• 2015-01-01 12:00:33
  • ព័ត៌មាន

ជួប អ្នក​លើក​ទង់ជាតិ​ខ្មែរ ​នៅ​ WTO

  • 2015-01-01 12:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទីមួយនៃឆ្នាំថ្មី បើអត់ទាន់ទៅណា ជួបជាមួយ​អ្នកលើក​ទង់ជាតិខ្មែរនៅ WTO សិន?   នេះជា​បទសម្ភាសន៍​ពិសេស​​រវាង និពន្ធនាយិកា​Sabay.com ជាមួយទីប្រឹក្សារាជរដ្ឋាភិបាល ជា​អតីតរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទីប្រឹក្សាឧត្ដម ក្រុម ​ប្រឹក្សា សេដ្ឋកិច្ចជាតិ នាយ​កផ្នែកសម្របសម្រួលបច្ចេកទេសរបស់ WTO ដែលគ្រប់សំនួរ​សុទ្ធតែមានពាក់ព័ន្ធយ៉ាងសំខាន់ជាមួយជីវិតដ៏ជោគជ័យរបស់​ឯកឧត្ដមបណ្ឌិត ​សុក ស៊ីផាន់ណា។

 

ឧត្តមជន​ខ្មែរ​ ដែលអមមកជាមួយនូវកិត្តិយសនិងស្នាដៃជាច្រើន​ បណ្ឌិតសុក ស៊ីផាន់ណាគឺជាសូចនាករដ៏សំខាន់​ស្ដីពីការរើបម្រះ​របស់​កម្ពុជា ចេញពីចំណុចសូន្យ នៃ​សង្គ្រាម​​ដ៏ខ្លោចផ្សា ហើយក៏ជាភស្តុតាងនៃសក្ដានុពលពិត​របស់​កូនខ្មែរ ធនធានមនុស្ស ខ្មែរ និងជាតិខ្មែរ។   ដោយ​​​ដណ្តើម​បាន​ជោគជ័យ​លើ​បញ្ញាវ័ន្តជាតិសាសន៍ផ្សេងៗជាង១០០​ប្រទេសក្នុងការដណ្តើមយកតំណែងជាទីមោទនមួយ​នៅឯអង្គការ​ពាណិជ្ជកម្ម ពិភពលោក WTO ​និង​ដែលកំពុងមានសុទិដ្ឋិក្នុងការរួមចំណែកជំរុញកម្ពុជា ទៅក្នុងចំណោមសមាជិក​មិនអចិន្ត្រៃយ៍​នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បាន​ចំណាយ​ពេល​ វេលា​ដ៏មានតម្លៃផ្ដល់បទសម្ភាសន៍ដ៏កម្រជាមួយ Sabay គេហទំព័រតំណាងអោយយុវវ័យខ្មែរ។សំលៀក​បំពាក់​ជាលក្ខណៈ​អាជីពតែមាន​លំនាំ​បែប​បញ្ញាជន​មកពី​​លោក​​ខាងលិច ព្រមទាំងកែវកាហ្វេCapu-Chinoមិនអាចបិទបាំងស្នាមញញឹមខ្មែរ នៅក្រោមកញ្ចក់វ៉ែនតាស ថ្លា នោះឡើយ។   ប្រសិន​​បើ​ អ្នក បានដឹងជាស្រេចហើយ ថាឯកឧត្ដមសុក ស៊ីផាន់ណា បានទទួលបរិញ្ញាបត្រផ្នែកពាណិជ្ជកម្មនិងសញ្ញាប័ត្រថ្នាក់បណ្ឌិត PhD សំខាន់​ពីរ​លើ​ផ្នែក​នីតិសាស្ត្រ​នៅ​សហរដ្ឋអាមេរិក​នោះ​ ប្រាក​ដជាចង់ដឹងណាស់ថាលោកជាកូនប្រុសក្នុងត្រកូលអភិជន រឺមួយក៏ទទួល បានការរៀបចំពី អាណាព្យាបាល​ជាស្រេច​សម្រាប់​គោល​ដៅដ៏សំខាន់នេះ ?

 

ដូច្នេះ​ហើយ​​ ខ្ញុំបាន​ចាប់​ផ្ដើម​សំនួរ​ដំបូង​ ពីយុវភាព​របស់​យុវជន​ សុក ស៊ី ផាន់ណា​ នៅ​ក្នុង ​សម័យកាល មួយ ដែល យុវវ័យ ខ្មែរ ត្រូវ ឡោមព័ទ្ធដោយវប្បធម៌ក្បាច់ រាំ ចង្វាក់ Cha Cha Cha និង Pop។​

 

