• 2020-03-30 00:25:30
  • ព័ត៌មាន

អ៊ីតាលី ចង់បន្ថែមរយៈពេលបិទប្រទេស ខណៈអ្នកឆ្លងជំងឺកូវីដ១៩ ឡើងជិត១សែននាក់

  • 2020-03-30 00:25:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា អាជ្ញាធរអ៊ីតាលីបាននិយាយថា ពួកគេអាចនឹងបន្ថែមរយៈពេលបិទប្រទេសមួយខែទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយសារតែចំនួនអ្នកស្លាប់នៅក្នុងប្រទេសបានកើនឡើងដល់ ១០ ៧៧៩នាក់ ហើយចំនួនអ្នកឆ្លងសរុប ជិត ១០០ ០០០នាក់។

សេវាការពារជនស៊ីវិលនៅក្នុងប្រទេសអ៊ីតាលី បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ៧៥៦នាក់ផ្សេងទៀតនៅថ្ងៃអាទិត្យ ខណៈករណីឆ្លងជំងឺកូវីដ១៩ ផ្លូវការ បានកើនឡើងបន្ថែម ៥ ២១៧នាក់ សរុបស្មើនឹង ៩៧ ៦៨៩នាក់។

ទោះជាយ៉ាងណា ការកើនឡើងនៃការឆ្លងជំងឺប្រចាំថ្ងៃ បានថយចុះ ៥,៦ភាគរយ។ លោក Fabrizio Pregliasco អ្នកជំនាញខាងវីរុសឆ្លង នៃសាកលវិទ្យាល័យ University of Milan បាននិយាយថា "យើងកំពុងមើលឃើញនូវការធ្លាក់ចុះ។ វាមិនទាន់ច្រើនណាស់ណាទេ ប៉ុន្តែវាជាសញ្ញាល្អ"។

គួរឲ្យដឹងថា ការបិទប្រទេសលើកទី១របស់អ៊ីតាលី ត្រូវគ្រោងបញ្ចប់នៅថ្ងៃទី០៣ ខែមេសា ប៉ុន្តែអាជ្ញាធរទំនងជាប្តេជ្ញាបន្តវា រហូតដល់ការឆ្លងជំងឺកូវីដ១៩ នេះត្រូវបានបញ្ឈប់តែម្តង៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់