• 2017-02-01 23:02:00
  • សុខភាព

រោគ​សញ្ញា​ទាំង​នេះ​បង្ហាញ​ថា​អ្នក​មាន​ជំងឺ​ថប់​បារម្ភ គួរ​ព្យាបាល​បន្ទាន់

  • 2017-02-01 23:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​ថប់​បារម្ភ (Anxiety)​ ដែល​​មាន​អារម្មណ៍​ច្រាស់ច្រាល់ អន្ទះអន្ទែង ជា​ជំងឺ​ផ្លូវ​ចិត្ត​​ម្យ៉ាង​​ កើត​មាន​ញឹក​ញាប់​។ ជា​ទូទៅ​ អ្នក​ជំងឺ​​ថប់បារម្ភ​ រមែង​គិត​ និង​ព្រួយ​បារម្ភ​​ច្រើន (ហួសហេតុ) អំពី​បញ្ហា​នានា​ក្នុង​​ជីវិត ដូច​ជា​គិត​ពី​បញ្ហា​ការងារ​ បញ្ហា​មុខ​របរ​ ពី​អនាគត​កូន​ចៅ​ បញ្ហា​គ្រួសារ​ និង​ជា​ពិសេស​ពី​បញ្ហា​ខ្វះ​ខាត​​ក្នុង​ជីវភាព​រស់​នៅ​...។

ជា​ការ​ណែ​នាំ​ដោយ​អ្នក​ជំនាញ នៃ​អង្គការ​​ចិត្ត​សង្គម អន្តរ​វប្បធម៌​​ នៃ​កម្មវិធី​​សុខភាព​ផ្លូវ​ចិត្ត​ បាន​បង្ហាញ​ពី​​រោគ​សញ្ញា​របស់​ជំងឺ​​ថប់​បារម្ភ ក៏​ដូច​ជា​​ដំណោះ​ស្រាយ​ដូច​ខាង​​ក្រោម​៖

រោគ​សញ្ញា​ថប់​បារម្ភ

អ្នក​ជំងឺ​ថប់​បារម្ភ​ ច្រើន​មាន​អាការៈ​​លើ​ផ្លូវ​ចិត្ត​ និង​​លើ​រាង​កាយ​មួយ​ចំនួន​៖

១. អាការៈ​​លើ​ចិត្ត​៖

  • ភ័យ​ខ្លាច​ គិត​ព្រួយ​ គិត​ច្រើន​

  • រសាប់រសល់​ ទាល់​គំនិត

  • វិល​មុខ មាន​អារម្មណ៍​ញាប់​ញ័រ​

  • ងាយ​ភ្ញាក់​ផ្អើល​​ និង​គេង​មិន​លក់​​ដូច​ធម្មតា

​​​​២. អាការៈ​លើ​រាង​កាយ​​​​​

  • ​​​​បែក​ញើស​ខុស​ធម្មតា

  • ត្រជាក់​ដៃ-ជើង

  • ដង្ហើម​ផុត​ៗ ស្ងួត​មាត់​

  • នោម​ញឹក ឬ​រាក​រូស​

  • ញ័រ​ដើម​ទ្រូង​​ ឬ​តឹង​ទ្រូង​ ពិបាក​ដក​ដង្ហើម​

លក្ខណៈ​​ទាំង​នេះ​ អាច​ធ្វើ​ឲ្យ​មនុស្ស​​ភាគ​ច្រើន​គិត​ថា​ខ្លួន​​មាន​ជំងឺ​ខ្សោយ​បេះ​ដូង​។

ដំណោះ​ស្រាយ​៖

គេ​អាច​ជួយ​អ្នក​មាន​ជំងឺ​ថប់​បារម្ភ​បាន តាម​រយៈ​វិធី​មួយ​ចំនួន​ដូច​ជា​៖

១. លំហាត់​សម្រាក​​ចិត្ត​ កាយ​៖

ធ្វើ​លំហាត់​សម្រាក​ចិត្ត​ កាយ​ ដូច​​​ជា​លំហាត់​ដក​ដង្ហើម​ (ចុច​អាន៖ វិធី​ធ្វើ​លំហាត់​​សម្រាក​ចិត្ត​ កាយ)

២. ពិភាក្សា​​យោបល់​ជា​មួយ​ អ្នក​ជឿ​ទុក​ចិត្ត​

អ្នក​កើត​មាន​ជំងឺ​ថប់​បារម្ភ​ អាច​ទទួល​បាន​ការ​ធូរ​ស្បើយ​ តាម​​រយៈ​ការ​និយាយ​​ពិគ្រោះ​បញ្ហា​របស់​ខ្លួន​ ជា​មួយ​មនុស្ស​​ដែល​ខ្លួន​ជឿ​ទុក​ចិត្ត​ ឬ​ទទួល​បាន​ការ​ណែនាំ ឬ​ឱវាទ​ល្អ​ៗ​ពី​សំណាក់​ចាស់​ព្រឹទ្ធាចារ្យ​ និង​ជា​ពិសេស​​ពី​សំណាក់​ អ្នក​ឯកទេស​​ផ្ដល់​ប្រឹក្សា​តាម​បែប​ចិត្ត​សាស្ត្រ​។

៣. ធ្វើ​តាម​វិធី​​បែប​ប្រពៃណី បុរាណ

វិធី​ប្រពៃណី​បុរាណ​ ដូច​ជា​ការ​សែន​ព្រេន​ បន់​ស្រន់​ ពិធី​និមន្ត​​ព្រះសង្ឃ​​ ស្រោច​ទឹក​​មន្ត​រំដោះ​គ្រោះ​ ។ល។ អាច​ជួយ​ឲ្យ​អ្នក​ជំងឺ​ថប់​បារម្ភ​ធូរ​ស្បើយ​បាន​។

៤. វិធី​ព្យាបាល​​ដោយ​គ្រូ​ពេទ្យ

ចំពោះ​ករណី​ដែល​អ្នក​ជំងឺ​មាន​អាការៈ​ភ័យ​ខ្លាច​ និង​ព្រួយ​បារម្ភ​ខ្លាំង​ ចាំ​បាច់​ត្រូវ​តែ​នាំ​អ្នក​ជំងឺ​ទៅ​ពិគ្រោះ​ និង​ទទួល​ការ​ពិនិត្យ​​ព្យាបាល​​ពី​គ្រូ​ពេទ្យ​ឯកទេស​ផ្លូវ​ចិត្ត​។

គ្រូ​ពេទ្យ​អាច​ផ្ដល់​ឱសថ​ ដើម្បី​ព្យាបាល​អ្នក​ជំងឺ​​ឲ្យ​​បាន​ធូរ​ស្បើយ​ពី​អាការៈ​នៃ​ជំងឺ​ថប់​បារម្ភ​នេះ​៕ ​​​​​​

អត្ថបទ៖ មាន រតនា

មតិយោបល់