  សំណួរ ៖ជម្រាបប្រសាសន៍ឯកឧត្ដមបណ្ឌិត តើ សញ្ញាប័ត្របណ្ឌិតគឺជាបំណងប្រាថ្នាតាំងពីយុវវ័យមករឺមួយក៏ យ៉ាងណាដែរចាស? ចម្លើយ៖អ្ហូ!អត់សោះតែម្ដង !ចំណូលចិត្តសំខាន់គឺលេងភ្លេងដេញហ្គីតា!រៀនចេះតែរៀនទៅមិនដែលដឹង ប្រឹងអាម៉េចទេ តែក៏មិនដែលធ្លាក់ពីលេខមួយដែរ គឺមិនបាច់ប្រឹងតែរៀនពូកែ។ចូលចិត្តបំផុតPartyរាំច្រៀង។ដើរលេង ត្រេងត្រាង ចូលចិត្តសប្បាយ មិនដែលគិតពីបណ្ឌិតមិនបណ្ឌិតអីទាំងអស់។   សំណួរ ៖ឯកឧត្ដមបណ្ឌិតចង់មានន័យ ថា កម្រិតវប្បធម៌និងសមត្ថភាពជំនាញដ៏ខ្ពស់នាពេលនេះ បានមកដោយចៃដន្យរឺយ៉ាងណា? ចម្លើយ៖ត្រង់នេះខ្ញុំត្រូវបើកវង់ក្រចកនិយាយពី អតីតកាលបន្តិច។ដើមឡើយខ្ញុំរៀននៅលី សេដេកា ដ គឺមានមិត្តភ័ក្ដិច្រើន។តែពេលលោកឪពុកខ្ញុំចែកឋាន ស្ថានភាពគ្រួសារយើងក៏ប្រែប្រួល។មានមិត្តខ្លះដែលជាកូនចៅអ្នកធំ គេចាប់ផ្ដើមរសាយចិត្តពីយើងរឺមើល យើងក្នុងរបៀបខុសពីមុន កន្លែងហ្នឹងបានបណ្ដុះចិត្តខ្ញុំ មួយ​ថា​ហោច ណាស់យើង ត្រូវមានអ្វីមួយលើសគេ ហើយមិនមែនទ្រព្យសម្បត្តិ ទេ គួរតែចំណេះវិជ្ជា។ខ្ញុំព្យាយាមជាងមុនក្នុងនាមកូនកំព្រាឪពុក ហើយ​រ៉ាប់រង​ជីវភាព​​ដោយ​ម្ដាយជាស្ត្រីមេម៉ាយ តែលក្ខខណ្ឌហ្នឹងមិន អាចកាត់ ខ្ញុំផ្ដាច់ចេញពីចំណូលចិត្តសប្បាយដើរលេងឆ្វេកឆ្វាចទេ។ធម្មតា ពួក​ម៉ាក​គេរៀន​មិន​ដល់​យើង​ប៉ុន្មាន​ តែ​យើង​ត្រូវ​ការ​គេ​​ឲ្យ​​ម៉ោដើរ​លេង​ជា​មួយ​យើង​ អញ្ចឹងយើងជាអ្នកធ្វើHome Workអោយគេដើម្បីអោយគេបានមានពេលដើរជាមួយយើង។​ ទម្លាប់​ធ្វើ​ការ​លឿន​ ធ្វើការ​ច្រើន​ក្នុង​ពេល​តែមួយ ​បាន​ជួយ​ខ្ញុំដោយ​មិន​ ដឹង​ខ្លួន​ ហើយ​ វា​ក្លាយ ជាទៅ​ជា​សមត្ថភាព​ពិសេស​របស់​ខ្ញុំ​គេ​បង្វឹកខ្ញុំ។ ​រហូតដល់ពេលទៅ អាមេរិក គេ​រៀន​បរិញ្ញាបត្រ​បួន​ឆ្នាំ​តែខ្ញុំវិញរៀន២ឆ្នាំគឺចេញពីថ្នាក់ មួយទៅថ្នាក់មួយទៀត។

 

