• 2016-12-30 07:30:27
  • ព័ត៌មាន

យន្តហោះ​ច្នៃ​ស្នាដៃ​កូន​ខ្មែរ​ខេត្ត​ព្រៃវែង ត្រៀម​ហោះហើរ​សាកល្បង​នៅ​ឆ្នាំ​២០១៧ នេះ

  • 2016-12-30 07:30:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចំណាយ​ពេល​ជិត​ឆ្នាំ និង​ថវិកា​ប្រមាណ ៦​ពាន់​ដុល្លារ​រួច​មក ជាង ឡុង ដែល​ជា​អ្នក​ច្នៃ​យន្តហោះ​រហូត​ល្បី​ឈ្មោះ​ទូទាំង​ប្រទេស មាន​គម្រោង​សាកល្បង​ស្នាដៃ​របស់​ខ្លួន ដោយ​ចាប់​ផ្ដើម​ហោះហើរ​នៅ​ខែ​មេសា ឆ្នាំ​២០១៧ ​ខាង​មុខ ក្រោយ​ពេល​រួច​រាល់​ទាំង​ស្រុង។

ម្ចាស់​យានដ្ឋាន ជាង ឡុង ដែល​មាន​ទីតាំង​នៅ​ភូមិ​ស្វាយចេក ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង បាន​ប្រាប់ Sabay ថា រហូត​មក​ដល់​ពេល​នេះ យន្តហោះ​ច្នៃ​របស់​លោក សម្រេច​បាន​ប្រមាណ ៥០​ភាគរយ​ហើយ ដោយ​ចំណាយ​ទឹក​ប្រាក់​អស់ ៦​ពាន់​ដុល្លារ និង​ប្រើ​ពេល​ជិត​មួយ​ឆ្នាំ។

ជាង ឡុង

លោក​ត្រូវ​ការ​ពេល​ប្រហែល ៤​ខែ និង​ទឹក​ប្រាក់​ប្រមាណ ៧​ពាន់​ដុល្លារ​ទៀត ដើម្បី​សម្រេច​ការងារ​តុបតែង​យន្តហោះ​ទាំង​ស្រុង។ លោក ឡុង បាន​អះ​អាង​ថា នឹង​បន្ថែម​ម៉ាស៊ីន២ ទៀត លើ​ស្លាប​ទាំង​សង​ខាង ហើយ​ប្រសិន​បើ​រួច​រាល់ លោក​នឹង​រក​ទីតាំង​វាល​ស្រែ​ហោះហើរ​សាកល្បង​នៅ​ខែ​មេសា​ខាង​មុខ​នេះ។ "ប្រហែល​រក​វាល​ស្រែ​ហើយ​មើល​ទៅ ព្រោះ​លើ​ផ្លូវ​ជាតិ​ខ្លាច​ប៉ះ​គេ... តែ​លើ​ស្រែ​ពិបាក​តិច អត់​មាន​ផ្លូវ​រត់​ល្អ ហោះ​ឡើង​មិន​រួច​ទេ"។ ជាង ឡុង និយាយ​ដូច្នេះ។

កន្លង​មក ជាង ឡុង ធ្លាប់​បាន​បើក​យន្តហោះ​នេះ នៅ​លើ​ផ្លូវ​ជាតិ​លេខ១ ដែរ ប៉ុន្តែ​មិន​ហ៊ាន​ហោះ​ឡើង​ឡើយ ព្រោះ​ខ្លាច​មាន​គ្រោះ​ថ្នាក់​ដល់​អ្នក​ដំណើរ។ យន្តហោះ​ដែល​លោក​ច្នៃ​នេះ ប្រើ​ម៉ាស៊ីន​មួយ​ទាញ​កង្ហារ​ខាង​មុខ ដើម្បី​ឲ្យ​កម្លាំង​ខ្យល់​ទាញ​យន្តហោះ មិន​មែន​ប្រើ​ម៉ាស៊ីន​ទាញ​កង់​ឡើយ។

យន្តហោះ​ធុន​តូច ដែល​ច្នៃ​ដោយ ជាង ឡុង មាន​ទម្ងន់​ប្រមាណ ៤០០​គីឡូក្រាម បណ្ដោយ​ប្រវែង ៤,៧០​ម៉ែត្រ និង​ស្លាប​សរុប ៨​ម៉ែត្រ ប៉ុន្តែ​ពេល​នេះ​ទើប​ធ្វើ​បាន​ម្ខាង​ជាង ១​ម៉ែត្រ ដោយ​ត្រូវ​បន្ថែម ៣​ម៉ែត្រ​សង​ខាង​ទៀត។ ចំណែក​ម៉ាស៊ីន​យន្តហោះ មាន​កម្លាំង ៣៥​សេស។

ជាង ឡុង បាន​ប្រាប់​ថា លោក​មាន​ចំណូល​ចិត្ត​ធ្វើ​អ្វី​ប្លែក​ៗ​តាំង​ពី​តូច ហើយ​ក៏​ធ្លាប់​ច្នៃ​របស់​លេង​ផ្សេង​ៗ​ឲ្យ​កូន​ដែរ។ លោក បាន​បញ្ជាក់​ថា កន្លង​មក​ធ្លាប់​មាន​មន្ត្រី​មូលដ្ឋាន​ចុះ​ទៅ​មើល​ដល់​កន្លែង ហើយ​ថែម​ទាំង​លើក​ទឹក​ចិត្ត​លោក​ឲ្យ​ខិត​ខំ​ធ្វើ​ផង ដែល​ផ្ដល់​ជា​កម្លាំង​ឲ្យ​លោក​រឹត​តែ​ព្យាយាម​សម្រេច​គោល​ដៅ​ទៅ​មុខ​ទៀត៕

អត្ថបទ៖ គង់ វិសាល

មតិយោបល់