ប្រាក់​ចំណេញ​មួយ​ដែល​មាន​ឈ្មោះ​កាត់​ថា​ CEPI (Coalition for Epidemic Preparedness Innovations) ដែល​បាន​ជួយ​ផ្ដល់​ទុន​ក្នុង​ការ​បង្កើត​វ៉ាក់សាំង​ថ្មី បាន​កំណត់​គោលដៅ​ថា​​​បង្កើត​វ៉ាក់សាំង​សម្រាប់​ឲ្យ​មនុស្ស​សាក​ល្បង​បាន​ ក្នុង​ពេល​ត្រឹម ១៦ សប្ដាហ៍។ ដំណើរ​ការ​នេះ​ជា​ធម្មតា​ត្រូវ​ប្រើ​ពេល​រាប់​ឆ្នាំ។

CEPI បាន​ចំណាយ​ទឹក​ប្រាក់​សរុប ១២,៥ លាន​ដុល្លារ ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចំនួន​បី ដើម្បី​ចាប់​ផ្ដើម​បង្កើត​វ៉ាក់សាំង​បង្ការ​វីរុស​កូរ៉ូណា។

អ្នក​ស្រាវជ្រាវ​កំពុង​ធ្វើ​ការ​លើ​​វ៉ាក់សាំង​​ដែល​ពួក​គេ​រៀប​រាប់​ថា​ជា​ "​ការ​គាប​បញ្ចូល​ម៉ូលេគុល" ដែល​កន្លង​មក​ធ្លាប់​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​មន្ទីរពិសោធន៍​លើ​វីរុស​ដទៃ​ដូច​ជា​ Ebola និង​​វីរុស​ MERS ផង​ដែរ។

ក្រុមហ៊ុន​ថ្នាំ​ពេទ្យ​ចំនួន​ពីរ​គឺ Inovio Pharmaceuticals និង​ Moderna Therapeutics ក៏​ទទួល​បាន​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​ពី CEPI ដើម្បី​ត្រៀម​​នូវ​វ៉ាក់សាំង​​ថ្មី​នេះ​ផង​ដែរ។

ទន្ទឹម​នឹង​នោះ​​ក៏​មាន​សកលវិទ្យាល័យ, ក្រុមហ៊ុន​ថ្នាំ​ពេទ្យ និង​ក្រុមហ៊ុន​ជីវៈ​បច្ចេកវិទ្យា​ជុំវិញ​ពិភពលោក​ បាន​ប្រកាស​ពី​ផែនការ​បង្កើត​វ៉ាក់សាំង​បង្ការ​វីរុស​កូរ៉ូណា​ផង​ដែរ។

តើ​វា​នឹង​ប្រើ​ពេល​យូរ​ប៉ុណ្ណា?

​បើ​តាម​ការ​លើក​ឡើង​របស់​លោក Anthony Fauci ដែល​ជា​អ្នក​ចាត់​ការ​នៃ​វិទ្យាស្ថាន​​សុខភាព​ជាតិ​សហរដ្ឋអាមេរិក (ហៅ​កាត់ NIH)​ ដែល​​រូប​លោក​ក៏​មាន​ក្រុម​កំពុង​បង្កើត​វ៉ាក់សាំង​នេះ បាន​ប្រាប់​ដល់​ Washington Post ថា​ លោក​មាន​ភាព​ជឿជាក់​ថា​ការ​​ពិសោធ​សុវត្ថិភាព​លើ​ខ្លួន​មនុស្ស​​អាច​នឹង​ចាប់​ផ្ដើម​ក្នុង​ពេល ៣ ខែ​ទៀត។

​​​​​​​​​​​រយៈពេល ៣ ខែ រាប់​ចាប់​ពី​ដំណើរ​ការ​បញ្ចូល​គ្នា​នូវ​​ហ្សេន​កូដ​នៃ​វីរុស ដល់​ការ​ធ្វើ​តេស្ត​លើ​មនុស្ស ​នឹង​​ជា​ការ​បង្កើត​វ៉ាក់សាំង​ដ៏​លឿន​បំផុត​មួយ​របស់ NIH។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​ទី ២៨ ខែ​មករា​នេះ អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​បាន​កើន​ដល់ ១០៦ នាក់ ហើយ​អ្នក​ឆ្លង​បាន​កើន​ឡើង​ដល់ ៤ ៣០៦ នាក់៕​​​

ប្រភព៖ Globalnews ប្រែ​សម្រួល៖ សុខហេង

មតិយោបល់