សំណួរ ៖តើឯកឧត្ដមចេញទៅបន្តការសិក្សានៅសហរដ្ឋអាមេរិកដោយមធ្យោបាយ ណាដែរ? ចម្លើយ៖ដោយសាររបបប៉ុលពត។នៅឆ្នាំ៧៥ខ្ញុំ ទើបតែរៀនដល់ថ្នាក់ទី៩ហ្នឹងមានទាន់បានបាក់ឌុបឯណា?ខ្ញុំចេញទៅជនបទ ជាមួយគេឯង បន្ទាប់​មក​រត់​ចេញ​ទៅ​ជំរំ​ខៅ​អ៊ី​ដាង​ ។ ​ខែ​១២​ឆ្នាំ១៩៧៩​ បានខ្ញុំបានបងថ្លៃធានាទៅអាមេរិក។ខ្ញុំ មិនទាន់បានចូលរៀនអីទាំងអស់ដោយសារមិនទាន់ចប់ចំណេះទូទៅ។ម្ង៉ៃៗនៅ ក្នុង​ភូមិមួយ​សម្រាប់​ជន​ភៀស​​ខ្លួនហ្នឹង ទៅសំកុកតែនឹងបណ្ណាល័យប្រចាំភូមិអានសៀវភៅចុះឡើងដដែលៗរហូតដល់ បណ្ណារក្សមួយគាត់ឃើញគាត់ក៏សួរថា ម៉េច​ក៏មិ​ន​ទៅ​រ​ក​ដាក់​ពាក្យ​រៀនត?​ ពេល ខ្ញុំចាប់អារម្មណ៍ក៏សុំយោបល់គេរហូត រហូតដល់បានចូលរៀនត្រៀមហើយប្រលងបញ្ចប់BacII។គឺរៀនមើលសៀវភៅខ្លួន ឯង រហូត​ដល់​ប្រលង​ជាប់​ បានចូលមហាវិទ្យាល័យផ្នែកពាណិជ្ជកម្មនៅ ទីនោះ។ សំណួរ៖ ប្រសិនបើកម្រិតវប្បធម៌ ខ្ពស់មិនមែន ជាការ តាំងចិត្តតើ ហេតុអ្វីឯកឧត្ដមពន្លឿនការសិក្សាថ្នាក់ បរិញ្ញាតែត្រឹមរយៈពេល២ឆ្នាំនិងបន្តយកPhDពីរថែមទៀត?   ចម្លើយ៖គឺពេលហ្នឹងខ្ញុំផ្លាស់ប្តូរទស្សនៈហើយ!រស់នៅ ក្នុងរបបវាលពិឃាដ ខ្ញុំមានជាប់ ខ្លួនសៀវភៅបួនក្បាល។របស់នោះបានផ្លាស់ប្ដូរគំនិតខ្ញុំ។ ខ្ញុំ អានសៀវភៅទាំងបួននោះនៅតាមគុម្ពោតព្រៃនៅតាមវាលស្រែ នៅតាមការដ្ឋានពលកម្ម។ខ្ញុំធ្វើយ៉ាងម៉េចបាន?គឺខ្ញុំហែកម្ដងមួយ ទំព័រស្រោបស្បោងខ្ចប់អំបិល ខ្ញុំអានរហូតដល់យល់ អានក្លាយជាទម្លាប់សូម្បីតែពេលហូបបាយ ពេល គេមកឃើញខ្ញុំធ្វើជាហូបអំបិល គឺខ្ញុំមានវិធីចាកផុតពីសេចក្ដីស្លាប់។ក្នុងរយៈពេលដ៏វែងនោះ សូម្បីតែនៅក្នុងពេលវេលាដ៏អាក្រក់តែ ខ្ញុំមានឱកាសមួយ បង្វឹកខ្លួនឯងក្នុង ការអាន ចប់សៀវភៅទាំងបួនដែល ពីមុនមកខ្ញុំអត់ សូវចំណាយពេលជាមួយ។សៀវភៅទីមួយគឺ វចនានុក្រមបារាំងអង់គ្លេសហើយសៀវភៅទី២គឺ រឿងភ្នាក់ងារសម្ងាត់០០៧។សៀវភៅទាំងពីរបានប្រែ ខ្ញុំពីអ្នកចេះអង់គ្លេសត្រឹមI must I canអោយខ្ញុំអាចប្រើអង់គ្លេសបានស្រួលនៅសហរដ្ឋអាមេរិក។សៀវភៅ ទី៣គឺ ផ្ដោត ពីមនោសញ្ចេតនារបស់មនុស្ស ដោយ ទស្សនវិទូ Sigmund Freud ។សៀវភៅនោះទូន្មានពីក្ដីសង្ឃឹម ហើយអោយយើងទទួលស្គាល់ថាគ្រប់យ៉ាងតែងមានថ្ងៃបញ្ចប់។ឯសៀវភៅទី៤ មានឈ្មោះថាម៉ោងទី២៥ 25th Hourដែលសរសេរដោយអតីតអ្នកទោសម្នាក់។   សំណួរ៖ ប៉ុន្តែ តើគ្រាន់តែសៀវភៅបួនក្បាលអាចបង្កើតឧត្ដមជនខ្មែរមួយ រូបដោយរបៀបណាទៅ? ចម្លើយ៖ គួបផ្សំនិងចរិតលក្ខណៈបុគ្គលដែរ !ខ្ញុំជាមនុស្សមិន មានមហិច្ឆតាតែថាបើទទួលធ្វើ អីគឺធ្វើទាល់តែល្អបំផុតបានសុខចិត្ត !សៀវភៅទាំងបួនហ្នឹងបង្រៀនភាសាខ្ញុំគឺជួយខ្ញុំអោយមានឱកាសមួយ ហើយសាច់រឿងក្នុងសៀវភៅផ្ដល់អោយខ្ញុំភាពចាស់ទុំផ្នែកគំនិត ស្គាល់ពីភាព ខុសគ្នារវាងការសប្បាយនិងកាតព្វកិច្ច។   សំណួរ៖ តើឯកឧត្ដមចំណាយ ពេលយូរប៉ុណ្ណានៅសហរដ្ឋអាមេរិក?សូមអធិប្បាយពី ការត្រឡប់មកកម្ពុជាវិញនិងការចូលរួមជាមួយការងាររាជរដ្ឋាភិបាលផង ទាន។ ចម្លើយ៖អូគឺ១៣ឆ្នាំ!ខ្ញុំត្រឡប់មក កម្ពុជាវិញនៅឆ្នាំ១៩៩៣។ចូលមកហ្នឹងអត់ទាន់មានបំណងថាមកនៅទេ តែមករៀបការភរិយា ខ្ញុំតាមការណែនាំរបស់ម្ដាយ។នៅ ពេលមកដល់ភ្នំពេញទំនេររង់ចាំថ្ងៃរៀបការក៏នឹកឃើញស្វែងរកការងារ ធ្វើបណ្ដោះអាសន្នជាមួយក្រុមUNTAC។​ នៅថ្ងៃដំបូងគឺគេអោយទៅបកអោយ អង្គប្រជុំសំខាន់រវាងរាជរដ្ឋាភិបាលនិងUN។បន្ទាប់ពី ហ្នឹង គេក៏សំណូមពរអោយខ្ញុំធ្វើជាConsultant បីខែអោយUNTAC។ក្រោយមក ខ្ញុំ ត្រឡប់​ទៅ​អាមេរិក​តែ​ភរិយា​ខ្ញុំ​នៅ​មិន​ទាន់​បាន​សញ្ជាតិ​ ខ្ញុំ​ក៏​នឹក​ឃើញ​ចង់​រក​ការងារ​ មួយ​ជាប់​លាប់​នៅ​ស្រុក​ខ្មែរ​ គាប់​ជួនគេ​រើស​មេធាវី​ខាងUNសម្រាប់ធ្វើការជាប់ជាមួយឯកឧត្ដមគាត ឈន់ ខ្ញុំ​ក៏​ចូល​រួម​ការ​ងារ​ហ្នឹង​ តាំង​ពី​ឆ្នាំ​ ១៩៩៤ ដល់​ឆ្នាំ១៩៩៨។  បន្ទាប់​ពី នោះ​ខ្ញុំ ​បានទទួលការងារនៅ ក្រសួងពាណិជ្ជកម្មជា រដ្ឋលេខាធិការ​ទទួល​បន្ទុក​ការងារ​លើក​កម្ពស់​ប្រព័ន្ធ​ពាណិ​ជ្ជកម្ម ​ជាតិ ​បង្កើត​គោល​នយោបាយ។ ​ រហូតដល់​ខ្ញុំ​ចេញ​ទៅ​ WTO​ នៅ​ឆ្នាំ២០០៥។   ឯកឧត្តមបណ្ឌិត នៅ ឯ WTO សហរដ្ឋអាមេរិក   សំណួរ៖ តើការសម្រេចចិត្តចាកចេញពីតួនាទីជា មន្ត្រីជាន់ខ្ពស់របស់ឯកឧត្ដមដោយសារលាភសក្ការៈ រឺមួយដោយសារការមិនពេញចិត្តណា មួយ? ចម្លើយ៖បាទ!