• 2020-03-25 02:21:07
  • ព័ត៌មាន

ពេទ្យវៀតណាមម្នាក់ តស៊ូប្រយុទ្ធ Covid-19ជិត ២ខែ រហូតដល់ឆ្លងវីរុសខ្លួនឯង

  • 2020-03-25 02:21:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូពេទ្យ​វៀតណាម​ម្នាក់ បាន​ក្លាយ​ជា​អ្នក​ជំងឺ​ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី ៣​នាក់​ក្នុង​ប្រទេស​វៀតណាម ដែល​ត្រូវ​បាន​ក្រសួង​សុខាភិបាល​អះអាង​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ។

យោង​តាម​ក្រសួង​ឲ្យ​ដឹង​ថា គ្រូពេទ្យ​វ័យ ២៩​ឆ្នាំ បាន​ក្លាយ​ជា​គ្រូ​ពេទ្យ​ឆ្លង​វីរុស​កូរ៉ូណា​ដំបូង​គេ​បង្អស់​ក្នុង​ប្រទេស​វៀតណាម ក្រោយ​ធ្វើ​ការ​នៅ​ផ្នែក​សង្គ្រោះ​បន្ទាន់​នៅ​ពេទ្យជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺ​ក្នុង​សង្កាត់ Dong Anh ទីក្រុង​ហាណូយ។ គ្រូពេទ្យ​រូប​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង Covid-19 ចាប់​តាំង​ពី​ថ្ងៃ​ទី ៣១​ខែ​មករា​មក ដោយ​តាមដាន​និង​ព្យាបាល​អ្នក​ជំងឺ​ឆ្លង។ រហូត​មក​ដល់​ថ្ងៃ​ទី ១៩​ខែ​មីនា លោក​គ្រូ​ពេទ្យ​ខាង​លើ មាន​អាការ​ឈឺ​ក ហើយ​ចាប់​ផ្ដើម​ក្អក និង​ឈឺ​សាច់​ដុំ។ ថ្ងៃ​បន្ទាប់​ទៀត លោក​បាន​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ និង​យក​សំណាក​ទៅ​ធ្វើ​តេស្ដ​រក​មេរោគ​នៅ​វិទ្យាស្ថាន​រោគរាតត្បាត​ជាតិ ហើយ​រក​ឃើញ​ថា​មាន​វិជ្ជមាន Covid-19។ ឥឡូវ​នេះ លោកគ្រូពេទ្យ Nguyen Trung Cap ​កំពុង​សម្រាក​ព្យាបាល​បន្ដ មុន​នឹង​អាច​ជា​សះ​ស្បើយ​ដើម្បី​អាច​ជួយ​ព្យាបាល​អ្នក​ជំងឺ​ផ្សេង​ទៀត។

គួរ​បញ្ជាក់​ថា មក​ទល់ពេល​នេះ ប្រទេស​វៀតណាម​បាន​រាយ​ការណ៍​ចំនួន​អ្នក​ឆ្លង Covid-19 សរុប ១៣៤​ករណី ដោយ​ក្នុង​នោះ​មាន ១៦​នាក់​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជា​សះស្បើយ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់