• 2017-01-04 03:36:36
  • ជំនឿ

ការ​ដាក់​ឈ្មោះ​​អាក្រក់​ៗ​ឱ្យ​កូន​ចៅ​របស់​ដូន​តា​ខ្មែរ សុទ្ធតែ​មាន​ជំនឿ​បែប​នេះ

  • 2017-01-04 03:36:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វប្បធម៌​ក្នុង​ការ​រស់នៅ​របស់​ប្រជាជន​ខ្មែរ តាំង​ពី​បុរាណ​តែង​ផ្សារ​ភ្ជាប់​ជាមួយ​​ជំនឿ គោរព​ព្រលឹង​ ដូនតា អ​រុក្ខ​អារក្ស​ ខ្មោច​ព្រាយ​បិសាច​ ដែល​មើល​មិន​ឃើញ​ប៉ុន្តែ​ខ្មែរ​ពី​បុរាណ​ត្រូវ​​ជឿ និង​ត្រូវ​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​។ ក្នុង​នោះ​សូម្បី​តែ​ការ​ដាក់​ឈ្មោះ​ឱ្យ​កូន​ចៅ ក៏​ចាស់ៗ​ពី​ជំនាន់​មុន​មាន​ជំនឿ​ថា​ បើ​ដាក់​ឈ្មោះ​មិន​បាន​ល្អ​នឹង​នាំ​មក​នូវ​ឧបទ្រព​ចង្រៃ​ ខ្មោច​តាម​យាយី។

បើ​តាម​ការ​ឱ្យ​ដឹង​ពី លោកតា គង់ ណេរ ជា​គ្រូ​រំដោះ​គ្រោះ និង​រក​ពាលី​ការ នៅ​ភូមិ​ទំពាម ឃុំ​តាំង​ក្រូច ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​ថា ចាស់ៗ​ពី​បុរាណ​តែង​រក​ឈ្មោះ​ អាក្រក់​ៗ ​ជា​ពិសេស​ឈ្មោះ​សរសេរ​ត្រឹម​តែ​ពីរ​ម៉ាត់​ប៉ុណ្ណោះ ដាក់​ឱ្យ​កូន​ចៅ។ ជាក់​ស្ដែង​​លោក​តា លោក​យាយ ក្នុង​បច្ចុប្បន្ន​នេះ​សុទ្ធ​តែ​មាន​ឈ្មោះ​មិន​ពីរោះ​ទាំង​អស់ ឧទាហរណ៍ ឈ្មោះ ប្រុញ ប្រុក ទ្រួក ខ្ញេន កាច្រឹប ចក់ ចែម ថ្លែន ជាដើម​សុទ្ធ​តែ​ជា​ឈ្មោះ​ដូនតា​ខ្មែរ​ពី​បុរាណ ដាក់​ឱ្យ​កូន​ចៅ​។

លោកតា គង់​ ណេរ ប្រាប់​ទៀត​ថា មូល​ហេតុ​ដែល​ដូនតា​ខ្មែរ​ពី​បុរាណ​មិន​រក​ឈ្មោះ​ពីរោះៗ​ដាក់​ឱ្យ​កូន​ចៅ​ ព្រោះ​មាន​ជំនឿ​តៗ​គ្នា​តាំង​ពី​បុរាណ​មក​ម្ល៉េះ ប៉ុន្តែ​មិន​មាន​ជា​ការ​ចង​ក្រង​ឯកសារ​​អ្វី​ទេ គ្រាន់​តែ​ដឹង​តៗ​គ្នា​ហាម​មិន​ឱ្យ​ដាក់​ឈ្មោះ​ពីរោះៗ​ឱ្យ​កូន​ចៅ​។ ជំនឿ​នៃ​ការ​ដាក់​ឈ្មោះ​អាក្រក់​របស់​ដូនតា​ខ្មែរ​មាន​ដូចជា៖

ខ្លាច​គេ​ស្រឡាញ់៖

លោកតា​និយាយ​ថា ខ្លាច​គេ​ស្រឡាញ់​ត្រង់​ចំណុច​នេះ មិន​មែន​សំដៅ​ខ្លាច​មនុស្ស​ស្រឡាញ់​ទេ។ ដូនតា​ខ្មែរ​ខ្លាច​ថា បើ​ដាក់​ឈ្មោះ​ពីរោះៗ​ទៅ ខ្លាច​ខ្មោច​ ព្រាយ​ បិសាច​ស្រឡាញ់ ហើយ​យក​ទៅ​នៅ​ជាមួយ​។ ដូច្នេះ​ហើយ​បាន​ជា​លោកតា លោកយាយ ពី​ជំនាន់​មុន​មិន​ហ៊ាន​ដាក់​ឈ្មោះ​ពីរោះៗ​ទេ ខ្លាច​ខ្មោច​ស្រឡាញ់​នេះ​ឯង​។

រូបតំំណាង

​​ធ្វើ​ឱ្យ​ខ្មោច​ខ្ពើម​​៖

លោកតា​ គង់ ណេរ ប្រាប់​ថា​កាល​ជំនាន់​ឪពុក​លោកតា ដាក់​តែ​ឈ្មោះ​ខ្លីៗ អាក្រក់​ៗ បែប​នេះ​ដើម្បី​ឱ្យ​ខ្មោច​ខ្ពើម កាល​ណា​ខ្មោច​ខ្ពើម​ហើយ មិន​ហ៊ាន​មក​កាច់ ឬ​មក​ធ្វើ​អី​កូន​ចៅ​បាន​ទេ។ លោកតា​ប្រាប់​ទៀត​ថា ជាក់​ស្ដែង​ខ្មែរ​ពី​ចាស់​ៗ​ពី​ជំនាន់​ដើម​ចូលចិត្ត​ថា​ឱ្យ​កូន​ចៅ "អាខ្មោច​ខ្ពើម​" និយាយ​បែប​នេះ​ដើម្បី​កុំ​ឱ្យ​កូន​ចៅ​ឈឺ​ ឬ​កុំ​ឱ្យ​ខ្មោច​នាំ។

ខ្លាច​ឈឺ៖

លោក​តា​បន្ថែម​ទៀត​ថា ឱ្យ​តែ​គ្រួសារ​ណា​ដាក់​ឈ្មោះ​ពីរោះៗ​ ឱ្យ​កូន​ចៅ តែង​ឈឺ​នេះ​ ឈឺ​នោះ​ មិន​សូវ​ជានា​ប៉ុន្មាន​ឡើយ។ ដូចនេះ​ខ្មែរ​ពី​បុរាណ​គិត​ថា មក​ពី​ដាក់​ឈ្មោះ​ឱ្យ​ពីរោះ​ពេក បាន​ចេះ​តែ​ឈឺ​នេះ​ឈឺ​នោះ។ ហេតុ​ដូច​នេះ​ហើយ​ឱ្យ​តែ​ចាស់​ពី​មុន​កម្រ​មាន​អ្នក​ឈ្មោះ​វែង​ណាស់ ហើយ​ចាស់​ៗ​តែង​និយាយ​លេង​ថា "ឈ្មោះ​ខ្មោច​ងាប់​ម៉ា​គគោក​មិន​យក​មក​ដាក់" ព្រោះ​​មិន​ចង់​ឱ្យ​កូន​ចៅ​ដាក់​ឈ្មោះ​ពីរោះ​ៗ​នេះ​ឯង៕

អត្ថបទ៖ ថោ ​ច័ន្ទឬទ្ធិ

មតិយោបល់