• 2020-03-22 03:58:25
  • ព័ត៌មាន

អ្នកស្ម័គ្រចិត្តជាង ១០០នាក់ ប្រាប់បទពិសោធន៍ចាក់វ៉ាក់សាំង Covid-19 ដំបូងគេនៅចិន

  • 2020-03-22 03:58:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្ម័គ្រចិត្ត​ចំនួន ១០៨​នាក់​មក​ពី​ទីក្រុង Wuhan បាន​ធ្វើ​ការ​រៀបរាប់​បទពិសោធន៍​របស់​ខ្លួន​ក្រោយ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 មុន​ដំបូង​គេ​បង្អស់។

ដំណើរ​ការ​ចាក់​វ៉ាក់សាំង​សាក​ល្បង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ដែល​មាន​រយៈ​ពេល​ត្រឹម ៣​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​ឱសថ CanSino Biologics បាន​អភិវឌ្ឍ​វា​ឡើង​ដោយ​រួម​សហការ​ជាមួយ​យោធា​ចិន ហើយ​ត្រូវ​បាន​បើក​ភ្លើង​ខៀវ​ដោយ​រដ្ឋាភិបាលក្រុង​ប៉េកាំង។ យោងតាមព័ត៌មានដែលបានចុះផ្សាយនៅលើបញ្ជីឈ្មោះសាកល្បងព្យាបាលរបស់ចិន​ឲ្យ​ដឹង​ថា អ្នកស្ម័គ្រចិត្ត ១០៨​នាក់​ទាំង​ក្មេង​ទាំង​ចាស់​អាយុ​ចាប់​ពី ១៨-៦០​ឆ្នាំ ត្រូវ​បាន​បែងចែក​ជា ៣​ក្រុម។ ក្នុង​មួយ​ក្រុម​មាន ៣៦​នាក់ ដោយ​ក្រុម​នីមួយ​ៗ​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ក្នុង​បរិមាណ​ខុស​គ្នា​ដោយ​មាន​តិច, មធ្យម និង​ច្រើន។

យោង​តាម​ស្ត្រី​វ័យ​ក្មេង​ឈ្មោះ Xiao Mi ដែល​បាន​​ចាក់​វ៉ាក់សាំង​ក្នុង​បរិមាណ​តិច​ឲ្យ​ដឹង​ថា "មាន​មនុស្ស ២​នាក់​ក្នុង​ក្រុម​របស់​យើង ដែល​បាន​ឡើង​កម្ដៅ​ខ្លួន​ដល់ ៣៨​អង្សា (ក្រោយ​ចាក់​វ៉ាក់សាំង) ហើយ​អ្នក​ខ្លះ​ទៀត​មាន​អាការ​រាគ​រូស។” ស្ត្រី​រូប​នេះ​បន្ថែម​ថា "ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​អាច​ទ្រាំ​ទ្រ​ជា​មួយ​ឥទ្ធិពល​នៃ​វ៉ាក់សាំង​នេះ​បាន ហើយ​ខ្ញុំ​ចង់​យក​ឈ្នះ​វា​ដើម្បី​លះ​បង់​សម្រាប់​មនុស្ស​ទូទៅ។”

យ៉ាង​ណា​មិញ សាស្រ្តាចារ្យផ្នែករោគសាស្ត្រនៃសាកលវិទ្យាល័យឃ្វីនលែនក្នុងប្រទេសអូស្ត្រាលី​លោក Roy Hall ឲ្យ​ដឹង​ថា​បើ​ទោះ​បី​ជា​ដំណើរ​ការ​សាកល្បង​ចាក់​វ៉ាក់សាំង​ធ្វើ​ទៅ​លឿន​ក៏​ដោយ ប៉ុន្តែ​វា​នឹង​ត្រូវ​ការ​ពេល​បន្ថែម​ទៀត មុន​ដែល​អាច​ផលិត​ក្នុង​បរិមាណ​ច្រើន​និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណ។ សាស្ត្រាចារ្យ​រូប​នេះ បន្ថែម​ថា​វា​នឹង​ត្រូវ​ការ​ចាប់​ពី ៦-៩ ខែ​ដើម្បី​ធ្វើ​តេស្ដ​វ៉ាក់សាំង ដូច្នេះ​មាន​ន័យ​ថា​ការ​ផលិត​វ៉ាក់សាំង​មួយ ត្រូវ​ចំណាយ​ពេល​ដល់ ១​ឆ្នាំ​ចាប់​តាំង​ពី​ការ​រក​ឃើញ​ធាតុ​បង្ក​ជំងឺ៕

ប្រភព៖ Scmp ប្រែសម្រួល ៖ Seven

មតិយោបល់