• 2020-03-20 07:56:50
  • ព័ត៌មាន

ការវិវត្ត ៤០ឆ្នាំ នៃតួនាទីប្រាក់រៀលក្នុងសង្គមខ្មែរ កូនខ្មែរគ្រប់រូបគួរយល់ដឹង

  • 2020-03-20 07:56:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបិយវត្ថុជាតិនីមួយៗសុទ្ធតែផ្សារភ្ជាប់នឹងប្រវត្តិសាស្ត ដែលតំណាងឱ្យមោទនភាព និងអត្តសញ្ញាណជាតិ។ សម្រាប់កម្ពុជា ក្នុងដំណើរ ៤០ឆ្នាំ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ដែលជារូបិយវត្ថុរបស់កម្ពុជាយើង ក៏មានការវិវត្តវិជ្ជមានជាច្រើនគួរឱ្យកត់សម្គាល់ដែរបើទោះជាមានការចរាចររូបិប័ណ្ណបរទេសច្រើនក្តី ។

តើអ្នកឆ្ងល់ទេថាហេតុអ្វីបានជាកម្ពុជាបើកឱ្យចរាចររូបិយប័ណ្ណបរទេស?

ចម្លើយ៖ បន្ទាប់ពីបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមក្នុងឆ្នាំ១៩៧៩ សេដ្ឋកិច្ចកម្ពុជាត្រូវចាប់ផ្តើមឡើងវិញពីចំណុចសូន្យ។ ដុល្លារូបនីយកម្មមានវត្តមាននៅក្នុងសេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មក ដោយសារកត្តាចម្បងពីរ គឺ i/-ការបាត់បង់ជំនឿទុកចិត្តទៅលើរូបិយវត្ថុជាតិ និង ii/-លំហូរចូលនៃរូបិយប័ណ្ណបរទេសក្នុងសេដ្ឋកិច្ចជាបន្តបន្ទាប់ ជាពិសេសនៅពេលដែល UNTAC បាននាំប្រាក់ដុល្លារអាមេរិកប្រមាណជាង ២ប៊ីលានដុល្លារអាមេរិកចូលមកកម្ពុជានៅឆ្នាំ ១៩៩១-១៩៩២។

តើការចរាចរប្រាក់ដុល្លារអាមេរិកមានផលប៉ះពាល់អ្វីខ្លះចំពោះសេដ្ឋកិច្ចជាតិ?

ចម្លើយ ៖ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា កម្រិតដុល្លារូបនីយកម្មខ្ពស់អាចធ្វើឱ្យកម្ពុជាងាយប្រឈមនឹងហានិភ័យមួយចំនួនពីខាងក្រៅ។ សម្រាប់ប្រព័ន្ធហិរញ្ញវត្ថុ ដុល្លារូបនីយកម្មបានធ្វើឱ្យប្រព័ន្ធធនាគារនៅកម្ពុជាប្រឈមនឹងហានិភ័យតារាងតុល្យការ ដោយសារគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មានទ្រព្យសកម្មនិងអកម្មជារូបិយវត្ថុផង និងរូបិយប័ណ្ណបរទេសផង។

ដូចនេះ ការលើកកម្ពស់រូបិយវត្ថុជាតិមានសារៈសំខាន់ណាស់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។

តើការប្រើប្រាស់រូបិយវត្ថុជាតិតែមួយ (ប្រាក់រៀល) ល្អបែបណាខ្លះសម្រាប់ប្រទេសកម្ពុជា?

ចម្លើយ ៖ ការប្រើប្រាស់រូបិយវត្ថុជាតិកាន់តែទូលំទូលាយនៅគ្រប់វិស័យទាំងអស់ នឹង ៖

១. ផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលពង្រឹងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ដើម្បីជំរុញនិងរក្សានិរន្តរភាពកំណើន ដោយសារបរិមាណផ្គត់ផ្គង់រូបិយវត្ថុមានឥទ្ធិពលដោយផ្ទាល់ទៅលើសេដ្ឋកិច្ចរូបវ័ន្ត (ផលិតកម្ម និងការងារ)។

២. ធ្វើឱ្យកម្ពុជាទទួលបានចំណូលបន្ថែមពីការបោះពុម្ពក្រដាសប្រាក់ (Seigniorage) ដែលនឹងអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចគរពូនទ្រព្យសម្បតិ្តជាតិ ឬយកទៅប្រើប្រាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិបន្ថែម។

