• 2020-01-29 06:52:41
  • ព័ត៌មាន

កម្មករសង់មន្ទីរពេទ្យពិសេសនៅចិន បានប្រាក់ឈ្នួលគុណនឹង ៣

  • 2020-01-29 06:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ២៩ ខែ​មករា​នេះ សារព័ត៌មាន​ចិន​ Xinhua បាន​បង្ហាញ​អំពី​ដំណើរ​ការ​សាង​សង់​មន្ទីរពេទ្យ​ Huoshan ដែល​សង់​ឡើង​ជា​ពិសេស​សម្រាប់​​មើល​ថែ​អ្នក​មាន​ជំងឺ​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស​កូរ៉ូណា ដែល​ស្ថិត​នៅ​​ក្រុង​ Wuhan ​ខេត្ត Hubeiប្រទេស​ចិន។

​​មន្ទីរពេទ្យ​ទំហំ ២៥ ០០០ ម៉ែត្រ​ការ៉េ​នឹង​​អាច​ទទួល​អ្នក​ជំងឺ​បាន ១ ពាន់​នាក់ ដោយ​មាន​គ្រែ​ចំនួន ១ ពាន់។ គេ​រំពឹង​ថា​វា​នឹង​បញ្ចប់​ការ​សាង​សង់ ហើយ​បើក​ទទួល​អ្នក​ជំងឺ​នៅ​ថ្ងៃ​ទី ៣ ខែ​កុម្ភៈ ដែល​​ចាប់​ផ្ដើម​សាង​សង់​ពី​​​ល្ងាច​ថ្ងៃ​ទី ២៣ ខែ​មករា។ គួរ​ដឹង​ថា​កម្មករ​សាង​សង់​មន្ទីរពេទ្យ​នេះ នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​គុណ​នឹង ៣ ដើម្បី​ពន្លឿន​ការ​សាង​សង់​ឲ្យ​លឿន ដោយ​ពួក​គេ​អាច​ទទួល​បាន​ប្រមាណ ១៧៣ដុល្លារ ក្នុង​មួយ​ថ្ងៃ។

មន្ទីរពេទ្យ​ខាង​លើ​នេះ​គឺ​យក​លំនាំ​តាម​មន្ទីរពេទ្យ​ Xiaotangshan ដែល​សាង​សង់​ឡើង​នៅ​ជាង​ក្រុង​ប៉េកាំង​ ប្រើ​ពេល​ត្រឹម ៧ ថ្ងៃ សម្រាប់​ការ​ផ្ទុះ​ជំងឺ​រាតត្បាត​ SARS កាល​ពី​ឆ្នាំ ២០០៣។

ក្រៅ​ពី​មន្ទីរពេទ្យ​ខាង​លើ​ ចិន​ក៏​កំពុង​តែ​សាង​សង់​មន្ទីរពេទ្យ​មួយ​កន្លែង​ទៀត​ឈ្មោះ​ Leishenshan ដែល​មាន​គ្រែ​ចំនួន ១ ៣០០ គ្រែ​សម្រាប់​ទទួល​អ្នក​ជំងឺ ដោយ​គ្រោង​នឹង​បើក​ដំណើរ​ការ​​នៅ​ថ្ងៃ​ទី ៥ ខែ​កុម្ភៈ មាន​ទីតាំង​នៅ​​​ក្រុង​ Wuhan ​ខេត្ត Hubei ដូច​គ្នា៕

ប្រភព៖ Zing | Xinhua ប្រែ​សម្រួល៖ សុខហេង

មតិយោបល់