- 2020-02-25 00:25:07
- ព័ត៌មាន
មហាក្សត្រម៉ាឡេស៊ី ស្នើសុំលោក Mahathir បន្តកាន់តំណែងនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន
- 2020-02-25 00:25:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាក្សត្រម៉ាឡេស៊ី ស្នើសុំលោក Mahathir បន្តកាន់តំណែងនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន
ចន្លោះមិនឃើញ
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad បានប្រកាសលាលែងពីតំណែង ប៉ុន្តែត្រូវបានស្នើឲ្យបន្តធ្វើជាមេដឹកនាំបណ្តោះអាសន្ន ដោយព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី។
លោក Mahathir បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ប្រវែងពីរបន្ទាត់មួយថា លោកបានជូនដំណឹងដល់ព្រះមហាក្សត្រ អំពីការលាលែងតំណែងរបស់លោក នៅវេលាម៉ោង ១ រសៀល (ម៉ោងនៅទីក្រុងគូឡាឡាំពួរ) កាលពីថ្ងៃច័ន្ទកន្លងទៅនេះ។
យោងតាមប្រភពព័ត៌មានពីកាសែត Reuters បានដកស្រង់សំដីប្រភពចំនួន ៣ ថា លោក Mahathir ក៏បានលាឈប់ពីគណបក្ស Parti Pribumi Bersatu Malaysia (PPBM) របស់ខ្លួនផងដែរ។ ការសម្រេចចិត្តរបស់លោក Mahathir កើតឡើង បន្ទាប់ពីមានការបះបោរនយោបាយ ក្រោយមានសេចក្តីរាយការណ៍កាលពីយប់ថ្ងៃអាទិត្យថា គណបក្សរបស់លោកគ្រោងនឹងបង្កើតរដ្ឋាភិបាលថ្មីមួយ។
យ៉ាងណាមិញ ព្រះមហាក្សត្រម៉ាឡេស៊ី បានទទួលយកការលាឈប់របស់លោក Mahathir ហើយ ប៉ុន្តែបានស្នើសុំលោក Mahathir ធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នសិន ខណៈពេលរង់ចាំការតែងតាំងនាយករដ្ឋមន្ត្រីថ្មី។ មុនពេលនោះមកដល់ លោក Mahathir នឹងចាត់ចែងកិច្ចការប្រទេសដដែល។
គួរឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អ្នកស្រី Wan Azizah Wan Ismail អាចនឹងក្លាយជាស្ត្រីដំបូងបង្អស់ ឡើងកាន់តំណែងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្រោយពេលដែលលោក មហាធៀរ លាលែងទៅ។ លោក Mahathir បានឡើងកាន់តំណែងក្នុងវ័យ ៩៤ឆ្នាំកាលពីខែ ឧសភាឆ្នាំ ២០១៨កន្លងទៅ ដែលជាលើកទី ២ ក្នុងការទទួលតំណែងជានាយករដ្ឋមន្ត្រី៕