៣. ជួយកាត់បន្ថយចំណាយលើប្រតិបត្តិការប្តូរប្រាក់ ដែលធ្វើឱ្យខាតបង់ទាំងពេលវេលា និងប្រាក់កាស។

៤. ជួយបង្កើនប្រតិបត្តិការសេដ្ឋកិច្ច ដោយសារភាពងាយស្រួល ឆាប់រហ័ស និងប្រសិទ្ធភាព នៅពេលដែលគេមិនចាំបាច់ត្រូវខ្វល់ពីប្រភេទរូបិយវត្ថុ ឬរូបិយប័ណ្ណក្នុងការទូទាត់ និងគម្លាតអត្រាប្តូរប្រាក់។

៦. កាត់បន្ថយហានិភ័យទាំងនេះ ព្រមទាំងពង្រឹងភាពធន់នឹងវិបត្តិក្នុងប្រព័ន្ធហិរញ្ញវត្ថុ។ មិនត្រឹមតែប៉ុណ្ណោះ ការប្រើប្រាស់រូបិយវត្ថុជាតិកាន់តែច្រើន នឹងអនុញ្ញាតឱ្យធនាគារកណ្តាលដើរតួនាទីជាអ្នកឱ្យខ្ចីចុងក្រោយ កាន់តែមានប្រសិទ្ធភាពដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ។

៧. ពង្រឹងតួនាទីនេះនឹងបង្កើនជំនឿទុកចិត្តរបស់ភ្នាក់ងារសេដ្ឋកិច្ចមកលើវិស័យហិរញ្ញវត្ថុ និងលើកកម្ពស់សមត្ថភាពរបស់ធនាគារកណ្តាលក្នុងការបង្ការវិបត្តិ។

៨. ដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាជនខ្មែរនៅតាមជនបទ។

សរុបមក រូបិយវត្ថុជាតិមានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ប្រកបដោយបរិយាបន្ន។ ដូចនេះ ការលើកកម្ពស់រូបិយវត្ថុជាតិ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

បច្ចុប្បន្ន តើការប្រើប្រាស់រូបិយវត្ថុជាតិ (ប្រាក់រៀល) មានការវិវត្តបែបណាខ្លះ?

ចម្លើយ ៖ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ រូបិយវត្ថុក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ ពី ៥០៩ ប៊ីលានរៀលនៅចុងឆ្នាំ ១៩៩៨ ដល់ ១៣ ទ្រីលានរៀលនៅចុងឆ្នាំ ២០១៩ (ស្មើនឹងកំណើន ២៥,៥ ដង)។ ទន្ទឹមនេះ ប្រាក់បញ្ញើជារៀល ក៏បានកើនឡើងគួរឱ្យកត់សម្គាល់នាប៉ុន្មានឆ្នាំចុងក្រោយនេះ ពីប្រមាណ ៤,៥ ទ្រីលានរៀលនៅចុងឆ្នាំ ២០១៦ ដល់ ៩,៥ ទ្រីលានរៀល នៅចុងឆ្នាំ ២០១៩ (ស្មើនឹងកំណើន ២,១ ដង)។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីអង្កេតឥរិយាបថនៃការប្រើប្រាស់ប្រាក់រៀល និងរូបិយប័ណ្ណបរទេសនៅកម្ពុជា ក្នុងចំណោមក្រុមគ្រួសារ ២.២៧៣ និងសហគ្រាស ៨៥៦ ក្នុងរាជធានី-ខេត្តទាំង២៥ ។

លទ្ធផលអង្កេតបានបង្ហាញឱ្យឃើញថា ការប្រើប្រាស់ប្រាក់រៀលមានសមាមាត្រខ្ពស់ជាងរូបិយប័ណ្ណ បរទេសដោយប្រមាណ ៧១% នៃចំណូលក្នុងក្រុមគ្រួសារ និង ៥៣% នៃចំណូលរបស់សហគ្រាស គឺជាប្រាក់រៀល។