នៅក្រសួងពាណិជ្ជកម្ម កាតព្វកិច្ចដ៏ចម្បងរបស់យើងគឺការជំរុញកម្ពុជាទៅក្នុងWTO។យើង រៀបចំត្រៀមជាសមាជិកអង្គការពិភពលោកនេះ បី ឆ្នាំហើយចរចាអស់ពីរឆ្នាំកន្លះទម្រាំបានជោគជ័យ។នៅ ពេលនោះខ្ញុំយល់ថាកាតព្វកិច្ចចប់ ហើយ​ខ្ញុំ​ត្រូវ​បាន​គេ​ជ្រើសរើស​ក្នុង​ចំណោ​ម​បេក្ខជន​មក​ពី​ជាង​១០០ប្រទេស​ផង​ ខ្ញុំ​សម្រេច​ចិត្ត​ចេញ​ទៅ​ ហ្សឺណែវ ដោយ​លាលែងពីរដ្ឋ។​ ខ្ញុំ​សុំ​សម្ដេច​នៅ​ក្រៅ​ សម្ដេចលោក យល់ព្រមដោយមាន​ប្រសាសន៍ ថា​មាន​មោទ​នភាព​ដែល​មាន​កូន​ខ្មែរ​មួយ​រូប​មាន​លទ្ធភាពប្រកួតប្រជែងជា អន្តរជាតិ និងចង់ឃើញ​កូនខ្មែរលើកទង់ជាតិនៅទីនោះ។ ​តែខ្ញុំទៅហ្នឹង ទៅ​ជាបុគ្គលសុទ្ធសាធ។ សំណួរ៖ ករណីWTOគឺជាចំណុចដ៏ទាក់ចិត្ត មួយ។សូមឯកឧត្ដមបង្ហាញពីស្ថានភាពការងារ បទពិសោធន៍ ប្រាក់​ចំណូល​និង​មូល​ហេតុ​ចាក​ចេញ​ពី​អង្គការ​នោះ​ផង​ទាន!​ ចម្លើយ៖ខ្ញុំចូលចិត្តរបៀបធ្វើការនៅទីនោះ!មិនមែនបរទេសនិយម តែខ្ញុំនិយមProfessionalism។ជាមួយពួកគេយើងអាចគងអន្ទាក់ខ្លាជជែក គ្នាដោយចំ ហរ។ចំណុច​ណាដែលយើងមានទស្សនៈផ្ទុយ យើងអាចតស៊ូមតិនិងតតាំងគ្នាដោយគំនិត។បន្ទាប់មកគឺធម្មតា។ប្រសិន យើងមានហេតុផលមាំ យើងឈ្នះ គេតាមយើង បើយើងស្ទើរយើងត្រូវទទួលគំនិតរបស់គេវិញ។ខ្ញុំរៀនបានគួរសម និងបានចំណូលអាចថាគ្រាន់បើច្រើន។​ ខ្ញុំចំណាយពេល៣ឆ្នាំកន្លះនៅ ទីនោះ ស្រាប់​តែដល់​ពេលចាប់​អារម្មណ៍​ថាធុញ ហើយចង់បក មកធ្វើអ្វីមួយនៅក្នុងប្រទេសកំណើត ខ្លួន។ការសម្រេច ចិតចាកចោលចំណូល២០ម៉ឺនដុល្លារក្នុងមួយឆ្នាំ គឺជា ការ​ឈ្នះ​ខ្លួន​ឯង​មួយ​ដោយសារខ្ញុំមិនចេះនៅកន្លែងមួយដែលយើងអាចថា អស់Challenge រឺអាច ថាដល់ពេល ខ្ញុំចង់យកចំណេះមកប្រើដើម្បីប្រទេសខ្លួនវិញម្ដង។   សំណួរ៖ ​ខ្ញុំមិន​សួរ​ទេ​ថា​ Professionalism​ ដែល​ឯក​ឧត្ដមលើកឡើងពីការពេញចិត្ត នៅ ឯហ្សឺណែវមិន​ទាន់​មាន​ក្នុងស្ថាប័ននីតិប្រតិបត្តិរបស់កម្ពុជា ។តែក្នុងនាមបញ្ញាជនមួយ រូប ឯកឧត្ដមមានទស្សនៈវិជ្ជមានរឺអវិជ្ជមានកម្រិតណាចំពោះនយោបាយ អភិវឌ្ឍន៍នៅក្នុងប្រទេសកំណើត ខ្លួន?   ចម្លើយ៖ ខ្ញុំបានសរសេរនិក្ខេបបទមួយ ស្ដីពីថា តើការអភិវឌ្ឍន៍សេដ្ឋកិច្ចជំរុញការអនុវត្តិច្បាប់ រឺពង្រឹងការអនុវត្តន៍ច្បាប់អាចទាក់ទាញលំហូរវិនិយោគ?ទីបំផុតខ្ញុំ រកឃើញថា គ្មានមួយណាចាញ់មួយណាទេ ត្រូវដើរទន្ទឹមគ្នា។នៅស្រុកយើង ឥទ្ធិពលពីសង្គ្រាមនៅតែជាឧបសគ្គដ៏សំខាន់មួយ។​ មើលទៅលើលក្ខខ័ណ្ឌ ប្រវត្តិសាស្ត្រដោយមិន ​គិតលក្ខខណ្ឌវប្បធម៌ខ្ញុំជឿ ថាយើងនៅត្រូវការពេលមួយជំនាន់ទៀត ពិសេសខ្ញុំសំដៅ លើការផ្លាស់ប្ដូរផ្នត់គំនិត។យើងត្រូវការហោច ណាស់៣០ឆ្នាំសម្រាប់ការផ្លាស់ប្ដូរ ចូរគិតថារឿងបុគ្គលជារឿងផ្សិង តែរឿងជាតិជារឿងដោយឡែក ដែលយើងមិន អាចងាកដូចកាច់ចង្កូតឡានត្រឹមមួយថ្ងៃទេ។តែ​យើង​មើលពីការវិវត្តន៍ ឥឡូវនិយាយតែផ្នែកអ្នករកស៊ីពីមុនគាត់មិន ខ្វល់ទេពីរឿងក្រដាសស្នាមកិច្ចសន្យាអីអោយ តែនិយាយ​ត្រូវរ៉ូវគ្នា​ហើយ​មាន​លុយ​មាន​កាក់​ចូលគ្នា​រកស៊ីភ្លែតដល់ ហើយទាស់គ្នាក្រោយ តែឥឡូវគាត់ផ្សេងហើយគឺគាត់យល់ច្រើន គាត់ច្បាស់លាស់ខាងច្បាប់មុនរកស៊ីធ្វើការសន្យាអី មួយ សូម្បីតែផ្នែកច្បាប់ការងារអីក៏គាត់ចង់អនុវត្តន៍បានត្រឹមត្រូវ តាមស្តង់ដារគេ ដែរមិនដូចពីមុនៗទេ!  

