• 2020-04-10 00:33:25
  • ព័ត៌មាន

ថៃ ហាមឃាត់ការលក់គ្រឿងស្រវឹង ដើម្បីទប់ទល់នឹងវីរុសកូវីដ១៩

  • 2020-04-10 00:33:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលាក្រុងរបស់ប្រទេសថៃ បានហាមឃាត់ការលក់គ្រឿងស្រវឹងនៅក្នុងរដ្ឋធានីបាងកក រយៈពេល ១០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃសុក្រនេះតទៅ ដើម្បីកុំឲ្យមានការប្រមូលផ្តុំគ្នា ដែលអាចបង្កឲ្យមានការរីករាលដាលនៃជំងឺកូវីដ១៩ រឹតតែខ្លាំង។

អភិបាលក្រុងបាងកក លោក Aswin Kwanmuang បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាឲ្យបិទហាង ឬកន្លែងលក់គ្រឿងស្រវឹងនានាជាបណ្តោះអាសន្ន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២០ ខែមេសា។ ទោះជាយ៉ាងណា ពួកគេនៅតែត្រូវបានអនុញ្ញាតឲ្យលក់ទំនិញផ្សេងទៀត។

សេចក្តីប្រកាសខាងលើក៏បានបញ្ជាក់ផងដែរថា ហាង និងអ្នកលក់ដូរតាមផ្លូវ ដែលលក់អាហារ និងភេសជ្ជៈ ត្រូវបានអនុញ្ញាតិឲ្យលក់ខ្ចប់បាន ចាប់ពីម៉ោង ៤៖០១នាទីព្រឹក ដល់ម៉ោង ១០យប់ លើកលែងតែភោជនីយដ្ឋាននៅក្នុងសណ្ឋាគារ ដែលបម្រើតែភ្ញៀវក្នុងហាង និងហាងលក់អាហារនៅក្នុងអាកាសយានដ្ឋាន និងមន្ទីរពេទ្យប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ ផ្សារទំនើប ហាងលក់ចាប់ហួយ និងហាងស្រដៀងគ្នាផ្សេងទៀត នៅតែត្រូវបានអនុញ្ញាតឲ្យបើកចាប់ពីម៉ោង ៤ព្រឹក ដល់ម៉ោង ១០យប់។ នេះបើតាមសេចក្តីប្រកាសខាងលើ។ យ៉ាងណាមិញ ការប្រកាសនេះ បានបង្ខំឲ្យមនុស្សជាច្រើនសម្រុកទៅផ្សារទំនើប នៅល្ងាចថ្ងៃព្រហស្បតិ៍ ដើម្បីទិញគ្រឿងស្រវឹងទុក។

គួរឲ្យដឹងថា ក្រៅពីទីក្រុងបាងកក ខេត្តចំនួន១០ផ្សេងទៀត ក៏បានដាក់បម្រាមលក់គ្រឿងស្រវឹងដែរ ដូចជា Sakon Nakhon, Chiang Mai, Rayong , Buri Ram និង Mukdahan ជាដើម។ រហូតមកទល់ពេលនេះ ប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ២ ៤២៣នាក់ហើយ ដោយក្នុងនោះមានអ្នកស្លាប់ ៣២នាក់ និងជាសះស្បើយ ៩៤០នាក់៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់