គួរកត់សម្គាល់ថា ការសន្សំជាប្រាក់រៀលក៏មានភាពពេញនិយម ជាពិសេសនៅទីជនបទ ដោយសមាមាត្រប្រាក់រៀលក្នុងការសន្សំរបស់ក្រុមគ្រួសារមានរហូតដល់ ៧២%។ ប៉ុន្តែ កម្ចីជាប្រាក់រៀលនៅមានកម្រិតទាប ដោយ ៧៥% នៃកម្ចីរបស់ក្រុមគ្រួសារ និង ៩៧% នៃកម្ចីរបស់សហគ្រាស គឺជារូបិយប័ណ្ណបរទេស។ កម្ចីជារូបិយប័ណ្ណបរទេស បានធ្វើឱ្យក្រុមគ្រួសារនិងសហគ្រាសដែលមានប្រភពចំណូលចម្បងជាប្រាក់រៀល ត្រូវប្រឈមនឹងហានិភ័យនិងការខាតបង់ពីការប្រែប្រួលអត្រាប្តូរប្រាក់។

ឆ្លើយតបនឹងបញ្ហានេះ ធនាគារជាតិនៃកម្ពុជាបានខិតខំលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ក្រុមគ្រួសារនិងម្ចាស់សហគ្រាស បង្កើនប្រភពទុនជាប្រាក់រៀលដល់គ្រឹះស្ថានហិរញ្ញវត្ថុ តាមរយៈប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) និងការតម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់ឥណទានជាប្រាក់រៀលឱ្យបានយ៉ាងតិច ១០% នៃសំពៀតឥណទានសរុប។

ការប្រែប្រួលជាវិជ្ជមានមួយចំនួននៃការប្រើប្រាស់ប្រាក់រៀល ត្រូវបានរកឃើញតាមរយៈលទ្ធផលនៃការអង្កេតនេះដែរ ដូចជា៖

ជាក់ស្តែង ការសន្សំជាប្រាក់រៀលរបស់ក្រុមគ្រួសារបានកើនឡើងពី ៧០% នៅឆ្នាំ ២០១៤ មក ៧២% នៅឆ្នាំ ២០១៧ ដែលបង្ហាញពីការកើនឡើងនៃជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើប្រាក់រៀល។ ទន្ទឹមនេះ ក្រៅពីក្រដាសប្រាក់ដែលមានតម្លៃតូច ការប្រើប្រាស់ក្រដាសប្រាក់ដែលមានតម្លៃធំ ដូចជាក្រដាស ១០០.០០០រៀល ក៏មានការកើនឡើងផងដែរ ដោយក្នុងឆ្នាំ២០១៤ មានក្រុមគ្រួសារចំនួន ៤២% ធ្លាប់បានប្រើប្រាស់ក្រដាស ១០០.០០០រៀល ហើយបានកើនដល់ ៦០% នៅឆ្នាំ២០១៧។

ក្នុងអំឡុងពេលដូចគ្នានេះ ចំណូលនិងចំណាយរបស់សហគ្រាសជាប្រាក់រៀលក៏បានកើនឡើងក្នុងចន្លោះពី ៣% ទៅ ១៥% ស្របពេលដែលសហគ្រាសចំនួន ៩៥ ដែលពុំធ្លាប់ដាក់ស្លាកតម្លៃជាប្រាក់រៀល នៅឆ្នាំ២០១៤ បានចាប់ផ្តើមដាក់ស្លាកតម្លៃជាប្រាក់រៀលនៅឆ្នាំ ២០១៧។

គួររំលេចផងដែរថា ឆ្លើយតបនឹងសំណួរថាតើសហគ្រាសយល់យ៉ាងណា ប្រសិនបើតម្លៃទំនិញនិងសេវាកម្ម ចាំបាច់ត្រូវកំណត់ជាប្រាក់រៀល? សហគ្រាស ៩៨% ឆ្លើយថានឹងចូលរួមគាំទ្រ ដោយក្នុងនោះ ៦៩% អះអាងថានឹងគាំទ្រទាំងស្រុង ដែលកាលពីឆ្នាំ ២០១៤ មានតែ ៣៦% ប៉ុណ្ណោះដែលបានឆ្លើយថា គាំទ្រទាំងស្រុង។

ទោះយ៉ាងណាក៏ដោយ ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យបានជោគជ័យមិនអាចសម្រេចបានយ៉ាងឆាប់រហ័សនោះទេ ប្រសិនបើមិនមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈនិងវិស័យឯកជន៕

មតិយោបល់