សំណួរ៖ ជា​មួយនឹងការត្រឡប់មកវិញនេះ តើឯកឧត្ដមបាននឹងកំពុងរួមចំណែកដូចម្ដេចខ្លះលើការអភិវឌ្ឍន៍ជាតិ? ចម្លើយ៖ ខ្ញុំទទួលបានការតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល ហើយកំពុងរួមចំណែកពន្លឿនគោលដៅធំពីរគឺការត្រៀមលក្ខណៈធ្វើជាម្ចាស់ សមាគម​អាស៊ាន​របស់​កម្ពុជា​ និងការLobbyអោយកម្ពុជាបានចូលជាសមាជិកមិនអចិន្ត្រៃយ៍ក្នុងក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ខ្ញុំ ចាត់ទុក​ថា​ជា​ការងារ​ដ៏​សំខាន់​និង​មាន​មោទនភាព​ជា​តិដោយសារយ៉ាងហោចណាស់យើងនឹងបានចូលរួមក្នុងការសម្រេចជោគវាសនាពិភពលោក។រាជរដ្ឋាភិបាលគិតគូរ ម៉ត់ម៉ងមានយុទ្ធសាស្ត្ររឹងមាំ ខ្ញុំ​មាន​ចំណែក​ដូច​ជួយបន្ថែមប្រេង ជាកាតព្វកិច្ចដែលទទួលដោយមោទនភាពនិងធ្វើដោយផ្ចិតផ្ចង់បំផុត។ ព្រោះខ្ញុំគិត ថាខ្ញុំអត់សូវយ៉ាប់ទេ គេ​លី​កាំភ្លើង​ទៅ​ព្រះវិហារ​ផង។

