- 2020-04-09 03:38:47
- ព័ត៌មាន
ឆ្នាំ២០២០នេះ ផ្លែប៊័រមណ្ឌលគិរី ទិន្នផលពុំសូវល្អ និងស្ងាត់អ្នកបញ្ជាទិញ
- 2020-04-09 03:38:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំ២០២០នេះ ផ្លែប៊័រមណ្ឌលគិរី ទិន្នផលពុំសូវល្អ និងស្ងាត់អ្នកបញ្ជាទិញ
ចន្លោះមិនឃើញ
ដំណាំប៊័រជាប្រភេទដំណាំមួយដែលកសិករនៅខេត្តមណ្ឌលគិរីបាននិងកំពុងពេញនិយមដាំ ព្រោះតែទិន្នផលរបស់វាមានតម្រូវការនិងទីផ្សារបញ្ជាទិញច្រើនលើសពីផលកសិករប្រមូលបានទៅទៀត ប៉ុន្តែនៅដើមរដូវប្រមូលផលប៊័រឆ្នាំ ២០២០នេះ កសិករបានលើកឡើងថា ទិន្នផលប៊័រពុំសូវល្អដូចរៀងរាល់ឆ្នាំទេ រីឯទីផ្សារប្រមូលទិញក៏ធ្លាក់ចុះជាងឆ្នាំមុនដែរ អាចមកពីជំងឺឆ្លងកូវីដ១៩ ធ្វើឲ្យពលរដ្ឋពុំសូវចេញក្រៅផ្ទះ និងពុំសូវមានអ្នកមកទិញប៊័រដល់ចម្ការដូចឆ្នាំមុន។
លោក អ៊ុក ញៀន មានដំណាំប៊័រប្រហែលជាង១០០ដើម នៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ បានប្រាប់ថា អាចមកពីជំងឺកូវីដ១៩ ដែលធ្វើឲ្យទិន្នផលប៊័រនៅចម្ការលោកពុំសូវមានអ្នកទិញច្រើនៗដូចមុន។ ចំណែកទិន្នផលប៊័រក៏ពុំសូវល្អ ព្រោះផ្លែប៊័រតូចៗ ផលក៏មិនបានច្រើនប៉ុន្មានដែរ មកពីភ្លៀងធ្លាក់តិច បូករួមនឹងអាកាសធាតុក្ដៅខ្លាំងផង។ លោកបន្តថា ដំណាំប៊័រនេះវាត្រូវការអាកាសធាតុត្រជាក់ និងទឹកភ្លៀងច្រើនល្មម ទើបវាចេញផ្លែផ្កាបានល្អ ប៉ុន្តែទោះជាមានបញ្ហាបន្តិចបន្តួចនេះក្ដី ក៏នៅដើមរដូវប្រមូលផលនេះលោកអាចប្រមូលផលបានជិត ១តោន ហើយលក់ជូនអតិថិជន និងអាចលក់បានក្នុងតម្លៃទីផ្សារដូចឆ្នាំមុនៗ គឺចន្លោះពី៧ពាន់រៀល ទៅ១ម៉ឺនរៀល តាមការបញ្ជាទិញតិចឬច្រើន។
លោក អ៊ុក ញៀន បន្តទៀតថា ដើមប៊័រចាប់ផ្ដើមចេញផ្កាចាប់ពីខែមករា ហើយក្នុងអំឡុងខែមីនា-មេសា នឹងមានផ្លែបេះលក់បាន ក្រោយពេលបេះផ្លែអស់ម្ដង វានឹងចាប់ផ្ដើមចេញផ្លែផ្កាម្ដងទៀតរហូតដល់ខែសីហា ទើបផុតរដូវប្រមូលផល។ លោកបញ្ជាក់ថា ទោះជាទីផ្សារបញ្ជាទិញទិន្នផលប៊័រធ្លាក់ចុះបន្តិច ប៉ុន្តែមិនប៉ះពាល់ធ្ងន់ធ្ងរទេ ប៊័រនៅតែមានអតិថិជនចាំទទួលទិញ និងមិនអាចជ្រុះចោលគ្មានទីផ្សារនោះទេ។
លោកបញ្ជាក់ទៀតថា ប៊័រក្នុង១ដើមជាទូទៅគឺអាចទទួលបានផលចន្លោះពី៣០ទៅ៧០គីឡូ អាស្រ័យលើដើមប៊័រ មានអាយុតិច ឬច្រើន ដោយដំណាំនេះចាប់ផ្ដើមហុចផលនៅឆ្នាំទី៤ ប៉ុន្តែនៅឆ្នាំទី៥ទី៦ ទើបទទួលបានផលច្រើន។ ដំណាំប៊័រគឺអាចដាំបានតែលើផ្ទៃដីក្រហម និងនៅតំបន់ដែលមានអាកាសធាតុត្រជាក់ប៉ុណ្ណោះ ខុសពីនេះគឺអាចដាំបាន ប៉ុន្តែមិនចេញផ្លែទេ មានតែស្លឹក។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង បានឲ្យដឹងដែរថា នៅដើមឆ្នាំ២០២០នេះ នៅទូទាំងខេត្តមណ្ឌលគិរី មានដាំដុះដំណាំប៊័រសរុបចំនួន២០៥ហិកតា កើនលើសឆ្នាំមុន៤៧ ហិកតា និងពុំទាន់មានដាំជាលក្ខណៈចម្ការធំនោះទេ មានត្រឹមលក្ខណៈគ្រួសារចន្លោះពី១ហិកតា ទៅ៥ហិកតា ។ លោកបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាមានតែខេត្តមណ្ឌលគិរី និងខេត្តរតនគិរីប៉ុណ្ណោះ ដែលមានផ្ទៃដីនិងអាកាសធាតុអំណោយផលដល់ការបង្កបង្កើនផលដំណាំប៊័រនេះជាងគេ៕