• 2016-11-03 16:55:13
  • ការអប់រំ

ម្ចាស់​ផលិត​​អំពូល​ដំបូង​គេ​ Thomas ធ្លាប់​​យំ​​​ច្រើន​ម៉ោង​​​ពេល​អាន​សំបុត្រ​មួយ​ច្បាប់

  • 2016-11-03 16:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Thomas Edison ​​​ជា​អ្នក​​​បង្កើត​អំពូល​ដំបូង​គេ​ដ៏​ល្បី​ឈ្មោះ​ជនជាតិ​អាមេរិក​​ កើត​នៅ​ថ្ងៃ​ទី​​១១​កុម្ភៈ​​ឆ្នាំ​ ១៨៤៧ ​នៅ​ទីក្រុង Milan រដ្ឋ​ Ohio​ ក្នុង​គ្រួសារ​ក្រីក្រ​តោក​យាក និង​​ស្លាប់​​នៅ​ថ្ងៃ​ទី​​១៨​​តុលា​​ឆ្នាំ​ ១៩៣១ នៅ​ទីក្រុង​ West Orange រដ្ឋ​ New Jersey។

 

 

លោក​បាន​បង្កើត​ឧបករណ៍​​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ជា​ច្រើន​​ប្រភេទ​សម្រាប់​មនុស្ស​ជាតិ​​​បច្ចុប្បន្ន​រួម​មាន​ម៉ាស៊ីន​ថត​សំឡេង កាមេរ៉ា​ថត​រូប និង​អំពូល​ពងមាន់​។ ពេល​នេះ​​សូម​​លើក​យក​​​​បទ​ពិសោធន៍​​​​មួយ​របស់​ Thomas កាល​នៅ​ក្មេង​ដែល​ធ្វើ​ឲ្យ​គាត់​​សម្រក់​ទឹក​ភ្នែក​​​ដោយ​ភាព​ឈឺចាប់។​

 

ថ្ងៃ​មួយ​​លោក​ Thomas បាន​ចេញ​ពី​សាលារៀន និង​​ហុច​ក្រដាស​​មួយ​ច្បាប់​​ឲ្យ​ម្ដាយ​។ លោក​គ្រូ​​បាន​​​ឲ្យ​ក្រដាស​​​នេះ​ដោយ​ប្រាប់​ថា "​យក​របស់​នេះ​​ទុក​ឲ្យ​ម្ដាយ​​ឯង​ទៅ"។​

 

​ពេល​ Thomas មក​ដល់​ផ្ទះ​​​ក៏​ហុច​ក្រដាស​ឲ្យ​​ម្ដាយ​តាម​បណ្ដាំ​គ្រូ។ ម្ដាយ​របស់ Thomas បាន​ទទួល​​ រួច​បើក​មើល​​ដល់​ចប់​​ ស្រាប់​តែ​​ទឹក​មុខ​គាត់​ប្រែ​ជា​ក្រហម​​ និង​ទឹក​ភ្នែក​ស្រក់​ហូរ​តែ​ម្ដង។ ​ដោយ​សារ​ខ្លួន​នៅ​តូច​​មិន​ទាន់​ចេះ​អាន​អក្សរ​​ច្រើន Thomas បាន​សួរ​​​ម្ដាយ​របស់​ខ្លួន​ថា​ "ម៉ែ! តើ​គេ​ចង់​​និយាយ​អំពី​អ្វី​ក្នុង​ក្រដាស​ហ្នឹង"​?

 

ម្ដាយ​​បាន​អាន​សំបុត្រ​​នោះ​ឮ​ៗ​​​ឲ្យ​កូន​ប្រុស​ស្ដាប់ "​កូន​ប្រុសអ្នក​​ជា​សិស្ស​​​មាន​ទេពកោសល្យ​ម្នាក់។ សាលា​នេះ​​តូច​ណាស់​ ​យើង​​មិន​មាន​ធនធាន​​គ្រប់​គ្រាន់ និង​គ្រូ​ល្អ​ៗ​​សម្រាប់​​បង្រៀន​​កូន​ទេ។ សូមអ្នក​ជា​ម្ដាយ​បង្រៀន​​កូន​ដោយ​ខ្លួន​ឯង​ផង​"។

 

អស់​​រយៈពេល​​ជា​​ច្រើន​​ឆ្នាំ​​កន្លង​​ផុត​ទៅ​ ម្ដាយ​របស់​ Thomas បាន​ទទួល​មរណភាព ហើយ​​គាត់​បាន​ក្លាយ​ជា​​ច្នៃ​ប្រឌិត​បង្កើត​របស់​ថ្មី​​​​ដ៏​អស្ចារ្យ​​ម្នាក់​។ ថ្ងៃ​មួយ Thomas បាន​​​រក​មើល​​​​របស់​ចាស់​ៗ​​នៅ​ក្នុង​​ផ្ទះ​ដែល​​ធ្លាប់​រស់​​នៅ​តាំង​ពី​តូច​ គាត់​បាន​ប្រទះ​ឃើញ​​​ក្រដាស​ឆ្មូល​ជា​ដុំ​​នៅ​ជ្រុង​ថត​តុ​របស់​គាត់​។ គាត់​ក៏​បាន​រើស​យក​មក​​អាន​ភ្លាម​ៗ។

 

​ក្នុង​ក្រដាស​​នោះ​​សរសេរ​ថា​ "​កូន​ប្រុស​របស់​​អ្នក​​មាន​ជំងឺ​សតិអារម្មណ៍ ​យើង​មិន​អាច​​​ឲ្យ​​គេ​​​រៀន​​នៅ​សាលា​នេះ​បន្ត​ទៀត​ឡើយ​"។ ​នេះ​ជា​ក្រដាស​​តែ​មួយ​​​ដែល​​គ្រូ​​​បាន​ឲ្យ​ Thomas ​ជូន​​ម្ដាយ​កាល​​នៅ​តូច។

 

ក្រោយ​អាន​ចប់​​ Thomas បាន​​​អង្គុយ​​យំ​តូច​ចិត្ត​​​​អស់​ពេល​​ជា​ច្រើន​ម៉ោង ​និង​បាន​​សរសេរ​ជា​កំណត់​ហេតុ​ទុក​ប្រចាំ​ជីវិត​គាត់​ដែរ​។ ទោះ​ជា​បែប​នេះ​ Thomas បាន​​ក្លាយ​ជា​បុគ្គល​ល្បី​លើ​ពិភព​​លោក​​​​ដែល​បាន​​រក​ឃើញ​វិធី​ផលិត​អំពូល​ភ្លើង​​បំភ្លឺ​​មុន​គេ​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ៕

 

តម្លៃ​អប់រំ៖ មនុស្ស​ម្នាក់​ដែល​​មិន​​ព្រម​បោះបង់​​អ្វី​ខ្លួន​ចង់​ធ្វើ។ យើង​ត្រូវ​តែ​ជឿជាក់​​លើ​ខ្លួនឯង និង​ត្រូវ​ដើរ​ទៅ​​មុខ​ជា​និច្ច​ ដោយ​ប្រកាន់​ខ្ជាប់​​ឥរិយាបថ​វិជ្ជមាន និង​ប្រឹង​ប្រែង​ឲ្យ​​អស់​សមត្ថភាព​ដែល​ខ្លួន​មាន​។

 

 

 

 

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ បរទេស

មតិយោបល់