 

  សំណួរ៖  ជាបុរសខ្លាំងមួយ រូបតើឯកឧត្ដមធ្លាប់បរាជ័យរឺបាក់ទឹកចិត្តទេ? ចម្លើយ៖​ អូមានម្ដងបាក់ទឹក ចិត្តខ្លាំងគឺកាលនៅអាមេរិក ដំបូងសន្សំលុយបានខ្លះក៏យកទៅរកស៊ីជាមួយមិត្តភក្តិ​ដោយ​សារ​អត់​មាន​បទ​ពិសោធន៍​ក៏ខាត​បង់​អស់!​ តែ​ប្រហែល​ដោយ​សារ​ប​ទ​ពិសោធន៍ អាក្រក់ហ្នឹងធ្វើអោយ ខ្ញុំយល់ពីស្ថានភាពអ្នក រកស៊ីបាន ច្រើន!វាដូចជាល្អ ដែរ​សម្រាប់​ការងារ​សេវា​ផ្នែក​ច្បាប់​របស់​ខ្ញុំ​បច្ចុប្បន្ន!​សំនួរ​នេះ ​ធ្វើ​អោយ​ខ្ញុំ​នឹក​ឃើញបញ្ហាសំខាន់មួយរបស់ខ្មែរយើងគឺមានអ្នកខ្លះ ក្រដោយចៃដន្យហើយខ្លះមានដោយចៃដន្យ។អញ្ចឹងគាត់មិន អាច​ Manageជីវិត​គាត់​ត​ទៅ​មុខ​បាន​ទេ​ដោយសារអ្វីៗជារឿងចៃដន្យទាំង អស់។អញ្ចឹងមិនសូវល្អ ទេ យើងគួរទុកឱកាសអោយខ្លួនយើងរៀនពីបរាជ័យនិងការតស៊ូខ្លះ។   សំណួរ៖ ឯកឧត្ដម​មើល​ឃើញ​អ្វីខ្លះ​ទៅ​ដែល​ជាសក្ដានុពល​ដ៏​មានប្រសិទ្ធភាពឆ្ពោះ ទៅជោគជ័យផ្ទាល់ខ្លួននោះ? ចម្លើយ៖​​អាច ថា ខ្ញុំធ្វើការដោយប្រើចិត្ត បើខ្ញុំចូលចិត្តគឺធ្វើហើយមិនទម្លាប់ធ្វើដើម្បីអោយគេឃើញអីទេ គឺ​ No។តែខ្ញុំទទួលថាធ្វើ អ្វីមួយគឺធ្វើអស់ពីលទ្ធភាព ហើយ​ក៏ខ្ញុំ​ធ្លាប់​បដិសេធ​ ការងារ​ជា​ច្រើន​ដែរ​ការងារ​បង្គាប់​បញ្ជា បញ្ចេះ​ អីខ្ញុំអត់ទទួលទេ បើមិន មានភាពកក់ក្ដៅក្នុងការធ្វើខ្ញុំមិនទទួលតែម្ដង!ដូចជាទំនាស់ដីធ្លី​អី​ជា​ដើម​ខ្ញុំ​ប្រាប់​ទៅ​គេ​ថា​ ”សុខ​ចិត្ត​អោយ​បងឯងអន់ចិត្ត តែខ្ញុំអត់សម្របបងបានទេ!”នេះជាចរិតលក្ខណៈរបស់ខ្ញុំ!ខ្ញុំចែក ខ្លួនជាពីរ ជាបុគ្គលខ្ញុំទន់ភ្លន់គោរពចាស់ទុំ គួរ​​សម​អ្នក​ធំ​អ្នក​តូច​ ចេះ​អោន​លំ​ទោន​ តែ​ការងារ ខ្ញុំរឹងវិញ។ ខុសគឺខុស ពេលប្រជុំពេល អីផ្ទុយគំនិត ខ្ញុំមិនទម្លាប់សម្របប៉ុន្មានទេ គេគិតថាខ្ញុំ កោងដែរពេលខ្លះ តែ​យើង​មិន​អាច​ទៅ​រួច​ ដែល​មក​ទន់​ក្នុងProfessionalism។មានកូនក្ដីខ្លះសួរខ្ញុំថាពេល ក្តីមានបញ្ហាគេខឹងម៉េចបងឯងមិនខឹង?ខ្ញុំប្រាប់គាត់ថា ខ្ញុំខឹងធ្វើ អី វាជារបរទេ ជាវិជ្ជាជីវៈ មិន​មែន​ជា​មនោសញ្ចេតនា​ទេ​ នៅលើការស៊ូក្តីនោះ។

