• 2017-01-04 07:42:00
  • ព័ត៌មាន

តំបន់​ទេសចរណ៍​​ទាំង​៥​ ​​ដែល​ភ្ញៀវ​​​​អន្តរជាតិ​​សម្រុក​ទៅ​​លេង​​នៅ​សៀម​រាប​ក្នុង​ឆ្នាំ​២០១៦​

  • 2017-01-04 07:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខេត្ត​សៀមរាប​គឺ​ជា​ទឹក​ដី​ដ៏​ពិសិដ្ឋ​មួយ​​សម្រាប់​​ប្រជាជន​កម្ពុជា​ទាំង​មូល​ និង ត្រូវ​បាន​ចាត់​ទុក​ជា​​គោល​ដៅ​ទេសចរ​មួយ​ដ៏​សំខាន់​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទៀត​ផង​។​ ​​បើ​តាម​ការ​លើក​ឡើង​របស់​ លោក​ លី​ សែ ​នាយក​ប្រតិបត្តិ​គ្រឹះ​ស្ថាន​អង្គរ​បាន​រៀប​រាប់​ថា​ ​ទេសចរ​អន្តរជាតិ​​បាន​សម្រុក​ទៅ​លេង​ខ្លាំង​នៅ​កន្លែង​ចំនួន​៥​​នៃ​ខេត្ត​សៀម​រាប​មាន​ដូចជា​​៖​​​​​​

១​. ​​អង្គរវត្ត​ និង ក្រុម​ប្រាសាទ​ អង្គរ​ធំ​​

លោក លី​ សែ បាន​បញ្ជាក់​ថា ​ប្រាសាទ​អង្គរវត្ត​គឺ​ជា​សំណង់​សាសនា​ដ៏​ធំ​ជាង​គេ​​លើ​ពិភពលោក​ ​ដែល​​ទេសចរណ៍​គ្រប់​រូប​ចាប់​អារម្មណ៍​បំផុត​ ព្រោះ​តែ​​ប្រាសាទ​មួយ​នេះ​​​ពោរពេញ​​ទៅ​ដោយ​ភាព​ស្រស់​ស្អាត​ ​បាន​បង្ហាញ​ពី​វប្បធម៌ អរិយធម៌​​ ដ៏​អស្ចារ្យ​របស់​ជនជាតិ​ខ្មែរ​។​​ ​មិន​តែ​ប៉ុណ្ណោះ​ ក្រុម​ប្រាសាទ​នានា​ដែល​​ស្ថិត​នៅ​ក្នុង​​បរិវេណ​អង្គរ​ធំ​ ឬ​ប្រាសាទ​បាយ័ន​ក៏​ជា​ទី​​កន្លែង​សំខាន់​សម្រាប់​ភ្ញៀវ​ទេសចរ និង អ្នក​សិក្សា​​ស្រាវ​ជ្រាវ​​​ផង​ដែរ​។

២​. ភូមិ​លិច​ទឹក​ជុំវិញ​​បឹង​ទន្លេសាប​

​តំបន់​ទេសចរណ៍​​បែប​ធម្មជាតិ​មួយ​នេះ​កំពុង​តែ​ទទួល​បាន​​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​​។ ​​នៅ​ទី​នោះ​ ទេសចរណ៍​រីករាយ​នឹង​ការ​ទស្សនា​ហ្វូង​​សត្វ​ស្លាប​ ​ព្រៃ​លិច​ទឹក​ និង ​​ស្វែង​យល់​ពី​ជីវិត​​រស់​នៅ​លើ​ទឹក​របស់​ប្រជាជន​ក្នុង​តំបន់​នោះ​ផង​ដែរ​​។​

