• 2020-02-23 01:54:47
  • ព័ត៌មាន

តាម​ពិត អ្នក​អវកាស​អាស៊ី​ដំបូង​គេ​បង្អស់ មក​ពី​ប្រទេស​ក្បែរ​ខាង​យើង​សោះ!

  • 2020-02-23 01:54:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាហាន​ជើង​អាកាស​វៀតណាម លោក Pham Tuan ត្រូវ​បាន​ជ្រើសរើស​ជា​សមាជិក​នៃ​អវកាស​យានិក​អន្តរជាតិ​ជំនាន់​ទី ៦ សម្រាប់​កម្មវិធី​អន្តរសកល (Interkosmos) របស់​សហភាព​សូវៀត កាល​ពី​ខែ​មេសា ឆ្នាំ១៩៧៩។

លុះ​នៅ​ខែ​កក្កដា ឆ្នាំ១៩៨០ លោក​ Tuan បាន​បំពេញ​បេសកកម្ម Soyuz 37 ដោយ​ធ្វើ​ដំណើរ​ចេញ​ពី​ភព​ផែនដី ទៅ​កាន់​ស្ថានីយ​អវកាស​សូវៀត Salyut 6។ លោក​បាន​ចំណាយ​ពេល​ ៧ថ្ងៃ ២០ម៉ោង នៅ​លើ​អវកាស ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​អវកាស​យានិក​មក​ពី​ប្រទេស​អាស៊ី​ដំបូង​គេ​បង្អស់។

នៅ​ក្នុង​អវកាស​ លោក​បាន​ធ្វើ​ពិសោធ​ក្នុង​ការ​រំលាយ​លោហធាតុ​ក្នុង​ស្ថានភាព​ទំនាញ​ខ្សោយ ហើយ​បាន​សង្កេត​ប្រទេស​វៀតណាម​ពី​លើ​អាកាស​ទៀត​ផង។

លោក​បាន​ត្រលប់​មក​ភព​ផែនដី​វិញ​នៅ​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ១៩៨០។ នៅ​ពេល​មក​វិញ លោក​ត្រូវ​បាន​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​អធិកអធម ដោយ​មាន​ការ​បំពាក់​មេដាយ​ជាន់​ខ្ពស់​ឡេនីន និង​មេដាយ​វីរបុរស​សូវៀត ដោយ​លោក​ Leonid Brezhnev មេដឹកនាំ​សូវៀត​នៅ​កាល​នោះ ហើយ​លោក​ក៏​ទទួល​យ៉ាង​រាក់ទាក់ ពេល​ត្រលប់​ទៅ​វៀតណាម​វិញ​ផង​ដែរ។

លោក Tuan មុន​នឹង​ក្លាយ​ជា​សមាជិក​អវកាសយានិក​សូវៀត លោក​បាន​ចូលរួម​ក្នុង​សង្គ្រាម​វៀតណាម ហើយ​ក្រោយ​មក​ទៀត​លោក​បាន​ចូលនិវត្តន៍​ក្នុង​ឋានៈ​ជា ឧត្ដមសេនីយ៍​ត្រី៕

លោក Pham Tuan និង​មេដឹកនាំ​សូវៀត

ប្រភព៖ Spacefact និង​ Globalsecurity

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់