  សំណួរ៖​ តើអត្តចរិតនោះធ្លាប់នាំអោយឯកឧត្ដមនូវបញ្ហារឺការប្រឈមមុខនានាទេ? ចម្លើយ៖ មានតិចតួចដែរ!អ្នកណាក៏ធ្លាប់មានកំហុស ពេលខ្លះយើងនិយាយត្រង់និយាយខុស ប៉ះពាល់ដល់ជីវិតរស់នៅរឺទឹកចិត្តអ្នកផ្សេងជាអចេតនាក៏ដោយ ជ្រុល​មាត់​​​​​អី​ហ្នឹង​ យើង​ក៏ពិចារណា​សិក្សា​ពី​វា ហើយ​សូម​ទោសគេ។

 

សំណួរ៖ ជាបុគ្គលដ៏ជោគជ័យមួយ រូបឯកឧត្ដមបណ្ឌិតអោយនិយមន័យលើមិត្តភាពដូចម្តេចដែរ? ចម្លើយ៖អូខ្ញុំមានពួកម៉ាកពីរបី នាក់!សម្រាប់ ខ្ញុំខ្ញុំមានទស្សនៈថាមិត្ត ភក្តិភាគច្រើនបើបែកបាក់គ្នាគឺដោយសារតែផលប្រយោជន៍ប៉ុណ្ណឹង។សម្រាប់ ខ្ញុំការច្រណែនអត់ដែលមានទេក្នុងជីវិតនេះ ខ្ញុំគិតថាមិនមានអីដែលអោយខ្ញុំ ស្ញប់ស្ញែងចាប់អារម្មណ៍ទៀត ទេ។ អ្នកធំអ្នកតូចជាតិអន្តរជាតិខ្ញុំជួបអស់ហើយ !ចំណែកលុយកាក់វិញ ខ្ញុំទុកវាជាប្រភពនៃបញ្ហា !មែន យើងត្រូវមានចំណូលចិញ្ចឹមជីវិត ត្រូវធ្វើការ តែកុំអោយលុយជាគ្រឿងបំផ្លាញយើង។មិត្តភ័ក្ដិខ្ញុំវិញពីរបី នាក់ហ្នឹងអាក្រក់ល្អសខ្មៅ អីនៅតែរាប់អានគ្នាដដែលអត់ទោមនស្ស អីទេ។ជីវិតឥឡូវនេះសប្បាយចិត្ត ធ្វើការដល់ម៉ោង១១យប់ព្រោះជាការងារចូលចិត្ត អាន​សៀវភៅ​ក៏មិនដែលចោលគឺក្នុងឡានក៏អានបាន នៅទីណាក៏បាន ១០០ទំព័រអីក្នុងមួយថ្ងៃជាទម្លាប់ទៅហើយ។អត់យល់ថាហត់ទេព្រោះជា Passionក្នុង​ចិត្តដែល​យើង​ចង់​បាន។   សំណួរ៖ រំលឹកពីឆ្នំា១៩៩៣ឯកឧត្ដមមានប្រសាសន៍ថាបានត្រឡប់មកកម្ពុជាវិញ ដើម្បីរៀបអាពាហ៍ពិពាហ៍តាម ការណែនាំពីម្ដាយ។តើអោយអ្នកអានបូក បញ្ចូលរបៀបណាទៅរវាងទស្សនៈដ៏ទាន់សម័យរបស់ឯកឧត្ដមក្នុងវិជ្ជាជីវៈ និងការយល់ព្រមទទួលយកអាពាហ៍ពិពាហ៍ដែលរៀបចំឡើងដោយចាស់ទុំ ដូច្នេះ?ចុះតើឯកឧត្ដមធ្លាប់មានជីវិតស្នេហាផ្ទាល់ខ្លួនក្នុងរបៀប ណាដែរទាន?