៣​. ​ប្រាសាទ​បឹង​មាលា​

​ប្រាសាទ​បឹង​មាលា​​គឺ​ជា​ប្រាសាទ​បុរាណ​មួយ​ដែល​មាន​សម្រស់​ស្អាត ប្លែក ​មាន​រចនា​បថ​​ពិសេស​ និង ​ពោរ​ពេញ​ដោយ​ធម្មជាតិ​ស្រស់​បំព្រង​​ទាក់​ទាញ​ភ្នែក​ភ្ញៀវ​ទេសចរ​​​​យ៉ាង​ខ្លាំង​។​ ហើយ​ក៏​មាន​អ្នក​ទេសចរ​ដែល​និយម​ថត​រូប​បែប​សិល្បៈ​នៅ​ប្រាសាទ​មួយ​នេះ​​​ផង​ដែរ​​។​​​

៤. ភ្នំ​គូលែន​

ភ្នំ​គូលែន​​គឺ​ជា​អតីត​រាជធានី​ខ្មែរ​សម័យ​បុរាណ​ ហើយ​ជា​ភ្នំ​មួយ​ដែល​ពោរពេញ​ទៅ​​ដោយ​ភាព​​ត្រជាក់​ត្រជំ និង​​ ​អារម្មណ៍​ស្រស់​ស្រាយ​​​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល​បាន​ទៅ​ទី​នោះ​។​ ​លើស​ពី​នេះ​ទៅ​ទៀត​ ​ចម្លាក់​ក្រោម​​ទឹក​នៃ​ទឹក​​ជ្រោះ​ភ្នំ​គូលែន​​មាន​លក្ខណៈ​ថ្លា ​ត្រជាក់ ប្រៀប​​បាន​ដូចជា​ទឹក​មន្ត​សម្រាប់​ ប្រោះ​ព្រំ​អោយ​មាន​សិរីសួស្ដី​ដល់​ភ្ញៀវ​ទេសចរណ៍​គ្រប់​រូប​​ផង​ដែរ​។​

៥. ភូមិ​វប្បធម៌

​ ​ភូមិ​វប្បធម៌​គឺ​ជា​រមណីយដ្ឋាន​វប្បធម៌​មួយ​ដ៏​សំខាន់​របស់​ខេត្ត​សៀមរាប​​ ​ដែល​មាន​​ការ​ដាក់​តាំង​នូវ​ស្នាដៃ​សិល្បៈ​នានា​ ជា​ពិសេស​ទាក់​ទង​នឹង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​។​ ហើយ​អ្វី​ដែល​​ភ្ញៀវ​ទេសចរអន្តរជាតិ​មិន​អាច​បំភ្លេច​បាន​នោះ ​គឺ​​ការ​សំដែង​សិល្បៈ​នានា​​នៅ​ទី​នោះ​ ​ដែល​​ប្រកប​ដោយ​ភាព​ប៉ិន​ប្រសប់​ និងបង្ហាញ​អំពី​វប្បធម៌​ខ្មែរ​ដ៏​ល្អ​ផូរផង់​ផង​ដែរ​។​

ក្រៅ​ពី​​​គោល​ដៅ​ទេសចរណ៍​ទាំង​៥​ខាង​លើ​ លោក​លី​ សែ​បាន​បញ្ជាក់​ថា​ពេល​រាត្រី​​ ទេសចរ​ភាគ​ច្រើន​បាន​ចំណាយ​ពេល​ដើរ​លេង​នៅ​ក្នុង​ក្រុង​សៀមរាប​វិញ​ម្ដង​ ​ដូចជា​​ទស្សនា​ និង ទិញ​ទំនិញ​នៅ​ផ្សារ​រាត្រី​ ការ​ញ៉ាំ​អាហារ​ប៊ូហ្វេ​ក្នុង​តម្លៃ​ត្រឹម​តែ​៥ ទៅ ៧ដុល្លារ ស្ដាប់​ភ្លេង និង ក្រេប​ស្រា​នៅ​ Pub Street ​ជា​ដើម​៕

អត្ថបទ៖​ ចន្ថា

មតិយោបល់