ចម្លើយ៖អូរឿងអស់ហ្នឹងមានច្រើនដូចគេឯងដែរ!(សើច)អត់អីប្លែកទេ!តែកាលដែលមកស្រុកឆ្នាំ៩៣គឺគោរពម្ដាយ!ភរិយាខ្ញុំនិងឯកឧត្ដមខៀវកញារីទ្ធ ជាបង​ប្អូន​បង្កើត​ហើយ​ម្ដាយ​គាត់​ជា​មិត្តភ័ក្​ដិម្ដាយខ្ញុំ!កាលដែលមក ហ្នឹងក៏មកមើលសិនដែរទេ មិនមែនថាព្រមតាមទាំងស្រុងដែរ!តែខ្ញុំគិតថាខ្ញុំមានសំណាងដែល បាន​ភរិយាខ្ញុំ!គាត់ក៏មានចំណេះដឹងខ្ពស់ជាមេធាវីដូចគ្នា!គាត់មាន ទស្សនៈល្អមិនលោភមិនលន់។​ ក្នុងការរស់នៅខ្ញុំមិនដែលមានសម្ពាធ ធ្វើអ្វីដែល​ខ្លួនឯង​មិន​ចង់ធ្វើនោះទេ!​ ត្រង់កន្លែងនេះដែរខ្ញុំចង់ ផ្ដាំទៅយុវវ័យក្រោយៗថា សុភមង្គលបានមកពីលុយកាក់វាអត់យូរទេ។ជាមនុស្សគួររំពឹងសុភមង្គល ក្រៅពីលុយ។សុភមង្គល​របស់ខ្ញុំនៅលើការគូរគំនូរ លេងភ្លេង ។មនុស្សយើងបើCompeteនឹងខ្លួនឯង នឹងការចង់បានរបស់ខ្លួនឯងគឺល្អជាងទៅ Compete​ ជា​មួយ​អ្នក​​ដទៃ​រហូត​ដល់​បង្កជម្លោះ​ បង្ក​បញ្ហាមិនចេះចប់។ខ្ញុំឃើញខ្លះនិយមប្រើពាក្យថាអស់ប៉ុន្មាន អស់ទៅអោយតែឈ្នះ។​ ពាក្យហ្នឹងខ្ញុំអស់គោរពទេ!   ​

សំណួរ៖ តើឯកឧត្ដមមានមធ្យោបាយអ្វីក្នុងការជួយអោយយុវវ័យជំនាន់ក្រោយអាចឯករាជ្យលើអនាគតរបស់ពួកគេនិងឈានទៅរកជោគជ័យ? ចម្លើយ៖មានរឿងពីរ ទីមួយកុំចោលការអានសៀវភៅ!ទី២ធ្វើអ្វីត្រូវធ្វើអស់ពីលទ្ធភាព។   ឯកឧត្ដម ​បណ្ឌិតសុក ស៊ីផាន់ណាក្រៅពីមានសមត្ថភាពអាចប្រើឧបករណ៍ភ្លេងបានច្រើនប្រភេទ ថែមទាំងទទួលបានខ្សែក្រវាត់៤ជាន់ផ្នែកការ៉ាតេដូ។ ឯកឧត្ដម​មាន​កូន​ប្រុស​ ស្រីពីរ រូបដែលមាននិស្ស័យស្រលាញ់ចូលចិត្តសិល្បៈ កីឡាដូចលោកឪពុកព្រមទាំងមានលទ្ធផលសិក្សាល្អជាទីគាប់ចិត្ត។  ក្រៅ​ពីការងារ​រដ្ឋ ឯកឧត្ដម​មាន​ការិយាល័យ​​សេវាកម្មច្បាប់មួយឈ្មោះថា Sok Siphana and Associate ក្នុងប្រទេសកម្ពុជា។​  

ចុច​អាន ​ខ្មែរ​មួយ​រួប​ទទួល​​បាន​​ពាន​​រង្វាន់​​ “​បុរស​ប្រចាំ​ឆ្នាំ​ ​” ​(Man​ ​of​ ​the​ ​Year​)

 

ម៉ីសនសុធារី

មតិយោបល់